រាជធានីភ្នំពេញ ÷ បុរសជនជាតិចិន ឈ្មោះ ហ្វុយ ជុងហួ (FU ZHONG HUA អាយុ៣៨ឆ្នាំ ដែលកំពុងរត់គេចខ្លួនក្នុងបទល្មើសចរាចរណ៍បើករថយន្តម៉ាក ឡាំបួហ្គីនី (LAMBORGHINI) លឿនសាហាវ បុកមនុស្សស្លាប់ប៉ើងជិត ៦០ម៉ែត្រដ៏គយរឱ្យរន្ធត់ មកដល់ថ្ងៃនេះ ត្រូវបានអ្នកនាំពាក្យ នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចេញសេចក្ដីប្រកាសព័ត៌មាន ចុះថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ សម្រេចចោទប្រកាន់ជាផ្លូវការ តាមមាត្រា ៨៥ កថាខណ្ឌទី២ ចំណុច.ខ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងពីបទរត់គេចខ្លួន តាមមាត្រា ៥៤៣ នៃក្រមព្រហ្មទណ្ឌ ប្រឈមនឹងការជាប់ពន្ធនាគារយ៉ាងហោចណាស់ ៣ឆ្នាំ និងបង់ប្រាក់ពិន័យចូលរដ្ឋពី ៤លានរៀល ទៅ ១៥លានរៀល និងប្រាក់សំណងជំងឺចិត្តដល់ជនរងគ្រោះជាច្រើនទៀត ទៅតាមការពិនិត្យសម្រេចរបស់តុលាការ។

បើតាមខ្លឹមសារ នៃសេចក្ដីប្រកាសព័ត៌មាន របស់អ្នកនាំពាក្យ នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចុះថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ បានឱ្យដឹងថា បន្ទាប់ពីបានធ្វើការស៊ើបអង្កេតស្រាវជ្រាវ និងពិនិត្យភស្ដុតាងក្នុងសំណុំរឿងបុកមនុស្សស្លាប់រត់គេចខ្លួនខាងលើនេះ មានលក្ខណៈគ្រប់ គ្រាន់ តំណាងអយ្យការបានសម្រេចចោទប្រកាន់លើជនសង្ស័យឈ្មោះ ហ្វុយ ជុងហួ (FU ZHONG HUA) ភេទប្រុស អាយុ៣៨ឆ្នាំ ( ឬ កើតថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៨៦) ជនជាតិចិន ពីបទបង្កគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យមនុស្សស្លាប់ (បើកបរក្នុងល្បឿនលឿន និងស្ថិតក្នុងស្ថានភាពស្រវឹង ដោយមានអត្រាជាតិអាល់កុល ០.៨៦មីល្លីក្រាមក្នុង១លីត្រខ្យល់ ( ០.៨៦mg/L ) ប្រព្រឹត្តនៅចំណុចមុខក្រុមហ៊ុន SDB លើមហាវិថីសហព័ន្ធរុស្ស៊ី ស្ថិតក្នុងសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤។
ការចោទប្រកាន់នេះធ្វើតាមបញ្ញត្តិ ដែលមានឲ្យផ្ដន្ទាទោស តាមមាត្រា៨៥ កថាខណ្ឌទី២ ចំណុច.ខ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងពីបទរត់គេចខ្លួន ដែលមានបញ្ញត្តិឱ្យ ផ្ដន្ទាទោស តាមមាត្រា ៥៤៣ នៃក្រមព្រហ្មទណ្ឌ ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ រួចបញ្ជូនជនសង្ស័យ និងសំណុំរឿងទៅសាលា ដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី។

សូមបញ្ជាក់ថា កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង១២៖៤៤នាទី រំលង អធ្រាត្រ, ឈ្មោះ ហ្វុយ ជុងហួ (FU ZHONG HUA) ភេទប្រុស ជនជាតិចិន បានបើករថយន្តមួយគ្រឿងម៉ាក ឡាំបួហ្គីនី (LAM BORGHINI) ពណ៌ទឹកក្រូច ពាក់ផ្លាកលេខ កម្ពុជា F.R.999 ផលិតឆ្នាំ២០២២ តាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ទិសដៅពីកើតទៅលិច ក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន ខ្ជីខ្ជា និងស្ថិតក្នុងស្ថានភាពស្រវឹង មានជាតិអាល់កុល ០.៨៦មីល្លីក្រាមក្នុង១លីត្រខ្យល់, លុះមកដល់ចំណុចកើតហេតុ បានបុកពីក្រោយអ្នកបើកម៉ូតូម្នាក់ ភេទប្រុស ដែលធ្វើដំណើរស្របទិសគ្នា បណ្តាលឱ្យអ្នកជិះម៉ូតូ ស្លាប់នៅនឹងកន្លែង ហើយអ្នកបើកបររថយន្តបានបន្តបើករត់គេចខ្លួនចេញពីកន្លែងកើតហេតុ ជាមួយអ្នករួមដំណើរចំនួន ២នាក់ទៀត ជាជនជាតិចិនដូចគ្នា។
បើតាមប្រភពព័ត៌មានទាក់ទងទៅនឹងការស្លាប់ជនរងគ្រោះ និងជនបង្កវិញ ថា ដំបូង មានខ្សែរយៈរបស់បុរសអ្នកបើកបរ ឈ្មោះ ហ្វុយ ជុងហួ (FU ZHONG HUA) នេះ បានរត់ការដើម្បីបញ្ចប់រឿងស្ងាត់ៗដែលមានសមត្ថកិច្ចសម្របសម្រួល ប៉ុន្តែទៅមិនរួច ដោយសារតែ ក្នុងគ្រាយប់កើតហេតុនោះ មានអ្នកកាសែតបានផ្សាយអំពីហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ ច្រើនអង្គភាពរួចទៅហើយ និងព្រឹកឡើងមានការផ្សាយអាប់ដេតព័ត៌មាននេះជាបន្តបន្ទាប់ទៀត ម៉្លោះហើយបិទរឿងមិនជិត ចំណែកសមត្ថកិច្ចក៏មិនហ៊ានធ្វើការដោះស្រាយស្ងាត់ៗទៀតនោះ ទើបករណីគ្រោះថ្នាក់ចរាចរណ៍បុកស្លាប់នេះ ឈានមកដល់ចំណាត់ការរបស់តុលាការ៕ រក្សាសិទ្ធដោយ ៖ ពិសិដ្ឋ CEN











