ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឧបការីរដ្ឋមន្រ្តីការបរទេស សហរដ្ឋអាមេរិក បង្ហាញពីគោលជំហរក្នុងការបន្តធ្វើការឱ្យកាន់តែជិតស្និត ជាមួយប្រទេសកម្ពុជា ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀត

ភ្នំពេញ៖ នារសៀលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម Daniel J. Kritenbrink ឧបការីរដ្ឋមន្រ្តីការបរទេស សហរដ្ឋអាមេរិក ទទួលបន្ទុកកិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក និងគណៈប្រតិភូ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។

ជាកិច្ចចាប់ផ្តើម សម្តេចធិបតី បានស្វាគមន៍ចំពោះ ឯកឧត្តម Daniel J. Kritenbrink និងគណៈប្រតិភូ ដែលបានមកបំពេញទស្សនកិច្ច នៅព្រះរាជាណាចក្រកម្ពុជា និងបានកត់សម្គាល់អំពីវឌ្ឍនភាពនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ទាំងក្នុងក្របខ័ណ្ឌទ្វេភាគីនិងពហុភាគី។

ក្នុងឱកាសនៃជំនួបនេះ ឯកឧត្តមឧបការីរដ្ឋមន្រ្តីការបរទេស បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចធិបតី ដែលបានចំណាយពេលដ៏មមាញឹកអនុញ្ញាតឱ្យឯកឧត្តម និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ព្រមទាំងបានអបអរសាទរជូនចំពោះ សម្ដេចធិបតី ដែលត្រូវបានជ្រើសតាំងជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា។ ទន្ទឹមនឹងនេះ ឯកឧត្តមឧបការីរដ្ឋមន្រ្តីការបរទេស បានរំលឹកអំពីជំនួបជាមួយ សម្តេចធិបតីនាឱកាសសម្ដេចធិបតី ជួបពិភាក្សាការងារជាមួយលោកជំទាវ វ៉ិចតូរីយ៉ា នូលែន (Victoria Nuland) នៅទីក្រុងញូវយ៉ក កាលពីខែកញ្ញា ឆ្នាំ២០២៣ផងដែរ។ ឯកឧត្តម Daniel J. Kristenbrink ក៍បានបង្ហាញពីគោលជំហរបស់សហរដ្ឋអាមេរិកក្នុងការបន្តធ្វើការឱ្យកាន់តែជិតស្និត ជាមួយប្រទេសកម្ពុជា ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀត ជាពិសេសក្នុងអំឡុងពេលដែលកម្ពុជានឹងក្លាយជាប្រទេសសម្របសម្រួលសម្រាប់ទំនាក់ទំនងសន្ទនារវាងអាស៊ាននិងសហរដ្ឋអាមេរិក (ពីខែកក្កដា ឆ្នាំ២០២៤ ដល់ខែកក្កដា ឆ្នាំ២០២៧)។ ឯកឧត្តម Daniel J. Kristenbrink ក៏បានវាយតម្លៃខ្ពស់ចំពោះជំហររបស់រាជរដ្ឋាភិបាលកម្ពុជា ចំពោះកិច្ចការតំបន់ និងអន្តរជាតិផងដែរ រួមទាំងជោគជ័យរបស់កម្ពុជា ក្នុងនាមជាប្រធានអាស៊ាន ក្នុងឆ្នាំ២០២២ កន្លងទៅ។

ក្នុងជំនួបនេះ សម្តេចធិបតី និងឯកឧត្តម Daniel J. Kritenbrink បានពិភាក្សាអំពីការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យបន្ថែមទៀត លើវិស័យដែលផ្តល់ប្រយោជន៍ទៅវិញទៅមក រួមមានវិស័យពាណិជ្ជកម្ម វិនិយោគ ទំនាក់ទំនងប្រជាជននិងប្រជាជន ព្រមទាំងវិស័យការពារជាតិនិងសន្តិសុខ ជាដើម។រក្សាសិទ្ធដោយ ៖ សុទ្ធលី

ចូលមើលព័ត៌មានថ្មីៗបន្ថែម