ភ្នំពេញ ៖ ក្នុងនាមកម្ពុជាជាប្រធាននៃកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ នៃអនុសញ្ញាអូតាវ៉ា ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ អាជ្ញាធរមីន និងជាប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាជ្ញាធរមីន អញ្ជើញដឹកនាំគណៈប្រតិភូអាជ្ញាធរមីនបំពេញបេសកកម្មនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ចាប់ពីថ្ងៃទី២៧ ខែកុម្ភៈ ដល់ថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៤ ដើម្បីចូលរួមដឹកនាំសន្និសីទកៀរគរធនធានប្រចាំឆ្នាំនៃអនុសញ្ញាអូតាវ៉ា និងកិច្ចប្រជុំត្រៀមរៀបចំកិច្ចប្រជុំកំពូលសៀមរាប-អង្គរស្តីពីពិភពលោកមួយដែលគ្មានមីន។

ក្រៅពីដឹកនាំសន្និសីទ និងកិច្ចប្រជុំដែលជាកាតព្វកិច្ចរបស់ប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត លី ធុជ នឹងចូលរួមដឹកនាំកិច្ចប្រជុំសំខាន់ៗមួយចំនួនផ្សេងទៀតរួមមាន កិច្ចប្រជុំគណៈកម្មការជំរុញអនុលោមភាពកិច្ចសហប្រតិបត្តិការ កិច្ចប្រជុំគណៈកម្មការសម្របសម្រួល និងកិច្ចប្រជុំក្រុមការងារសម្របសម្រួលកិច្ចការសាកលភាវូបនីយកម្ម។
បន្ថែមលើនេះ ឯកឧត្តមទេសរដ្ឋមន្រ្តី នឹងជួបពិភាក្សាការងារជាមួយឯកអគ្គរាជទូត/រដ្ឋទូតនានានៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ដើម្បីស្វែងរកការគាំទ្រដល់កម្ពុជាជាប្រធាន និងម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលសៀមរាប-អង្គរ និងជួបពិភាក្សាការងារជាមួយឯកអគ្គរាជទូត/រដ្ឋទូតនានា ដែលមិនទាន់ចូលជាសមាជិកអនុសញ្ញាអូតាវ៉ា ដើម្បីកៀរគរ និងជំរុញឱ្យប្រទេសទាំនោះចូលរួមរដ្ឋភាគីអនុសញ្ញា៕ រក្សាសិទ្ធដោយ ៖សុទ្ធលី

