Friday, July 18, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជឿជាក់យ៉ាងមុតមាំថា វិស័យឯកជនកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម នឹងរួមគ្នាច្បាមយកប្រយោជន៍ជាអតិបរមា ពីកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ

រាជធានីអាប៊ុយដាប៊ី ៖ កាលពីរសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម សួន សុផល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា បានចូលរួមជាវាគ្មិនក្នុងវេទិកាធុរកិច្ច និងវិនិយោគកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម នៅអគារសភាពាណិជ្ជកម្មអាប៊ុយដាប៊ី ដែលបានប្រព្រឹត្តទៅក្រោមអធិបតីភាព លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និង ឯកឧត្តម Ahmed bin Ali Al Sayegh រដ្ឋមន្ត្រីថ្នាក់រដ្ឋនៃប្រទេសអេមីរ៉ាតអារ៉ាប់រួម (Minister of State) ។ វេទិកានេះត្រូវបានរៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយ និងបញ្ជ្រាបការឈ្វេងយល់ពីសក្តានុពលធុរកិច្ច និងវិនិយោគនៃព្រះរាជាណាចក្រកម្ពុជាទៅកាន់ធុរជន និងវិនិយោគិនដែលមានមូលដ្ឋាននៅប្រទេសអេមីរ៉ាតអារ៉ាប់រួម។

មានមតិក្នុងបទបង្ហាញ ឯកឧត្តមបានថ្លែងអំណរគុណជូនចំពោះភាគីពាក់ព័ន្ធ ដែលបានសហការរៀបចំវេទិកាដ៏មានតម្លៃ ក្នុងខណៈពេលដែលគណៈប្រតិភូកម្ពុជា អញ្ជើញចូលរួមសន្និសីទថ្នាក់រដ្ឋមន្ត្រីនៃអង្គការពាណិជ្ជកម្មពិភពលោកលើកទី ១៣ ដែលអាចជួយបង្កលក្ខណៈសម្រាប់ជំរុញ និងទាក់ទាញសកម្មភាពវិនិយោគ និងពាណិជ្ជកម្មសំដៅច្បាមយកប្រយោជន៍ជាអតិបរមា ពីកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងព្រះរាជាណាចក្រកម្ពុជា និងប្រទេសអេមីរ៉ាតអារ៉ាប់រួម។

បន្ថែមពីនេះ ឯកឧត្តមក៏បានពិពណ៌នាជូនធុរជន និងវិនិយោគិនដែលមានវត្តមាននាឱកាសនេះអំពីសក្តានុពល និងឧត្តមភាពប្រៀបធៀបរបស់កម្ពុជា ក៏ដូចជាព័ត៌មានចាំបាច់នានាទាក់ទិននឹងកិច្ចសម្រួលវិនិយោគ, កញ្ចប់លើកទឹកចិត្តសម្រាប់គម្រោងវិនិយោគមានលក្ខណសម្បត្តិគ្រប់គ្រាន់, និងសេវាថែទាំវិនិយោគ ដើម្បីជាពុទ្ធិសម្រាប់ជំនួយស្មារតីជូនទៅដល់សមាសភាពចូលរួម ក្នុងការគិតគូរពិចារណាអញ្ជើញមកធ្វើការសិក្សាសមិទ្ធិលទ្ធភាព និងបណ្តាក់ទុនវិនិយោគនៅកម្ពុជាក្រោមរូបភាពវិនិយោគដោយផ្ទាល់ ឬជាភាគហ៊ុនិកជាមួយដៃគូ។

គួរបញ្ជាក់ជូនផងដែរថា កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងព្រះរាជាណាចក្រកម្ពុជា និងប្រទេសអេមីរ៉ាតអារ៉ាប់រួមបានចូលជាធរមានកាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤៕ រក្សាសិទ្ធដោយ ៖សុទ្ធលី

×