ភ្នំពេញ ៖ ការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ កំណើនប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍នៅរាជធានីភ្នំពេញ បណ្ដាល ឱ្យមានការកើនឡើងនូវតម្រូវការប្រើប្រាស់ និងការបញ្ចេញសំណល់នានា រួមទាំងសំណល់ភក់ពីអាងសិបទិក ផងដែរ។ កន្លងមក រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្ដីណែនាំលេខ ០១៤/២៣ សណន.ស ចុះថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣ ស្តីពីការគ្រប់គ្រងលើការផ្តល់សេវាកម្មបូម ប្រមូល ដឹកជញ្ជូន និងបញ្ចេញចោល សំណល់ ភក់បង្គន់ពីអាងស្តុកលាមកនៅរាជធានីភ្នំពេញ ឱ្យស្របតាមលិខិតបទដ្ឋានគតិយុត្ត និងលក្ខណៈបច្ចេកទេស។ ប៉ុន្តែដោយសារតែមានការកើនឡើងយ៉ាងឆាប់រហ័សនូវសំណល់ភក់ពីអាងសិបទិក និងការធ្វើអាជីវកម្មបូមស្តារ ដឹកជញ្ជូន និងចាក់ចោលសំណល់ភក់ពីអាងសិបទិក តម្រូវឱ្យ រដ្ឋបាលរាជធានីភ្នំពេញ ត្រូវចាត់វិធានការ និង យន្តការគ្រប់គ្រងអាជីវកម្មបូមស្តារ ដឹកជញ្ជូន និងចាក់ចោលសំណល់ភក់ពីអាងស៊ុបទិកនេះបន្ថែមទៀត ដើម្បី លើកកម្ពស់សុខុមាលភាពសាធារណៈ អនាម័យបរិស្ថានស្អាត សោភ័ណភាពល្អ សណ្ដាប់ធ្នាប់ល្អ បរិយាកាស បរិសុទ្ធ គ្មានការបំពុល និងជាទីក្រុងបៃតង។
ស្របតាមគោលបំណងនេះ ដើម្បីធ្វើឱ្យប្រសើរឡើងនូវការគ្រប់គ្រងការធ្វើអាជីវកម្មបូមស្តារដឹកជញ្ជូន និង ចាក់ចោលសំណល់ភក់ពីអាងសិបទិកឱ្យមានប្រសិទ្ធភាពស្របតាមបទប្បញ្ញត្តិច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ជាធរមាន រដ្ឋបាលរាជធានីភ្នំពេញ សូមធ្វើការណែនាំដល់គ្រប់ភាគី និងអង្គភាពពាក់ព័ន្ធ ដូចខាងក្រោម៖
I. ប្រតិបត្តិករធ្វើអាជីវកម្មបូមស្តារ ដឹកជញ្ជូន និងចាក់ចោលសំណល់ភក់ពីអាងសិបទិក នៅភូមិសាស្ដ្ររាជធានីភ្នំពេញ
១. រូបវន្តបុគ្គល ឬនីតិបុគ្គល ដែលមានបំណងធ្វើអាជីវកម្មបូមស្តារ ដឹកជញ្ជូន និងចាក់ចោលសំណល់ភក់ ពីអាងសិបទិកនៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ត្រូវដាក់ពាក្យស្នើសុំអាជ្ញាបណ្ណ បូមស្តារសំណល់ភក់ ពីអាងសិបទឹកនៅរដ្ឋបាលរាជធានីភ្នំពេញ ដោយភ្ជាប់មកជាមួយនូវសំណុំឯកសារដូចខាងក្រោម៖ ឈ្មោះរូបវន្តបុគ្គល ឬនីតិបុគ្គល លេខទូរស័ព្ទទំនាក់ទំនង និងអាសយដ្ឋាន អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬលិខិតឆ្លងដែនរបស់ម្ចាស់សំណើ (ថតចម្លង) វិញ្ញាបនបត្របញ្ជាក់ការចុះបញ្ជីក្រុមហ៊ុន និងបណ្ណប៉ាតង់ (ករណីនីតិបុគ្គលថតចម្លង) ឈ្មោះ លេខទំនាក់ទំនង អាសយដ្ឋាន និងមុខតំណែងរបស់និយោជិត (ប្រសិនបើមាន) ដោយ ភ្ជាប់ជាមួយប័ណ្ណបើកបរដែលមានសុពលភាព។
បញ្ជី និងប្រភេទរថយន្តបូមស្តារសំណល់ភក់ពីអាងសិបទិក
ប័ណ្ណសម្គាល់យានយន្តដែលចេញដោយមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ឬ អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក នៃក្រសួងសាធារណការ និងដឹកជញ្ជូន សម្រាប់រថយន្តធ្វើ អាជីវកម្ម បូមស្តារ ដឹកជញ្ជូន និងចាក់ចោលសំណល់ភក់ពីអាងសិបទិក វិញ្ញាបនបត្របញ្ជាក់ការត្រួតពិនិត្យបច្ចេកទេសយានយន្ត (ឆៀក)
បញ្ជីសម្ភារបរិក្ខាររួមមាន ឧបករណ៍សុវត្ថិភាព និងឧបករណ៍ការពារ ដែលត្រូវមានសម្រាប់រថយន្ត ធ្វើអាជីវកម្មបូមស្តារ ដឹកជញ្ជូន និងចាក់ចោលសំណល់ភក់ពីអាងសិបទិក (ដូចភ្ជាប់ក្នុងឧបសម្ព័ន្ធ) រូបថតម្ចាស់សំណើ
២. អាជ្ញាបណ្ណបូមស្តារសំណល់ភក់ពីអាងសិបទិក ត្រូវបានផ្តល់ជូនដោយមិនយកកម្រៃ ហើយត្រូវមាន សុពលភាពរយៈពេល០១ឆ្នាំ និងអាចស្នើសុំបន្តជាថ្មីបានដោយត្រូវដាក់ពាក្យស្នើសុំបន្តសុពលភាព ក្នុងកំឡុងពេល៣០ថ្ងៃមុនពេលផុតសុពលភាពនៃអាជ្ញាបណ្ណ។ អាជ្ញាបណ្ណនេះ ត្រូវបានផ្តល់ជូន ដោយឡែកៗសម្រាប់រថយន្តផ្តល់សេវាកម្មបូមសំណល់ភក់បង្គន់នីមួយៗ និងមិនអាចផ្ទេរពីរថយន្តមួយទៅរថយន្តមួយទៀតឡើយ។
៣. ប្រតិបត្តិករបូមស្តារសំណល់ភក់ពីអាងសិបទិក អាចស្នើសុំបន្តអាជ្ញាបណ្ណជាថ្មីសម្រាប់រថយន្តបូម
សំណល់ភក់ពីអាងសិបទិករបស់ខ្លួនបានដរាបណារថយន្តបូមសំណល់ភក់ពីអាងសិបទិកនោះ បាន ចូលចាក់សំណល់រថយន្តបូមសំណល់ភក់ពីអាងសិបទិកនៅស្ថានីយប្រព្រឹត្តកម្មសំណល់ភក់បង្គន់ទៅ តាមការកំណត់របស់រដ្ឋបាលរាជធានីភ្នំពេញ ដោយយ៉ាងតិច ០៦ដងក្នុងមួយខែ ឬ៧២ដងក្នុងមួយឆ្នាំ សម្រាប់រថយន្តនីមួយៗ។
៤. ក្រោយពីទទួលបានអាជ្ញាបណ្ណបូមស្តារសំណល់ភក់ពីអាងសិបទិក ប្រតិបត្តិករមានសិទ្ធិធ្វើអាជីវកម្ម បូមស្តារ ដឹកជញ្ជូន និងចាក់ចោលសំណល់ភក់ពីអាងសិបទិកនៅស្ថានីយប្រព្រឹត្តកម្មសំណល់ភក់បង្គន់ ដែលមានទីតាំងស្ថិតនៅសង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ និងទីតាំងផ្សេងទៀត ដែលកំណត់ដោយរដ្ឋបាលរាជធានីភ្នំពេញ។
៥. ប្រតិបត្តិករបូមស្តារសំណល់ភក់ពីអាងសិបទិក ត្រូវអនុវត្តកាតព្វកិច្ចដូចជា៖
សរសេរនាមករណ៍ក្រុមហ៊ុន ឬសេវាកម្ម (សម្រាប់រូបវន្តបុគ្គល) ជាមួយនិមិត្តសញ្ញា លេខទំនាក់ ទំនង និងពាក្យ “អាជីវកម្មបូមស្តារសំណល់ភក់ពីអាងសិបទិក- ជាភាសាខ្មែរ នៅលើធុងដែលអាច មើលឃើញពីចម្ងាយដើម្បីសម្គាល់ និងជូនព័ត៌មានជាសាធារណៈ អំពីការធ្វើអាជីវកម្មបូមស្តារ ដឹកជញ្ជូន និងចាក់ចោលសំណល់ភក់ពីអាងសិបទិក។
ត្រូវអនុវត្តវិធានការធានាបទដ្ឋានបច្ចេកទេស សុវត្ថិភាព និងអនាម័យ ដូចខាងក្រោម៖ ហាមការប្រើប្រាស់រថយន្តបូមស្តារសំណល់ភក់ពីអាងសិបទិកទៅដឹកជញ្ជូនអ្វីផ្សេងក្រៅពីសំណល់ភក់ពីអាងសិបទិកជាដាច់ខាត។
ត្រូវធានាគុណភាព និងត្រួតពិនិត្យលើឧបករណ៍សម្ភារប្រើប្រាស់ ក្នុងការធ្វើអាជីវកម្ម បូមស្តារ ដឹកជញ្ជូន និងចាក់ចោលសំណល់ភក់ពីអាងសិបទិក ជាពិសេស ការតភ្ជាប់ពី សន្ទះធុងទៅបំពង់បូម (ទុយោ) និងពីបំពង់បូម ទៅបំពង់បូមមួយទៀត ដើម្បីចៀសវាង ការលេចធ្លាយឬហូរសំណល់ភក់ពីអាងសិបទិកក្នុងពេលប្រតិបត្តិការ៕ រក្សាសិទ្ធដោយ៖សុទ្ធលី














