ភ្នំពេញ ៖ បុរសម្នាក់បានបើករថយន្តមួយគ្រឿង ម៉ាកសឺដែសឆ្លងផ្លូវបំបែកជាបួន មិនបានប្រយ័ត្នក៏ជ្រុលទៅបុកហើយកិនម៉ូតូជិះឆ្លងផ្លូវ ជាប់ក្រោមរថយន្តអូសទៅមុខជាច្រើនម៉ែត្រ បណ្តាលឲ្យបុរស២នាក់ រងរបួសធ្ងន់ ស្រាល។ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១១និង៣០នាទីយប់ថ្ងៃទី២៧ខែកុម្ភៈ ឆ្នាំ២០២៤ ចំណុចក្បែរផ្សារសូរិយ៉ាម៉ល លើផ្លូ៦៧កែងផ្លូវ១៤២ ក្នុងសង្កាត់ផ្សារថ្មីទី២ ខណ្ឌដូនពេញ។

ប្រភពពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុគេឃើញ បុរសរងគ្រោះ២នាក់ ជិះម៉ូតូម៉ាកហុងដាឌ្រីមសង់ពណ៌ខ្មៅមួយគ្រឿង ពាក់ផ្លាកលេខ ភ្នំពេញ 1KO-7947 ជិះឌុបគ្នាតាមបណ្តោយផ្លូវ៦៧ ក្នុងទិសដៅពីជើងមកត្បូងឆ្លងផ្លូវបំបែកជាបួនក្នុងល្បឿនលឿន ខណៈពេលជិះឆ្លងដល់ពាក់កណ្តាលផ្លូវ ស្របពេលមានរថយន្តមួយគ្រឿង មែកសឺដែសពណ៌សពាក់ផ្លាកលេខ ភ្នំពេញ 2BC-1588 បើកដោយបុរសម្នាក់តាមបណ្តោយផ្លូវ១៤២ ទិសដៅពីលិចមកកើតក្នុងល្បឿន ក៏ជ្រុលបុកកិនម៉ូតូជាប់ក្រោមរថយន្តផ្លូវបំបែកជាបួន អូសទៅមុខជាច្រើនម៉ែត្របណ្តាលឲ្យបុរស២នាក់ ម្នាក់បាក់ប្រអប់ដៃខាងស្តាំ និងម្នាក់ទៀតរងរបួសស្រាល។ ចំណែកអ្នកបើករថយន្តសមត្ថកិច្ចឃាត់បាននៅកន្លែងកើតហេតុ។
ក្រោយពីសមត្ថកិច្ចមូលដ្ឋាន ចុះទៅដល់ក៏ឲ្យភាគីទាំងសងខាងសម្រួលគ្នា ក្រោយពីសម្រួលគ្នា រួចក៏ភាគីម្ចាស់រថយន្តព្រមសំណងទៅលើម៉ូតូរងគ្រោះចំនួន៥០០ ដុល្លារ ដើម្បីបញ្ចប់រឿងនៅហ្នឹងកន្លែងកើតហេតុ៕ រក្សាសិទ្ធដោយ ៖ សា មេត






