ភ្នំពេញ ៖ រសៀលថ្ងៃទី១៨ កក្កដា ឆ្នាំ២០២៥ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានអនុញ្ញាតឱ្យឯកឧត្តម ឧត្តមសេនីយ៍ឯក ROY M GALIDO មេបញ្ជាការកងទ័ពជើងគោកហ្វីលីពីន និងគណៈប្រតិភូចូលជួបសម្តែងការគួរសម នៅអគ្គបញ្ជាការដ្ឋាន។
នៅក្នុងឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានសម្តែងនូវការស្វាគមន៍ ឯកឧត្តម ឧត្តមសេនីយ៍ឯក ROY M GALIDO ដែលបានដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចនៅកម្ពុជាជាថ្មី ដោយឯកឧត្តមបញ្ជាក់ថា នេះពិតជាមោទនភាពចំពោះទំនាក់ទំនងដ៏ជិតស្និទ្ធ និងភាពរីកចម្រើននៃទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងកងទ័ពប្រទេសទាំងពីរ កម្ពុជា-ហ្វីលីពីន។
ក្នុងនាមក្រសួងការពារជាតិ និងអគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានវាយតម្លៃខ្ពស់ ចំពោះលទ្ធផលជាផ្លែផ្កានៃកិច្ចសហប្រតិបត្តិការរវាងកងទ័ពប្រទេសទាំងពីរកន្លងមក ជាពិសេសភាពរីកចម្រើននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងគោក នៃប្រទេសទាំងពីរ។
ឯកឧត្តម អគ្គមេបញ្ជាការ ក៏បានថ្លែងអំណរគុណកងទ័ពហ្វីលីពីន ដែលតែងបានផ្តល់ការគាំទ្រដល់កងយោធពលខេមរភូមិន្ទ លើការបណ្តុះបណ្តាលធនធានមនុស្ស ដូចជា វគ្គហ្វឹកហ្វឺនរយៈពេលវែង និងរយៈពេលខ្លី វគ្គបញ្ជាការសេនាធិការ វគ្គនាយទាហានថ្មើរជើង និងការបញ្ជូនគ្រូបង្គោលមកជួយបណ្តុះបណ្តាលលើជំនាញផ្សេងៗទៀត។
ឯកឧត្តម អគ្គមេបញ្ជាការ បានមានជំនឿថា ទៅថ្ងៃខាងមុខ កងទ័ពប្រទេសទាំងពីរនឹងបន្តពង្រីកកិច្ចសហប្រតិបត្តិការគ្នា តាមរយៈការផ្លាស់ប្តូរទស្សនកិច្ចគ្រប់កម្រិត ការបណ្តុះបណ្តាលធនធានមនុស្ស ការផ្លាស់ប្តូរព័ត៌មានចារកិច្ចទប់ស្កាត់បទល្មើសឧក្រិដ្ឋកម្មឆ្លងដែន ប្រឆាំងភេរវកម្ម ការធ្វើលំហាត់ហ្វឹកហ្វឺនរួមគ្នា កិច្ចសហប្រតិបត្តិការមនុស្សធម៌ និងសង្គ្រោះគ្រោះមហន្តរាយ។
ជាកិច្ចឆ្លើយតប ឯកឧត្តម ឧត្តមសេនីយ៍ឯក ROY M GALIDO បានថ្លែងអំណរគុណដល់ឯកឧត្តមអគ្គមេបញ្ជាការ ដែលបានអនុញ្ញាតឱ្យឯកឧត្តម និងគណៈប្រតិភូចូលជួបសម្តែងការគួរសម និងបានរាយការណ៍ជូនពីលទ្ធផលនៃទំនាក់ទំនងរវាងកងទ័ពជើងគោកប្រទេសទាំងពីរ ក្នុងការចែករំលែកបទពិសោធន៍ តាមរយៈសកម្មភាពហ្វឹកហ្វឺនរួមគ្នា។
ឯកឧត្តម មេបញ្ជាការកងទ័ពជើងគោកហ្វីលីពីន បញ្ជាក់ថា ឆ្លងកាត់សង្គ្រាមជាច្រើនដែលប្រទេសទាំងពីរធ្លាប់បានជួបកន្លងមក កម្ពុជានិងហ្វីលីពីន ត្រូវតែហ្វឹកហ្វឺនរួមគ្នាដើម្បីដកបទពិសោធន៍ ដោយការកសាងទំនាក់ទំនង និងជំនឿទុកចិត្តគ្នា ជាចំណុចសំខាន់ក្នុងការកសាងសន្តិភាព៕ រក្សាសិទ្ធដោយ៖សុទ្ធលី















