Saturday, March 1, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

យានយន្តអគ្គិសនីចុះបញ្ជីនៅកម្ពុជា កើនដល់ ១.៣៣៥គ្រឿង ត្រឹមឆ្នាំ ២០២៣

ភ្នំពេញ៖ នៅកម្ពុជាគិតត្រឹមដំណាច់ឆ្នាំ២០២៣ ការចុះបញ្ជីយានយន្តអគ្គិសនី (EV) ចំនួនសរុប ១.៣៣៥គ្រឿង និងបានសាងសង់ដាក់ឱ្យប្រើប្រាស់ស្ថានីយសាកថ្មយានយន្តនេះ មានចំនួន ១៨ទីតាំង នៅទូទាំងប្រទេស។

ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ ២០២៣ និងលើកទិសដៅឆ្នាំ ២០២៤ ក្រោមប្រធានបទ «ពង្រឹងការអភិវឌ្ឍធនធានមនុស្ស គុណភាពសំណង់ហេដ្ឋារចនាសម្ព័ន្ធ ការរៀបចំច្បាប់-បទដ្ឋានគតិយុត្ត ការផ្តល់សេវា និងការប្រើប្រាស់បច្ចេកវិទ្យា និងឌីជីថល » នាទីស្ដីការក្រសួង នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ បានបញ្ជាក់ថា ក្នុងឆ្នាំ ២០២៣ ក្រសួងសាធារណការ និងដឹកជញ្ជូន បានចុះបញ្ជីយានយន្តដើរដោយថាមពលអគ្គិសនី (EV) ចំនួន ៦០៤គ្រឿង។

ឯកឧត្តម ប៉េង ពោធិ៍នា បានបន្តថា បើគិតពីឆ្នាំ១៩៩០ ដល់ត្រឹមខែធ្នូ ឆ្នាំ២០២៣ យានយន្តបានចុះបញ្ជីសរុបមានចំនួន ៧,៥៦លានគ្រឿង ក្នុងនោះមានយានយន្តអគ្គិសនី (EV) បានចុះបញ្ជីមានចំនួនសរុប ១.៣៣៥គ្រឿង។ ក្រសួងក៏បានសាងសង់ និងដាក់ឱ្យប្រើប្រាស់ស្ថានីយសាកថ្មយានយន្តដើរដោយថាមពលអគ្គិសនី (EV) មានចំនួន ១៨ទីតាំង។

ទោះបីជាតួលេខនៃការប្រើប្រាស់យានយន្តអគ្គិសនីនៅកម្ពុជា បច្ចុប្បន្ននេះ មានចំនួនតិចតួចនៅឡើយ ប៉ុន្តែនិន្នាការនៃការប្រើប្រាស់យានយន្តប្រភេទនេះកំពុងមានការកើនឡើងយ៉ាងខ្លាំង ខណៈដែលចំនួនយានយន្តអគ្គិសនី ដែលបានចុះបញ្ជីមានត្រឹមតែ ២គ្រឿងប៉ុណ្ណោះ ក្នុងឆ្នាំ២០២០ ហើយកើនឡើងដល់ ៧៣១គ្រឿង នៅឆ្នាំ ២០២២។ តួលេខនេះ បានកើនឡើង ៨២,៦២ភាគរយ បើធៀបនឹងឆ្នាំ ២០២៣ ដែលមានចំនួន ១.៣៣៥គ្រឿង។

គួរបញ្ជាក់ថា កម្ពុជា កំពុងជំរុញឱ្យប្រើប្រាស់រថយន្តអគ្គិសនីនេះឱ្យបានច្រើន ខណៈដែលរថយន្តដែលប្រើប្រាស់ដោយប្រេងឥន្ធនៈ ដែលជាមធ្យមត្រូវបង់ពន្ធ ១២០ភាគរយ ដោយឡែកសម្រាប់រថយន្តប្រើថាមពលអគ្គិសនី គឺបង់ពន្ធតែ ៦០ភាគរយប៉ុណ្ណោះ។ ដែលរដ្ឋលើកទឹកចិត្តបញ្ចុះតម្លៃ ៥០ភាគរយនៃអត្រាពន្ធ៕