Saturday, July 19, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឧបនាយករដ្ឋមន្រ្តី ស សុខា ដាក់បទបញ្ជាដល់អគ្គស្នងការដ្ឋាននគរបាលជាតិ ឱ្យបន្តតាមដានចំពោះអ្នកប្រើប្រាស់ផ្លាកលេខ ន.ប កំពុងកើនឡើងនៅតាមបណ្ដាខេត្ត ដែលមានការប្រើប្រាស់ខុសមធ្យោបាយ

ភ្នំពេញ៖ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានដាក់បទបញ្ជាឲ្យអគ្គស្នងការដ្ឋាន គរបាលជាតិ ពង្រឹងការគ្រប់គ្រង និងចាត់វិធានចំពោះការប្រើប្រាស់ផ្លាកលេខនគរបាល (ន.ប) ជាលក្ខណៈឯកជនខុសពីគោលការណ៍ច្បាប់កំណត់ និងក្នុងខណៈបច្ចុប្បន្នបញ្ហានេះ កំពុងកើនឡើងនៅតាមបណ្ដាខេត្ត ដែលមានការប្រើប្រាស់ខុសមធ្យោបាយ។

ថ្លែងនៅក្នុងសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារបន្ដរបស់ក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានមើលឃើញថា មួយរយៈពេលចុងក្រោយនេះ ការផ្លាកលេខនគរបាលទាំងរថយន្ដ និងម៉ូតូមួយចំនួនខុសពីការកំណត់ ដោយអ្នកខ្លះទៅធ្វើការងារជាឯកជនប៉ុន្ដែជិះមធ្យោបាយដែលបំពាក់លេខនគរបាល។

ឯកឧត្តមឧបនាយករដ្ឋមន្ដ្រី ស សុខា បានថ្លែងថា “ខ្ញុំសុំយកឱកាសនេះដាស់តឿន និងផ្ដាំផ្ញើដល់មន្ដ្រីក្រោមឱវាទក្រសួងមហាផ្ទៃ ពិសេសកងកម្លាំងនគរបាលដែលប្រើប្រាស់ផ្លាកលេខ នប ខុសរឿង។ នប មួយចំនួនជិះទៅធ្វើការកាស៉ីណូ ហើយកាលពីមុនជិះទៅឈប់មុខ KTV អញ្ចឹងឡានហ្នឹងមិនអាចឲ្យខ្ចីទៅលើអ្នកណាម្នាក់ទៀត សូមប្រើប្រាស់ឲ្យចំមុខ ចំជំនាញ”។

ឯកឧត្តមអភិសន្ដិបណ្ឌិត បានណែនាំឲ្យអគ្គស្នងការនគរបាលជាតិ និងស្នងការនគរបាលរាជធានី-ខេត្តទាំងអស់ មេត្តាយកចិត្តទុកដាក់ចំពោះអ្នកប្រើប្រាស់ផ្លាកលេខនបនេះ។ ក្នុងករណីចាំបាច់បើប្រព្រឹត្តខុសច្បាប់ ហើយដកផ្លាកលេខមក ហើយឲ្យម្ចាស់ឡានទៅបង់ពន្ធតាមច្បាប់។ ឯកឧត្តមអះអាងថា ផ្លាកលេខ នប គឺបម្រើឲ្យសមត្ថកិច្ចបម្រើឲ្យអង្គភាពតែប៉ុណ្ណោះ។

ឯកឧត្តម ស សុខា បានដាស់តឿន និងផ្ដាំផ្ញើដល់មន្ត្រីក្រោមឱវាទរបស់ក្រសួងមហាផ្ទៃ ជាពិសេសកងកម្លាំងនគរបាលជាតិ កុំឱ្យអ្នកដទៃខ្ចីយានយន្តដែលពាក់ផ្លាក ន.ប យកទៅប្រើខុសពីម្ចាស់ដើម។ បើតាមរយៈការរាយការណ៍ពីស្នងការនគរបាលខេត្តព្រះសីហនុ យានយន្តពាក់ផ្លាកលេខ ន.ប មួយចំនួន គឺបានជិះទៅធ្វើការនៅកាស៊ីណូ ខណៈពីមុនមក ក៏ធ្លាប់ឃើញយានយន្តពាក់ផ្លាកលេខ ន.ប បានឈប់នៅមុខខារ៉ាអូខេ (KTV)។ ឡានមិនអាចឱ្យខ្ចីទៅលើអ្នកណាម្នាក់ទេ បុគ្គលណា គឺបុគ្គលនោះហើយ សូមប្រើប្រាស់ឱ្យចំមុខ និងចំជំនាញ ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជាដល់លោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ក៏ដូចជាស្នងការនគរបាលរាជធានី-ខេត្តទាំងអស់ មេត្តាយកចិត្តទុកដាក់ចំពោះអ្នកប្រើប្រាស់ផ្លាកលេខ ន.ប នេះ បើចាំបាច់ អ្នកណាដែលប្រព្រឹត្តខុសច្បាប់ ត្រូវតែដកផ្លាកលេខមកវិញ ហើយឱ្យអ្នកនោះទៅបង់ពន្ធដោយខ្លួន ឯង។ ជាការកត់សម្គាល់របស់លោកឧបនាយករដ្ឋមន្ត្រី ស សុខា បញ្ហានេះ ហាក់មានការកើនឡើងមួយចំនួននៅតាមបណ្ដាខេត្ត ដែលបានប្រើប្រាស់ខុសមធ្យោបាយ ហើយឯកឧត្តម ថា ការប្រើប្រាស់ផ្លាកលេខ ន.ប មិនគួរឈឺក្បាលទៀតទេ មកដល់ម៉ោងនេះ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

×