Saturday, July 19, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុគ្គលិកចាក់ប្រេងឆ្ងល់ បុរសបើកកង់បីម្នាក់ ចូលបន្ទប់ទឹកបត់ជើងយូរពេក ទៅគោះទ្វាហៅមិនតប បើកទ្វារមើលស្រាប់តែអង្គុយស្លាប់ក្នុងបន្ទប់ទឹក

ភ្នំពេញ ៖ បុរសជាអ្នករត់ម៉ូតូកង់បីម្នាក់ បានចូលទៅបត់ជើងនៅក្នុងការរ៉ាស់សាំងតេលាមួយកន្លែង អស់រយៈពេលជាងមួយម៉ោង ស្រាប់តែបុគ្គលិកចាក់ប្រេងនាំគ្នាឆ្ងល់រួចដើរទៅកៀកបន្ទប់ ហៅមិនឮគោះទ្វារមិនព្រមបើក ក៏នាំគ្នាសម្រេចធាក់ទ្វារទម្លុះចូលទៅស្រាប់តែប្រទះឃើញអង្គុយស្លាប់ក្នុងបន្ទប់ទឹក សង្ស័យជាខ្យល់គរ។ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៥:៤០នាទីល្ងាចថ្ងៃទី១ខែមិនា ឆ្នាំ២០២៤ ចំណុចនៅក្នុងការ៉ាសសាំងតេលា មួយកន្លែងក្បែរប៉ុស្តិ៍នគរបាលក្រាំងធ្នង់ នៅតាមផ្លូវបេតុង ក្នុងភូមិក្រាំងអង្ក្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

សពជនរងគ្រោះមានឈ្មោះ អ៊ូ សុវណ្ណារិទ្ធ ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរអ្នករត់ម៉ូតូកង់បី មានប្រពន្ធនិងកូនប្រុស៣នាក់ រស់នៅភូមិព្រៃមូល សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ បានបើកកង់បីមួយគ្រឿងពណ៌សពាក់ផ្លាកលេខ ភ្នំពេញ 1JQ-8810។

បើយោងតាមការបញ្ជាក់ពីបុរសជាបុគ្គលិកចាក់ប្រេងឥន្ធនៈតេលា សូមមិនបញ្ចេញឈ្មោះម្នាក់បានប្រាប់ឲ្យដឹងថា រាល់ថ្ងៃរូបគាត់តែងតែឃើញបុរសរងគ្រោះ បើកម៉ូតូកង់បីយកមកចតនៅក្បែររបងមណ្ឌលសុខភាពក្រាំងធ្នង់ ទល់មុខនឹងការ៉ាស់សាំងតេលា រង់ចាំដឹកម៉ូយជារៀងរាល់ថ្ងៃ លុះមកដល់ថ្ងៃកើតហេតុខាងលើប្រមាណជា៤និង៥០នាទីរសៀលថ្ងៃ១ ខែមិនា ស្រាប់តែបុរសរងគ្រោះបានដើរមកសុំចូលបន្ទប់ទឹក ដើម្បីបត់ជើងហើយក៏បានខ្ទាស់គន្លឹះនៅខាងក្នុង។

ក្រោយមក ដោយបុគ្គលិកចាក់ប្រេងឃើញបុរសរងគ្រោះ ចូលបន្ទប់ទឹកបត់ជើងអស់រយៈពេលជាង១ម៉ោង យូរពេកក៏នាំគ្នាដើទៅស្រែកហៅនិងគោះទ្វារមិនតប ហើយក៏ពួកគេនាំគ្នាធាក់ទម្លុះទ្វារចូលទៅ ស្រាប់តែឃើញអង្គុយបាក់កស្លាប់បាត់បង់ជីវិត ក្នុងបន្ទប់ទឹកតែម្តងពេលនោះដែរ ពួកគេក៏ស្លន់ស្លោរួចរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋាន ឲ្យចុះមកជួយអន្តរាគមន៍ ពិនិត្យទៅលើសពភ្លាមៗផងដែរ។

ក្រោយមកសមត្ថកិច្ចមូលដ្ឋាន ក៏បានរាយការណ៍ទៅជំនាញកោសល្យវិច័យរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឲ្យចុះមកពិនិត្យកោសល្យវិច័យ ទៅលើសពដោយបញ្ជាក់ថា សពស្លាប់ដោយខ្យល់គ រួចធ្វើកំណត់ហេតុប្រគល់ជូនក្រុមគ្រួសារ ចាត់ចែងយកទៅធ្វើបុណ្យតាមប្រពៃណី ៕ រក្សាសិទ្ធដោយ ៖ សាមេត

×