ព្រះសីហនុ ៖ នាថ្ងៃទី១ ខែមិនា ឆ្នាំ២០២៣ ឯកឧត្តម ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ ចូលរួមជាអធិបតី ក្នុងវគ្គបណ្តុះបណ្តាលអំពីនិន្នាការ និងតម្រូវការ ទេសចរមូស្លីមដល់ភាគីពាក់ពន្ធក្នុងវិស័យទេសចរណ៍ ក្នុងនោះក៏មានការចូលរួមពីសំណាក់ ឯកឧត្ដម ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ, គណៈអ៊ីមាំខេត្តព្រះសីហនុ, វិស័យឯកជននៃឧស្សាហកម្មទេសចរណ៍ក្នុងតំបន់ព្រះសីហនុ និងភាគីពាក់ពន្ធក្នុងវិស័យទេសចរណ៍ នៅសណ្ឋាគារ Sea Breeze ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។

នាឱកាសនោះ ឯកឧត្តម ហោ សារុន បានឱ្យដឹងថា កម្ពុជារង់ចាំទទួលនិងធ្វើបដិសណ្ឋារកិច្ចភ្ញៀវទេសចរគ្រប់ជាតិសាសន៍ទាំងអស់ មកពីជុំវិញពិភពលោក ដូចពាក្យស្លោកមួយថា “កម្ពុជាស្វាគមន៍គ្រប់ភ្ញៀវទេសចរទាំងអស់”។ ក្នុងន័យនេះ ក្រសួងទេសចរណ៍តែងតែយកចិត្តទុកដាក់ស្វែងយល់ និងបំពេញតម្រូវការផ្សេងៗគ្នាតាមប្រភពទីផ្សារទេសចរណ៍នីមួយៗ ដែលក្នុងនោះ ទេសចរណ៍មូស្លីមក៏ជាប្រភពទីផ្សារ និងជាភ្ញៀវទេសចរ ដែលក្រសួងទេសចរណ៍តែងតែគិតគូរផងដែរ។

“វគ្គបណ្តុះបណ្តាលអំពីនិន្នាការ និងតម្រូវការទេសចរណ៍មូស្លីម” ដែលប្រារព្ធធ្វើឡើងនៅពេលនេះ គឺជាសកម្មភាពមួយក្នុងចំណោមសកម្មភាពជាច្រើនទៀត ដែលក្រសួងទេសចរណ៍យកចិត្តទុកដាក់ក្នុងការបំពេញតម្រូវការ និងបង្កើនភាពទាក់ទាញនៅក្នុងចំណោមទីផ្សារទេសចរណ៍មូស្លីម ដើម្បីឆ្លើយតបទៅនឹងនិន្នាការ ក៏ដូចជាទំហំទីផ្សារទេសចរណ៍មូស្លីមដែលមានការកើនឡើងជាបន្តបន្ទាប់។
ការរៀបចំកម្មវិធីនេះឡើងក្នុងមានបំណងចង់ឲ្យវិស័យឯកជន និងភាគីពាក់ពន្ធក្នុងវិស័យទេសចរណ៍បានយល់ដឹងអំពីតម្រូវការរបស់ភ្ញៀវមូស្លីម ដើម្បីងាយស្រួលឲ្យមូលដ្ឋានអាជីវកម្មរបស់ពួកគាត់ បានរៀបចំទទួល បដិសណ្ឋារកិច្ចល្អប្រសើរ ជូនដល់ទេសចរមូស្លីម ជាពិសេសនៅខេត្តព្រះសីហនុ មានភ្ញៀវឥណ្ឌូនេស៊ី ជាច្រើន ដែលពួកគាត់មានតម្រូវការបែបមូស្លីម ។

គួរបញ្ជាក់ផងថា និន្នាការនៃការធ្វើដំណើររបស់ភ្ញៀវទេសចរមូស្លីម យោងតាមទិន្នន័យរបស់ទីភ្នាក់ងារ Global Muslim Travel Index បានបង្ហាញថា ភ្ញៀវទេសចរមូស្លីមអន្តរជាតិមានការកើនឡើងជាបន្តបន្ទាប់ ក្នុងនោះមុនវិបត្តិកូវីដ-១៩ កាលពីឆ្នាំ២០១៩ មានចំនួន១៦០លាននាក់ និងក្នុងដំណាក់កាលនៃការងើបឡើងវិញនៃវិបត្តិកូវីដ-១៩ នេះឃើញថា៖ ក្នុងឆ្នាំ២០២៣ មានចំនួន ១៤០លាននាក់និងតាមការព្យាករណ៍នឹងកើនឡើង ២៣០លាន នៅឆ្នាំ២០២៦ ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី
