ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្ដេចធិបតី ហ៊ុន ម៉ាណែត មិនមានគោលការណ៍ តបតជាមួយក្រុមប្រឆាំងនៅអូស្ត្រាលីនោះទេ ទោះបីពួកគាត់ ប្រើពាក្យអសុរោះក៏ដោយ 

 
ទីក្រុងម៉ែលប៊ន ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត អញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនសហគមន៍ខ្មែររស់នៅប្រទេស អូស្ត្រាលី និងនូវ៉ែលសេឡង់ ប្រកបដោយភាពស្និទស្នាល និងកក់ក្តៅក្រោមស្នាមញញឹមមហាគ្រួសារខ្មែរ ដែលបានមកជួបជុំគ្នា និងក្តាប់ជាប់ពីស្ថានភាព និងការវិវត្តជាក់ស្តែងនៅកម្ពុជា ព្រោះបងប្អូនយើងនៅខាងក្រៅ ពិតជានឹករលឹកភូមិដ្ឋានកំណើត និងស្រឡាញ់ប្រទេសជាតិបំផុត បើទោះបីជាកំពុងរស់នៅរាប់រយពាន់គីឡូម៉ែត្រឆ្ងាយក៏ដោយ នាទីក្រុងម៉ែលប៊ន ប្រទេសអូស្ត្រាលី ល្ងាចថ្ងៃអាទិត្យ ទី៣ មីនា ២០២៤។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចាត់ទុកការបញ្ចេញមតិរបស់ប្រជាពលរដ្ឋរស់ទាំងពីរនេះ គឺជាការបង្ហាញឲ្យឃើញច្បាស់នូវកត្តាយល់ដឹងផ្នែកប្រជាធិបតេយ្យ និងសិទ្ធិបញ្ចេញមតិ ហើយចេះគោរពគ្នាទៅវិញទៅមក។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា សិទ្ធិនៅក្នុងការបញ្ចេញមតិអត់មានអ្នកណាហាមទេ ចង់បញ្ចេញមតិគាំទ្រ មិនគាំទ្រ គឺជារឿងធម្មតា យើងអនុវត្តសិទ្ធិសេរីភាពរបស់យើង បញ្ចេញសិទ្ធិរបស់យើងគោរពគ្នាទៅវិញទៅមក ទស្សនៈខុសគ្នាគោរពគ្នាទៅវិញទៅមកក្នុងនាមជាខ្មែរដូចគ្នា រស់នៅក្នុងប្រទេសប្រជាធិបតេយ្យ។ ការបញ្ចេញមតិ និងការគោរពគ្នាថ្ងៃមិញ ដែលបងប្អូនបានបញ្ចេញនេះ គឺខ្ញុំសូមអបអរសាទរ ហើយអរគុណណាស់ចំពោះកិច្ចការនេះ នេះបង្ហាញអំពីភាពចាស់ទុំ នៃការយល់ដឹងអំពីសិទ្ធិសេរីភាពរបស់យើង ហើយខាងរាជរដ្ឋាភិបាលមិនមានបំណងទៅឲ្យមនុស្សឈ្លោះគ្នាទេ គ្មានផលប្រយោជន៍អី។

ដោយឡែក ចំពោះការមកបាតុកម្មដើម្បីប្រឆាំងដំណើររបស់សម្ដេចនៅប្រទេសអូស្ដ្រាលី និងមានប្រើប្រាស់ពាក្យជេរប្រមាថវិញ សម្ដេចធិបតី ហ៊ុន ម៉ាណែត មិនមានគោលការណ៍តបតជាមួយក្រុមប្រឆាំងនៅអូស្ត្រាលីនោះទេ ទោះបីពួកគាត់ប្រើពាក្យអសុរោះក៏ដោយ ព្រោះអត់មានប្រយោជន៍អ្វីដល់ជាតិនោះទេ។

សម្ដេចធិបតីនាយករដ្ឋមន្ដ្រីនៃកម្ពុជា បានរំលឹកថា ស្ថានភាពក្នុងដំណើរទស្សនកិច្ចរបស់សម្ដេចនៅពេលនេះ មិនក្ដៅដូចកាលពីឆ្នាំ២០១៦នោះទេ ពោលប្រើប្រាស់ពាក្យជេរប្រមាថធ្ងន់ៗ ដូចជា ខ្មោចស៉ីពែរ ជាដើមទៅលើអ្នកដែលមកគាំទ្រទស្សនកិច្ចរបស់សម្ដេច។ សម្ដេចគូសបញ្ជាក់ថា សិទ្ធិនៃការបញ្ចេញមតិធ្វើយ៉ាងណាក៏ធ្វើចុះ ប៉ុន្ដែកុំឈានដល់ការប្រើប្រាស់អំពើហិង្សា ឬវាយបំផ្លាញទ្រព្យសម្បត្តិរបស់អ្នកដទៃ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងអំពីជំនួបនៅពេលនេះ បានបង្ហាញឲ្យឃើញពីសាមគ្គីភាពរវាងខ្មែរនៅគ្រប់ទីកន្លែង ដែលជាកិច្ចការដ៏សំខាន់សម្រាប់ដំណើរកសាងជាតិ។ សម្ដេចក៏បានថ្លែងនូវការអរគុណចំពោះសារគាំទ្រសុខសន្តិភាព ដែលរកបានដោយសម្តេចតេជោ គឺមានតម្លៃណាស់។ មានសន្តិភាព ដែលនាំឲឲ្យកម្ពុជាមានការរីកចម្រើន នាំឲ្យមានការចងភ្ជាប់ឡើងវិញរវាងខ្មែរនៅក្រៅប្រទេសជាមួយប្រទេសជាតិ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍យ៉ាងដូច្នេះថា «មានគេសួរខ្ញុំថា ម្សិលមិញមានគេប្រមូលគ្នា១០០-២០០នាក់ ទៅធ្វើបាតុកម្មជេរព្យុះ មួយមាត់ណាក៏ជេរដែរ ផ្ដាច់ការ អ្នកដែលចូលរួមថ្ងៃនេះគេលាបពណ៌ថា អ្នកបម្រើជនផ្ដាច់ការ។ គេសួរថា ចុះមិចមិនតបអ្នកគាំទ្រយើងរាប់ពាន់នាក់ មិចក៏មិនចេញសារដាក់វិញទៅខ្លាំងជាងគេផង មួយគុណ១០, វាអត់ចំណេញ។ បើប្រាប់ថាក្ដៅ ខ្ញុំធ្លាប់ក្ដៅជាងនេះ កាលខ្ញុំមកអូស្ដ្រាលីឆ្នាំ២០១៦ បាយក្ដៅ។ កាលនោះមិនមែនគាត់នៅចម្ងាយ២គីឡូដីពីយើងអញ្ចឹងទេ គាត់នៅមុខតែម្ដង ស្រែកសុទ្ធតែថា ខ្មោចស៉ីពែរ គ្មានផលប្រយោជន៍អីទេ»។

សម្ដេចធិបតីនាយករដ្ឋមន្ដ្រី បានអះអាងទៀតថា ក្នុងនាមជាខ្មែរដូចគ្នាទោះទៅដល់ទីណាត្រូវប្រកាន់ស្មារតីសាមគ្គី ប្រកាន់ស្មារតីត្រជាក់។ សម្ដេចបានគូសបញ្ជាក់ថា សិទ្ធិនៃការបញ្ចេញមតិធ្វើយ៉ាងណាក៏ធ្វើចុះ ប៉ុន្ដែកុំឈានដល់ការប្រើប្រាស់អំពើហិង្សា ឬវាយបំផ្លាញទ្រព្យសម្បត្តិរបស់អ្នកដទៃ ដែលនេះជាការគោរពគ្នាទៅវិញទៅមក៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

ចូលមើលព័ត៌មានថ្មីៗបន្ថែម