ភ្នំពេញ៖ បើយោងតាមច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់គ្រប់គ្រងឆ្នាំ២០២៤ របស់រាជរដ្ឋាភិបាល បានឲ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា គ្រោងចំណាយថវិកាប្រមាណ ៥៨៥លានដុល្លារអាមេរិក ដើម្បីវិនិយោគលើគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់នានានៅក្នុងប្រទេសសម្រាប់ឆ្នាំ ២០២៤ នៅក្រោមដែនសមត្ថកិច្ចរបស់ក្រសួងសារធារណការ និងដឹកជញ្ជូន។
បើយោងតាមក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ គម្រោងវិនិយោគលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ សម្រាប់ឆ្នាំ២០២៤គឺកើនលើសកាលពីឆ្នាំ២០២៣ ដែលកាលនោះ រាជរដ្ឋាភិបាលបានកំណត់ច្បាប់ថវិកាចំណាយប្រហែល ៥៥០លានដុល្លារអាមេរិក ដែលផ្តោតលើគម្រោងអាទិភាពចំនួន៦។
ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសារធារណការ និងដឹកជញ្ជូន បានមានប្រសាសន៍ថា ទិសដៅការងារសំខាន់ៗ និងសកម្មភាពចម្បងៗ ដែលបានកំណត់នៅក្នុងផែនការឆ្នាំ២០២៤ ពាក់ព័ន្ធការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ រួមមាន៖ គ្រោងអនុវត្តគម្រោងជួសជុលថែទាំកំណាត់ផ្លូវជាតិលេខ៣ (ត្រពាំងរពៅ-វាលរេញ) ដែលនឹងត្រូវ ស្ថាបនាឡើងវិញនាពេលខាងមុខ, ត្រៀមអនុវត្តគម្រោងសាងសង់កំណាត់ផ្លូវជាតិលេខ ៦ (ត្រពាំងធំ-ស្លក្រាម), កំណាត់ផ្លូវជាតិលេខ៧ (រមាត-ត្រពាំងគៀល), ផ្លូវជាតិលេខ៨ (ព្រែកតាមាក់-ក្រែក), ផ្លូវជាតិលេខ ៥០សេ (កំពង់ឆ្នាំង- កំពង់ធំ) និងស្ពានឆ្លងកាត់ទន្លេសាប, ផ្លូវជាតិលេខ ៥៧ (បាត់ដំបង-អូរព្រះ), ផ្លូវជាតិលេខ៦៧ (សៀមរាប-អន្លង់វែង-ជាំ/សាដាំ), ផ្លូវជាតិលេខ៦៨ (ក្រឡាញ់-អូរស្មាច់), ផ្លូវវាងក្រុងសៀមរាប, ផ្លូវជាតិលេខ៧០បេ (ទន្លេបិទ-ស្រីសន្ធរ-ព្រែកតាមាក់-ក្រុងអរិយក្សត្រ-ល្វាឯម-ពាមរក៍), ផ្លូវជាតិ តភ្ជាប់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប, ផ្លូវក្រវាត់ក្រុងទី៣ ផ្នែកខាងកើត និងស្ពានឆ្លងទន្លេ តភ្ជាប់នឹងផ្លូវក្រវាត់ក្រុង និងគម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ។
ក្រៅពីគម្រោងសំខាន់ៗខាងលើនេះ លោករដ្ឋមន្ត្រី បានលើកឡើងថា ក្រសួងក៏នឹងបន្តជំរុញការស្ដារ ជួសជុល និងថែទាំផ្លូវជាតិ ផ្លូវខេត្ត ផ្លូវយុទ្ធសាស្ត្រដែលមានសក្តានុពលសេដ្ឋកិច្ច និងផ្លូវការពារខ្សែក្រវាត់ និងតំបន់ព្រំដែនឱ្យមានគុណភាព ភាពធន់ និងចីរភាព រួមមាន៖ (១) តំបន់ភាគឦសាននៃប៉ូលសេដ្ឋកិច្ចទី៤ (ដុងក្រឡរនៃខេត្តស្ទឹងត្រែង-សៀមប៉ាង-វីនសៃ-អូរជុំ-បានលុង នៃខេត្តរតនគិរី និងពីបានលុង-កន្ទុយនាគ ព្រំប្រទល់កម្ពុជា-វៀតណាម) និង (២) តំបន់ដែលមានសក្តានុពលសេដ្ឋកិច្ចខ្ពស់ (បាត់ដំបង-សៀមរាប និងកំពង់ធំ-កំពង់ឆ្នាំង) និងបណ្តាញផ្លូវត ភ្ជាប់ទៅកាន់តំបន់ខ្សែ ក្រវាត់ការពារព្រំដែន (បាត់ដំបង-កំរៀង-ភ្នំព្រឹក-សំពៅលូន-ម៉ាឡៃ-អូរជ្រៅ និងពីក្រឡាញ់-អូរស្មាច់)៕