ភ្នំពេញ៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤ បានឱ្យដឹងថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាល អញ្ជើញធ្វើមាតុភូមិនិវត្តន៍ មកដល់ រាជធានីភ្នំពេញ នាយប់ថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤ នេះ បន្ទាប់ពីបានបំពេញបេសកកម្មរយៈពេល ៦ថ្ងៃ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤ នៅប្រទេសអូស្ត្រាលី ក្នុងក្របខ័ណ្ឌនៃការចូលរួម កិច្ចប្រជុំកំពូលពិសេសអាស៊ាន- អូស្ត្រាលី ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៥០ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-អូស្ត្រាលី តបតាមការ អញ្ជើញរបស់ ឯកឧត្ដម អេនថូនី អាល់បានីស៊ី នាយករដ្ឋមន្ត្រីអូស្ត្រាលី។ បេសកកម្មនេះ បានទទួលជោគជ័យយ៉ាង ធំធេង ទាំងផ្នែកនយោបាយ ការទូត និងសេដ្ឋកិច្ច។

ក្នុងក្របខ័ណ្ឌនយោបាយ និងការទូត៖ សម្តេចធិបតី និងលោកជំទាវបណ្ឌិត ត្រូវបានទទួលការធ្វើ បដិសណ្ឋារកិច្ចប្រកបដោយកិត្តិយស នៅអាកាសយានដ្ឋានអន្តរជាតិម៉ែលប៊ន ដោយឥស្សរជនជាន់ខ្ពស់នៃ រដ្ឋាភិបាលអូស្ត្រាលី មុននឹងអញ្ជើញចូលរួមពិធីទទួលស្វាគមន៍ផ្លូវការពីសំណាក់ ឯកឧត្តមនាយករដ្ឋមន្ត្រីអូស្ត្រាលី និងលោកជំទាវ នៅមជ្ឈមណ្ឌលសន្និបាតនិងពិព័រណ៍ម៉ែលប៊ន ជាមួយបណ្តាមេដឹកនាំអាស៊ានផ្សេងទៀត។ ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្ត្រាលី សម្តេចធិបតី បានចាត់ទុកអាស៊ាន និងអូស្ត្រាលី ជាដៃគូសត្យានុម័ត ដោយសារតំបន់និងប្រទេសទាំងពីរ បានផ្សារភ្ជាប់គ្នាតាមរយៈភូមិសាស្ត្រនៅជិតគ្នា មិត្តរូបកូន សម្បត្តិរួមជាប្រជាជាតិដែលគោរពនិងផ្តល់តម្លៃដល់ភាពចម្រុះនៃវប្បធម៌ និងការរួមរសដោយ សម្តេចធិបតី បានកត់សម្គាល់ថា អាស៊ាន និងអូស្ត្រាលី បាននឹងកំពុងរីកលូតលាស់ជាលំដាប់ជាដៃគូសន្ទនាដំបូងគេមួយ ដែលបានឈានដល់ការបង្កើតភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយជាមួយ អាស៊ាន។ សម្តេចធិបតី បានបង្ហាញការពេញចិត្តយ៉ាងខ្លាំងចំពោះសមិទ្ធផល និងវឌ្ឍនភាពគួរឱ្យកត់សម្គាល់ ស្របតាមផែនការសកម្មភាព (២០២០-២០២៤) របស់អាស៊ាន និងអូស្ត្រាលី និងបានប្រកាសជាឱឡារិកថា កម្ពុជាទន្ទឹងរង់ចាំផែនការសកម្មភាពថ្មី ដែលនឹងបង្កើតនូវកាលានុវត្តថ្មីថែមទៀត ដើម្បីពន្លឿនការសម្រេចសេចក្តី ប្រាថ្នារួមគ្នារវាងអាស៊ាន-អូស្ត្រាលី និងការចូលជាធរមានឆាប់ៗនេះ នៃពិធីសារទី២ ដើម្បីធ្វើវិសោធនកម្មកិច្ច ព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-អូស្ត្រាលី-នូវែលសេឡង់ (AANZFTA)។ សម្តេចធិបតី ក៏បានអញ្ជើញ ចូលរួមក្នុងកិច្ចប្រជុំចង្អៀតដាច់ដោយឡែកមួយទៀត រវាងមេដឹកនាំកំពូលអាស៊ាន និងអូស្ត្រាលីផងដែរ។
សម្តេចធិបតី ក៏បានអញ្ជើញជួបពិភាក្សាការងារទ្វេភាគីជាមួយ នាយករដ្ឋមន្ត្រីអូស្ត្រាលី និងប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល ៤ ប្រទេសផ្សេងទៀត រួមមាន ប្រធានាធិបតីហ្វីលីពីន ប្រធានាធិបតីឥណ្ឌូនេស៊ី នាយករដ្ឋមន្ត្រី សិង្ហបុរី និងនាយករដ្ឋមន្ត្រីវៀតណាម។

ជាការកត់សម្គាល់ ឯកឧត្ដម អេនថូនី អាល់បានីស៊ី នាយករដ្ឋមន្ត្រីអូស្ត្រាលី បានចាត់ទុកកម្ពុជា ថាជាប្រទេស មួយដ៏អស្ចារ្យ ប្រកបដោយភាពធន់ ទោះបីជាមានរបបប្រល័យពូជសាសន៍ក៏ដោយ។ ឯកឧត្តម បានសម្តែងនូវការគាំទ្រ និងបង្ហាញពីការពេញចិត្តក្នុងការពិភាក្សាលើការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យ កាន់តែរឹងមាំបន្ថែមទៀត។ សម្តេចធិបតី ក៏បានថ្លែងអំណរគុណដល់ប្រជាជន និងរដ្ឋាភិបាលអូស្ត្រាលី ដែលបាន ជួយគាំទ្រទាំងក្នុងអំឡុងពេលស្វែងរកសន្តិភាពនៅទសវត្សរ៍ឆ្នាំ១៩៩០ និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ជាពិសេស ការគាំទ្រពីអូស្ត្រាលី លើវិស័យកសិកម្ម សុខាភិបាល បោសសម្អាតមីន សន្តិសុខ និងការពារជាតិ។ សម្តេចធិបតី បានលើកឡើងពីសារសំខាន់នៃកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្មនិងសេដ្ឋកិច្ច ការអប់រំនិងការងារ និងផ្នែក ការពារជាតិ រួមទាំងការទាក់ទាញការវិនិយោគពីធុរជនអូស្ត្រាលី ក្នុងវេទិកាធុរកិច្ចកម្ពុជា-អូស្ត្រាលី និងការស្វាគមន៍ ចំពោះកិច្ចព្រមព្រៀងស្ដីពីសេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាសរវាងប្រទេសទាំងពីរ។ នាយករដ្ឋមន្ត្រីអូស្ត្រាលី ក៏ បានទទួលការអញ្ជើញពី សម្តេចធិបតី ដើម្បីបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសកម្ពុជាក្នុងពេលវេលាសមស្រប ណាមួយ។

ក្រៅពីនេះ លទ្ធផលសំខាន់នៃជំនួបរវាង សម្តេចធិបតី និងប្រមុខរដ្ឋាភិបាល ផ្សេងទៀត មានដូចខាងក្រោម៖ កម្ពុជា-ហ្វីលីពីន បានឯកភាពគ្នាសម្របសម្រួល និងជំរុញការនាំចេញអង្ករពីកម្ពុជាទៅហ្វីលីពីន ជំរុញបន្ថែម ការភ្ជាប់ទំនាក់ទំនងរវាងវិស័យឯកជន សិក្សានិងជំរុញការតភ្ជាប់ជើងហោះហើរឱ្យកាន់តែសម្បូរបែប ប្តេជ្ញាលើការបន្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យការពារជាតិ ដើម្បីឈានដល់ការធ្វើលំហាត់រួមគ្នាទ្វេភាគីនាថ្ងៃ អនាគត។
កម្ពុជា-ឥណ្ឌូនេស៊ី បានឯកភាពគ្នាពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការទូត សេដ្ឋកិច្ចនិងចរដ្ឋកម្ម ទេសចរណ៏ និងសន្តិសុខ និងបានបង្ហាញក្តីសោមនស្សរីករាយចំពោះទំនាក់ទំនងដ៏ល្អប្រសើររោងប្រទេសទាំងពីរក្នុងរយៈពេលប្រមាណជិត៧ទសវត្សរ៍កន្លងមក ជាពិសេសការពង្រឹងនូវទំនាក់ទំនងក្នុងវិស័យសន្តិសុខ និងការពារ ជាតិ។ សម្តេចធិបតី បានបង្ហាញនូវសុទិដ្ឋិនិយមថា កិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរនេះ នឹងត្រូវបានពង្រឹង និង ពង្រីកកាន់តែរឹងមាំបន្ថែមទៀត។
កម្ពុជា-សិង្ហបុរី បានពិភាក្សាគ្នាលម្អិតអំពីកិច្ចសហប្រតិបត្តិការលើវិស័យនយោបាយ ពាណិជ្ជកម្មនិងសេដ្ឋកិច្ច ទេសចរណ៍ សន្តិសុខថាមពល ការពារជាតិ និងសន្តិសុខ និងឯកភាពជំរុញឱ្យមានកិច្ចពិគ្រោះយោបល់នយោបាយ លើកទី២ រវាងកម្ពុជា និងសិង្ហបុរី នៅពេលខាងមុខ លើកទឹកចិត្តឱ្យមានការជំរុញកិច្ចសហប្រតិបត្តិការរវាងក្រសួង ស្ថាប័នពាក់ព័ន្ធនៃប្រទេសទាំងពីរដើម្បីមានគំនិតផ្តួចផ្តើមនិងផែនការសកម្មភាពជាក់លាក់ ជំរុញកិច្ចសហប្រតិបត្តិ- ការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មតាមប្រព័ន្ធអ៊ីនធឺណិត និងល្បែងអនឡាញខុសច្បាប់ ព្រមទាំងពង្រីកបន្ថែមទៀតនូវ កិច្ចសហប្រតិបត្តិការក្នុងវិស័យទេសចរណ៍ ពិសេសការបង្កើនជើងហោះហើរត្រង់បន្ថែមទៀតពីប្រទេសសិង្ហបុរីទៅ កាន់ខេត្តសៀមរាប ក្នុងបរិបទដែលកម្ពុជាកំណត់យកឆ្នាំ២០២៤ ជាឆ្នាំទស្សនាខេត្តសៀមរាប។ សម្តេចធិបតី ក៏ បានជម្រាប ឯកឧត្តមនាយករដ្ឋមន្ត្រីសិង្ហបុរី អំពីការឯកភាព និងការគាំទ្ររបស់ម៉ាឡេស៊ី លើការតភ្ជាប់បណ្តាញ អគ្គិសនីកប់ក្រោមបាតសមុទ្រ ដែលជាបណ្តាញតភ្ជាប់អគ្គិសនីពីឡាវមកសិង្ហបុរី កាត់តាមកម្ពុជា ផងដែរ។

កម្ពុជា-វៀតណាម បានពិភាក្សាគ្នាអំពីវិស័យគន្លឹះដូចជា វិស័យការពារជាតិ និងសន្តិសុខ ទេសចរណ៍ និង ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ រួមមាន ផ្លូវល្បឿនលឿន ភ្នំពេញ-បាវិត-ហូជីមិញ ជាដើម។ ថ្នាក់ដឹកនាំទាំងពីរ ក៏ បានគូសបញ្ជាក់ថា ថ្ងៃខាងមុខ នឹងមានការរៀបចំកិច្ចប្រជុំកំពូល CLV (កម្ពុជា-ឡាវ-វៀតណាម) លើកទី១២ ដោយឯកភាពលើកទឹកចិត្តឱ្យក្រសួង-ស្ថាប័នមួយចំនួនពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការគ្នាក្នុងក្របខ័ណ្ឌ CLV បន្ថែមទៀត។ ថ្នាក់ដឹកនាំទាំងពីរក៏បានឯកភាពឱ្យបង្កើនកិច្ចពិភាក្សាដើម្បីស្វែងរកឱកាសជំរុញកំណើនទេសចរណ៍ ក្នុងប្រទេសទាំងបី។
ដោយឡែក សម្តេចធិបតី ក៏បានជួបជជែកក្រៅផ្លូវការជាមួយ ឯកឧត្តមនាយករដ្ឋមន្ត្រីនូវ៉ែលសេឡង់ និង បានចូលរួមពិធីស្វាគមន៍ដែលរៀបចំដោយ អភិបាលរដ្ឋ Victoria ផងដែរ។
ក្នុងក្របខ័ណ្ឌសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ៖ សម្តេចធិបតី បានអញ្ជើញជាអធិបតីក្នុង វេទិកាធុរកិច្ច កម្ពុជា-អូស្ត្រាលី ឆ្នាំ២០២៤ រៀបចំដោយ សភាពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជកម្មនិងឧស្សាហកម្ម Victoria ដោយមានការចូលរួមពីវិនិយោគិនប្រមាណជាង៣០០នាក់ មកពីជាង២០០ក្រុមហ៊ុន។ ក្នុងវេទិកានោះ សម្តេចធិបតី បានថ្លែងសុន្ទរកថាដោយគូសបញ្ជាក់អំពីទំនាក់ទំនងការទូតដ៏ល្អរវាងកម្ពុជា និងអូស្ត្រាលី និងផ្លែផ្កានៃកិច្ចសហ ប្រតិបត្តិការទាំងផ្នែករដ្ឋ និងឯកជន រួមទាំងសក្តានុពលវិនិយោគនៅប្រទេសកម្ពុជា។ សម្តេចធិបតី ក៏បានអញ្ជើញ ជាសាក្សីនៃពិធីចុះអនុស្សរណៈយោគយល់គ្នាចំនួន ២ ពាក់ព័ន្ធនឹងការចូលរួមជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម វិនិយោគ និងសេដ្ឋកិច្ចរវាងកម្ពុជា និងអូស្ត្រាលី និងការចូលរួមទាក់ទាញការវិនិយោគលើវិស័យទេសចរណ៍។

ក្រៅពីនេះ សម្តេចធិបតី បានទទួលជួបជាមួយថ្នាក់ដឹកនាំក្រុមហ៊ុន និងស្ថាប័នវិនិយោគអូស្ត្រាលីលំដាប់ អន្តរជាតិចំនួន ១០ ដែលកំពុងធ្វើប្រតិបត្តិការវិនិយោគលើវិស័យ ធនាគារ ហិរញ្ញវត្ថុ ឧស្សាហកម្ម ឡូជីស្ទីក ថាមពលនិងឧស្ម័ន កសិកម្មនិងការកែច្នៃម្ហូបអាហារ ហេដ្ឋារចនាសម្ព័ន្ធ សុខាភិបាល និងអប់រំជាដើម។ ក្នុងជំនួបដាច់ដោយឡែកនោះ តំណាងក្រុមហ៊ុន និងស្ថាប័ននីមួយៗបានជម្រាប សម្តេចធិបតី អំពីសក្តានុផលនៃការវិនិយោគ និងដំណើរការអាជីវកម្មរបស់ខ្លួន ព្រមទាំងបានបង្ហាញបំណងពង្រីកការវិនិយោគដែលមានស្រាប់ និងសិក្សាលើគម្រោង វិនិយោគថ្មីៗបន្ថែមទៀតនៅកម្ពុជា។ សម្តេចធិបតី បានចូលរួមអបអរសាទរចំពោះវឌ្ឍនភាពនៃក្រុមហ៊ុន និងស្ថាប័ន នីមួយៗ និងបានគូសបញ្ជាក់អំពីបរិយាកាសអំណោយផលរបស់កម្ពុជា ទាំងសក្តានុពលនៃកត្តាសុខសន្តិភាព ស្ថិរភាពនយោបាយ ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ភាពអំណោយផលនៃច្បាប់វិនិយោគ និងគោលនយោបាយគាំពារនិង លើកទឹកចិត្តនានា។
ដោយឡែក លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ក៏បានអញ្ជើញចូលរួមក្នុងពិធីបដិសណ្ឋារកិច្ច ផ្លូវការ រៀបចំដោយ លោកជំទាវជាភរិយាឯកឧត្តមនាយករដ្ឋមន្ត្រីអូស្ត្រាលី ដោយមានការចូលរួមពីសំណាក់ លោកជំទាវជាភរិយា នៃថ្នាក់ដឹកនាំបណ្តាប្រទេសអាស៊ាន-អូស្ត្រាលី ផ្សេងទៀត ប្រកបដោយមនោសញ្ចេតនា គោរពស្រលាញ់រាប់អានគ្នាយ៉ាងជ្រាលជ្រៅ។

ក្នុងស្មារតីសាមគ្គីជាតិខ្មែរ! នាឱកាសស្នាក់នៅទីក្រុងម៉ែលប៊ន សម្តេចធិបតី និងលោកជំទាវបណ្ឌិត បាន អញ្ជើញជួបសំណេះសំណាលជាមួយនិស្សិតនិងបងប្អូនប្រជាពលរដ្ឋសហគមន៍ខ្មែរ ដែលកំពុងសិក្សា និងរស់នៅ ប្រទេសអូស្ត្រាលី និងនូវែលសេឡង់ ប្រមាណប្រមាណ ២ពាន់នាក់ ប្រកបដោយភាពស្និទ្ធស្នាលនិងកក់ក្តៅ ធ្វើឱ្យស្នាម ញញឹមមហាគ្រួសារខ្មែរបានផុសឡើងប្រកបដោយមោទនភាពនៅលើទឹកដីនាយសមុទ្រ។ ក្នុងពិធីសំណេះសំណាល នោះ សម្តេចធិបតី ហ៊ុន ម៉ាណែតបានថ្លែងអំពីជោគជ័យហួសពីការរំពឹងទុករបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃ រដ្ឋសភា ក្នុងការថែរក្សាបានយ៉ាងល្អនូវសុខសន្តិភាព ស្ថិរភាពនយោបាយនិងសេដ្ឋកិច្ច និងការដាក់ចេញគោល នយោបាយដ៏ត្រឹមត្រូវប្រកបដោយទស្សនវិស័យវែងឆ្ងាយរបស់រាជរដ្ឋាភិបាលបន្តវេន ដែលធ្វើឱ្យប្រជាពលរដ្ឋទាំង ក្នុងនិងក្រៅប្រទេសមានភាពកក់ក្តៅនិងអបអរសាទរយ៉ាងខ្លាំង។
គួរកត់សម្គាល់ថា នេះជាដំណើរទស្សនកិច្ចក្រៅប្រទេស លើកទី១២ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុង នាមជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ បន្ទាប់ពីទទួលបានមហាជោគជ័យនៃបេសកកម្មការទូតក្នុងតំបន់ អាស៊ី អាមេរិក អឺរ៉ុប និងមជ្ឈិមបូព៌ា នាពេលកន្លងមក ដំណើរទៅកាន់ប្រទេសអូស្ត្រាលីរបស់ សម្តេចធិបតី នាពេល នេះ ក៏បាននាំមកនូវសមិទ្ធផលថ្មីៗជាច្រើនទៀតដើម្បីជាឧត្តមប្រយោជន៍ជាតិមាតុភូមិនិងប្រជាពលរដ្ឋ។ ភាពសកម្ម ក្លៀវក្លាមិនខ្លាចនឿយហត់របស់ សម្តេចធិបតី និងសមិទ្ធផលការងារដ៏ធំធេងហួសពីការរំពឹងទុកក្នុងរយៈពេល ជាង៦ខែកន្លងទៅនេះ បានផ្តល់ភាពកក់ក្តៅ និងធ្វើឱ្យប្រជាពលរដ្ឋទាំងក្នុងនិងក្រៅប្រទេសមានមោទនភាពនិងក្តី សង្ឃឹមយ៉ាងមុតមាំចំពោះអនាគតដ៏ភ្លឺស្វាងរបស់កម្ពុជា៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី
















