ភ្នំពេញ៖ បើទោះបីជាវិបត្តិសង្គ្រាមរុស្ស៊ី និងអ៊ុយក្រែន នៅបន្តអូសបន្លាយ ដែលធ្វើឲ្យកម្លាំងទិញមួយចំនួនថយចុះបន្តិចក្តី ប៉ុន្តែផលិតផលកម្មន្តសាលមិនមែនកាត់ដេររបស់កម្ពុជា នៅតែបន្តមានកំណើនរឹងមាំល្អក្នុងការនាំចេញ ដោយការបញ្ជាទិញទំនិញពីកម្ពុជានៅតែមាន ដែលធ្វើឲ្យមានទំនិញខ្លះថយចុះ និងទំនិញខ្លះទៀតកើនឡើង ខណៈដែលកម្ពុជានៅជាប្រទេសលេខ១ ក្នុងការនាំចេញកង់, គ្រឿងបន្លាស់ និងបង្គុំ និងនាំចេញបន្ទះសូឡា ទៅកាន់ទីផ្សារអន្តរជាតិ។
ឯកឧត្តម ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានលើកឡើងថា រហូតមកទល់នឹងពេលនេះ យើងមិនទាន់ទទួលបានដំណឹងថា ការវាយប្រហាររបស់ក្រុមហ៊ូធី ទៅលើកប៉ាល់ដឹកជញ្ជូនទំនិញនៅសមុទ្រក្រហម បង្កផលប៉ះពាល់ដល់ការដឹកជញ្ជូនទំនិញរបស់កម្ពុជានៅឡើយនោះទេ។ ប៉ុន្តែផលអវិជ្ជមានដែលបានផ្តល់ផលប៉ះពាល់នោះ គឺការឡើងថ្លៃនៃការដឹកជញ្ជូន ដែលធ្វើឱ្យថ្លៃដើមនៃទំនិញឡើងថ្លៃ ដែលជះឥទ្ធិពលដោយប្រ យោលមកលើការធ្វើពាណិជ្ជកម្មរបស់កម្ពុជា។ ម៉្យាងទៀតយើងបារម្ភថា ករណីនេះនឹងធ្វើឱ្យថ្លៃប្រេងឥន្ធនៈឡើងថ្លៃផងដែរ។
ឯកឧត្តម បានគូសបញ្ជាក់ថា បើយើងពិនិត្យផលប៉ះពាល់ដោយផ្ទាល់ យើងមិនឃើញធំដុំនៅឡើយទេ បើពិនិត្យលើផលប៉ះពាល់ដោយប្រយោល យើងឃើញប្រេងឥន្ធនៈបន្តឡើងថ្លៃ តែយ៉ាងណាកម្ពុជាទិញពីប្រភពផ្សេងៗ ធ្វើឱ្យតម្លៃប្រេងរបស់យើងមានការឡើង និងថយចុះទៅតាមរដូវកាល ពីព្រោះយើងសំអាងទៅលើទីផ្សារចម្រាញ់ប្រេងនៅសិង្ហបុរី។
កាលពីដើមខែមករា ឆ្នាំ២០២៤ ក្រុមហ៊ូធី នៅប្រទេសយ៉េមែន បានធ្វើការគំរាមកំហែងផ្លូវច្រកដឹកជញ្ជូន និងធ្វើទុកបុកម្នេញដល់កប៉ាល់ដឹកជញ្ជូនទំនិញពីតំបន់អឺរ៉ុប ដែលធ្វើឱ្យនាវាដឹកជញ្ជូនទំនិញពីអឺរ៉ុបមកអាស៊ី ត្រូវប្រើផ្លូវវាងដែលមានចម្ងាយផ្លូវឆ្ងាយជាងផ្លូវបច្ចុប្បន្ននេះ ពោលគឺរាប់ពាន់គីឡូម៉ែត្រ ហេតុនេះទើបកប៉ាល់ដឹកជញ្ជូនទំនិញមួយចំនួន បានដំឡើងថ្លៃដឹកជញ្ជូនទំនិញពីអឺរ៉ុប មកតំបន់អាស៊ី។
ជាមួយគ្នានេះ មន្ត្រីក្រសួងពាណិជ្ជកម្ម បានជំរុញនិងអំពាវនាវឲ្យសហគ្រាស-ក្រុមហ៊ុន ដែលផលិតនូវផលិតផលសម្រាប់នាំចេញ ត្រូវពង្រឹងសមត្ថភាព ទាំងគុណភាព និងស្តង់ដារបច្ចេកទេសក្នុងការផលិត ដើម្បីរក្សាបានទីផ្សារការនាំចេញទៅអន្តរជាតិ ខណៈកម្ពុជាមានទីផ្សារសេរីជាមួយបណ្តាប្រទេសមានសក្តានុពលសេដ្ឋកិច្ចមួយចំនួន។
ការជំរុញរបស់មន្រ្តីអ្នកនាំពាក្យក្រសួងពាណិជ្ជកម្មបែបនេះ ធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មានស្តីពី ការដាក់ឲ្យដំណើរការជាផ្លូវការ របស់ប្រព័ន្ធទូរសព្ទសាធារណៈរបស់ក្រសួងពាណិជ្ជកម្ម។
ឯកឧត្តម ប៉ែន សុវិជាតិ បានបន្តថា បើទោះបីជាកម្ពុជាអាចបាត់បង់ការអនុគ្រោះមួយចំនួនយ៉ាងណាក្ដី ក៏កម្ពុជាមិនបារម្ភរឿងទីផ្សារនាំចេញទីក្រៅប្រទេសនោះទេ ដោយសារតែឥឡូវនេះកម្ពុជាទីផ្សារហើយ និងមានដៃគូជាមួយបណ្តាប្រទេសផ្សេងៗទៀតដែលយើងបានចុះកិច្ចព្រមព្រៀងជាមួយគ្នា ប៉ុន្តែអ្វីដែលយើងមានការព្រួយបារម្ភនោះ គឺខ្លាចខ្វះទំនិញលក់ឲ្យគេទៅវិញទេ។
គួរបញ្ជាក់ថា បើតាមឯកឧត្តម ប៉ែន សុវិជាតិ គឺតែងតែអំពាវនាវដល់ធុរជន និងផលិតករឲ្យធ្វើយ៉ាងណាត្រូវខិតខំផលិតទំនិញដែលមានគុណភាពខ្ពស់ ដើម្បីឆ្លើយតបតាមតម្រូវការទីផ្សារ និងមាននិរន្តរភាពក្នុងការផ្គត់ផ្គង់ ក្នុងនោះសហគ្រាស-ក្រុមហ៊ុន ត្រូវតែផ្ដោតលើការបង្កើនសមត្ថភាព, បង្កើនលទ្ធភាពរបស់ខ្លួន ធ្វើយ៉ាងណា ពង្រីក និងពង្រឹងការផលិតរបស់ខ្លួន ខណៈសមត្ថភាពប្រកួតប្រជែងផ្នែកបច្ចេកវិទ្យាឌីជីថល បានចូលរួមចំណែកនូវសកម្មភាពសេដ្ឋកិច្ចគួរឲ្យគត់សំគាល់៕