ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្ដេចធិបតី លើកទឹកចិត្តឱ្យបង្កើនចំនួនយុវជនជំនាញជំនាន់ក្រោយ ដើម្បីមានឱកាសកាន់តែធំចូលរួមក្នុងការបណ្តុះបណ្តាល ស្រាវជ្រាវ ចងក្រង និងផ្សព្វផ្សាយវប្បធម៌ជាតិ

រាជធានីភ្នំពេញ៖ ពីវេទិកាពិធីទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៦ ឆ្នាំ២០២៤ និងពិធីសំណេះសំណាលជាមួយសិល្បករ សិល្បការិនី ទូទាំងប្រទេសលើកទី៥ រសៀលថ្ងៃព្រហស្បតិ៍ ទី៧ មីនា ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកទឹកចិត្តឱ្យបង្កើនចំនួនយុវជនជំនាញជំនាន់ក្រោយ ដើម្បីមានឱកាសកាន់តែធំចូលរួមក្នុងការបណ្តុះបណ្តាល ស្រាវជ្រាវ ចងក្រង និងផ្សព្វផ្សាយវប្បធម៌ជាតិ ជាពិសេសលើការងារសិល្បៈ និងទម្រង់សម្លៀកបំពាក់ប្រពៃណី។

សម្ដេចមហាបវរធិបតី បានមានប្រសាសន៍ថា ទិវាវប្បធម៌ជាតិ រៀបចំឡើងដើម្បីរំលឹកដល់គុណូបការៈបុព្វបុរសខ្មែរគ្រប់ជំនាន់ ដែលបានពលីទាំងកម្លាំងកាយ កម្លាំងចិត្ត កម្លាំងបញ្ញា និងអាយុជីវិត ក្នុងការបង្កើត ថែរក្សា និងការពារសម្បត្តិវប្បធម៌ដ៏សម្បូរបែប និងមានតម្លៃមិនអាចកាត់ថ្លៃបានដែលបន្សល់ទុកមកដល់កូនចៅជំនាន់ក្រោយ។ រាជរដ្ឋាភិបាលបានកំណត់យ៉ាងច្បាស់ថា វប្បធម៌ គឺជាព្រលឹងជាតិ ជាអត្តសញ្ញាណជាតិ ជាប្រភពមិនចេះរីងស្ងួតសម្រាប់ជាមូលដ្ឋានគ្រឹះក្នុងការពង្រឹងស្មារតីនៃការស្រឡាញ់ចំពោះជាតិមាតុភូមិ ពង្រឹងសាមគ្គីភាពផ្ទៃក្នុង ជំរុញការទទួលស្គាល់ របស់ពិភពលោកលើវប្បធម៌ អរិយធម៌ ដ៏ចំណាស់របស់ជាតិ និងជាប្រភពនៃការអភិវឌ្ឍសេដ្ឋកិច្ចសង្គមដោយចីរភាព។

សម្ដេចធិបតីបានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំសូមលើកទឹកចិត្តឱ្យបង្កើនចំនួនយុវជនជំនាញជំនាន់ក្រោយ ដើម្បីមានឱកាសកាន់តែធំចូលរួមក្នុងការបណ្តុះបណ្តាល ស្រាវជ្រាវ ចងក្រង និងផ្សព្វផ្សាយវប្បធម៌ជាតិ ជាពិសេសលើការងារសិល្បៈ និងទម្រង់សម្លៀកបំពាក់ប្រពៃណី»។

សម្ដេចបានបន្តថា បច្ចុប្បន្ន មហាជន ជាពិសេសយុវជនវ័យក្មេងកំពុងពេញនិយម និងមានមោទនភាពខ្ពស់ក្នុងការប្រើប្រាស់សម្លៀកបំពាក់ប្រពៃណី ប៉ុន្តែការយល់ច្បាស់ពីទម្រង់ និងរបៀបរបបប្រើប្រាស់នៅមានភាពស្រពិចស្រពិល បង្កការភ័ន្តច្រឡំ និងប្រើប្រាស់ខុស។

ជាមួយនឹងសមិទ្ធផលជាច្រើនក្នុងវិស័យវប្បធម៌កន្លងទៅនេះ ដើម្បីបន្តការជំរុញការលើកកម្ពស់វិស័យវប្បធម៌ឱ្យកាន់តែប្រសើរ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានផ្ដល់អនុសាសន៍បន្ថែមដូចខាងក្រោម៖១៖ ការផលិតនិងការច្នៃប្រឌិតផលិតផលសិល្បៈនៅមានកម្រិតកំណត់ ជាមួយថ្លៃខ្ពស់ដែលមានការ ដែលការណ៍នេះធ្វើផលិតផលពុំមានភាពប្រកួតប្រជែង ដូច្នេះសម្ដេចធិបតីបានស្នើឱ្យក្រសួងវប្បធម៌និងវិចិត្រសិល្បៈសិក្សាលើវិធានការលើកទឹកចិត្តចាំបាច់នានា ដើម្បីជំរុញការផលិតនិងការច្នៃប្រឌិតផលិផលសិល្បៈឱ្យមានភាពទាក់ទាញ និងភាពប្រកួតប្រជែង។២៖ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងស្ថាប័នពាក់ព័ន្ធត្រូវពង្រឹងការងារពាក់ព័ន្ធនឹងកម្មសិទ្ធិបញ្ញា សិទ្ធិអ្នកនិពន្ធ និងសិទ្ធិប្រហាក់ប្រហែល ទប់ស្កាត់ការលួចចម្លងស្នាដៃ ធ្វើវិនិសោធនកម្មក្របខណ្ឌគតិយុត្តឱ្យត្រូវនឹងស្ថានភាពជាក់ស្ដែងនៃបច្ចេកវិទ្យា និងកិច្ចសហការអន្តរជាតិ៕

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៤នេះ បានផ្តល់អនុសាសន៍សំខាន់ៗចំនួន ៧ចំណុច ដើម្បីជំរុញការលើកកម្ពស់វិស័យវប្បធម៌ ឱ្យកាន់តែល្អប្រសើរ៖

ទី១៖ ការផលិត និងការច្នៃប្រឌិដ្ឋផលិតផលសិល្បៈនៅមានកម្រិតកំណត់ ជាមួយថ្លៃខ្ពស់ដែលការណ៍នេះ ធ្វើឱ្យផលិតផលរបស់យើងពុំមានភាពប្រកួតប្រជែង។ សម្តេចស្នើឱ្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សិក្សាលើវិធានការលើកទឹកចិត្តចាំបាច់នានា ដើម្បីជំរុញការផលិត និងការច្នៃប្រឌិដ្ឋផលិតផលសិល្បៈ ឱ្យមានភាពទាក់ទាញ និងភាពប្រកួតប្រជែងខ្ពស់។

ទី២៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងស្ថាប័នពាក់ព័ន្ធ ត្រូវពង្រឹងការងារពាក់ព័ន្ធនឹងកម្មសិទ្ធិបញ្ញា សិទ្ធិអ្នកនិពន្ធ និងសិទ្ធិប្រហាក់ប្រហែល ទប់ស្កាត់ការលួចចម្លងស្នាដៃ ធ្វើវិសោធកម្មក្របខណ្ឌគតិយុត្តិ ពាក់ព័ន្ធឱ្យត្រូវនឹងស្ថានភាពជាក់ស្ដែងនៃបច្ចេកវិទ្យា និងកិច្ចសហការអន្តរជាតិ។

ទី៣៖ ដើម្បីពង្រឹងកិច្ចសហការ និងរៀនសូត្រពីបទពិសោធនានាទាំងក្នុង និងក្រៅប្រទេស ដែលទទួលបានជោគជ័យ លើវិស័យឧស្សាហកម្មវប្បធម៌ និងច្នៃប្រតិដ្ឋ, សម្តេចសូមលើកទឹកចិត្តឱ្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងវិស័យឯកជន ត្រូវបញ្ជូនមន្ត្រី សិល្បករ សិល្បការិនី សិប្បករទៅសិក្សាដកពិសោធន៍ និងសហការជាមួយដៃគូ ក្នុងការរៀបចំវគ្គបណ្តុះបណ្តាលជំនាញក្នុងស្រុក។ ជាមួយគ្នានេះ, គួរពង្រឹងបន្ថែមនូវកិច្ចការស្រាវជ្រាវ បោះពុម្ពផ្សាយ ព្រមទាំងប្រើប្រាស់នូវបច្ចេកទេសវិទ្យាថ្មីៗ ដើម្បីធ្វើបរមូបនីយកម្មវិស័យនេះ។

ទី៤៖ ក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ, ក្រសួង-ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរដែនដីគ្រប់ជាន់ថ្នាក់ ត្រូវបន្តយកចិត្តទុកដាក់ថែរក្សាការពារ និង បង្ក្រាបរាល់បទល្មើសឱ្យបានទាន់ពេល ប្រកបដោយប្រសិទ្ធភាពនៅតាមទីតាំងតំបន់ប្រាសាទ រមណីយដ្ឋាន ប្រវត្តិសាស្ត្រ វត្តអារាម សំណង់ប្រវត្តិសាស្ត្រ និងសំណង់ ដែលមានអាយុកាលរាប់រយឆ្នាំ នៅតាមមូលដ្ឋាននៅទូទាំងប្រទេស។ ត្រូវបន្តរួមគ្នាធ្វើបញ្ជីសារពើភណ្ឌ គ្រប់ទីតាំងនៃបេតិកភណ្ឌរូបីទាំងនោះ ឱ្យបានសព្វគ្រប់ ដើម្បីចៀសវាងការរំលោភបំពាន ហើយត្រូវបន្តទាមទារយកមកវិញនូវបដិមានានារបស់ជាតិ ដែលត្រូវបានបាត់បង់កន្លងមកក្នុងអំឡុងសម័យសង្គ្រាម ។

ទី៥៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ត្រូវបន្តកិច្ចសហការជាមួយក្រសួងទេសចរណ៍ ដើម្បីផ្សព្វផ្សាយនូវសក្តានុពលទេសចរណ៍វប្បធម៌ជាតិ ឱ្យបានកាន់តែទូលំទូលាយក្នុងគ្រប់ រូបភាពសម្រាប់ទេសចរជាតិ និងអន្តរជាតិ សំដៅលើកតម្លៃវប្បធម៌ជាតិ រួមចំណែកជំរុញកំណើន សេដ្ឋកិច្ចជាតិ និងកាត់បន្ថយភាពក្រីក្រ។

ទី៦៖ សម្តេចសូមគាំទ្រ ចំពោះកិច្ចសហការរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងក្រសួងព័ត៌មាន ដែលបានធ្វើឱ្យវិស័យភាពយន្តភាគខ្មែរ បាន និង កំពុងមានភាពរីកចម្រើនគួរឱ្យកត់សម្គាល់ តាមរយៈការកំណត់ម៉ោងមាសសម្រាប់ធ្វើការចាក់ផ្សាយភាពយន្តភាគខ្មែរ ។ ជាមួយគ្នានេះ, អាជ្ញាធរដែនដីគ្រប់ជាន់ថ្នាក់ ត្រូវសហការជួយសម្រួលផ្ដល់ទីតាំងក្នុងដែនដីរបស់ខ្លួន ដើម្បីសម្រួលដំណើរការនៃការថត និងផលិតខ្សែភាពយន្ត ។

ទី៧៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ត្រូវបន្តកិច្ចសហការជាមួយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បំផុសសកម្មភាពគ្រប់ស្ថានទូត និងស្ថានកុងស៊ុលកម្ពុជាប្រចាំនៅបរទេស រៀបចំព្រឹត្តិការណ៍វប្បធម៌ខ្មែរឱ្យបានទៀងទាត់ជារៀងរាល់ឆ្នាំ ដើម្បីផ្សព្វផ្សាយវប្បធម៌ជាតិ ជាមួយនឹងការពង្រឹងនយោបាយវប្បធម៌ការទូត ហើយត្រូវបំផុសឱ្យសហគមន៍ខ្មែរនៅបរទេស ចូលរួមរៀបចំកម្មវិធីទិវាវប្បធម៌ជាតិឱ្យបានអធិកអធម និងទូលំទូលាយ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

ចូលមើលព័ត៌មានថ្មីៗបន្ថែម