ភ្នំពេញ៖ ការធ្លាក់ចុះនៃតម្លៃគ្រាប់ស្វាយចន្ទីនៅរដូវប្រមូលផលឆ្នាំនេះ កំពុងដាក់បន្ទុកបន្ថែមដល់ប្រជាកសិករឲ្យកាន់តែយ៉ាប់យ៉ឺនមួយកម្រិតទៀត ក្នុងគ្រាដែលការប្រមូលផលស្វាយចន្ទីឆ្នាំនេះ របស់ពួកគេមានការថយចុះគួរឲ្យព្រួយបារម្ភ ដោយសារបញ្ហាអាកាសធាតុ។
ជុំវិញការធ្លាក់នៃតម្លៃគ្រាប់ស្វាយចន្ទីនេះ សមាគមស្វាយចន្ទីកម្ពុជា អះអាងថា តម្លៃគ្រាប់ស្វាយចន្ទីនឹងងើបឡើងវិញ នៅអំឡុងខែ កក្កដា ឬខែកញ្ញា ខាងមុខនេះ ខណៈបច្ចុប្បន្នកំពុងធ្លាក់ចុះខ្លាំង។
លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា បានអំពាវនាវដល់ កសិករ ដែលកំពុងប្រមូលគ្រាប់ស្វាយចន្ទី សូមហាលគ្រាប់ និងរក្សាទុកឲ្យបានល្អ រង់ចាំលក់ពេលតម្លៃប្រសើរឡើងនៅខែកក្កដា ឬកញ្ញា ខាងមុខ ដើម្បីចៀសវាងការលក់ក្នុងអំឡុងពេលនេះនាំឲ្យខាតបង់ប្រាក់ចំណូល។
លោក បានបញ្ជាក់ថា តម្លៃគ្រាប់ស្វាយចន្ទី នាបច្ចុប្បន្ននេះ បានធ្លាក់ពី ១០%ទៅ ១៥% ខណៈទិន្នផលវិញ សមាគមស្វាយចន្ទីកម្ពុជា បានព្យាករណ៍ថា នឹងថយចុះចន្លោះពី ១០% ទៅ ៣០% បើធៀបនឹងឆ្នាំ ២០២៣។
លោក បានឱ្យដឹងបន្តថា ទោះបីជាតម្លៃគ្រាប់ស្វាយចន្ទីពេលនេះ នៅចន្លោះពី ៤០០០ទៅ ៥០០០រៀល ក្នុងមួយគីឡូក្រាម ធ្លាក់ចុះប្រហែល ១០% បើធៀបកាលពីឆ្នាំមុន ប៉ុន្តែតម្លៃនេះគឺអាចទទួលយកបាន ពោលគឺមិនទាបពេកមិននោះទេ តែបញ្ហានៅត្រង់ថា កសិករឆ្នាំនេះប្រ មូលផលគ្រាប់ស្វាយចន្ទីបានតិច ដោយសារបញ្ហាអាកាសធាតុ។
ប្រធានសមាគមស្វាយចន្ទីកម្ពុជារូបនេះ បានបន្តឲ្យដឹងទៀតថា បាតុភូតអែលនីណូ បានបង្កផលប៉ះពាល់យ៉ាងខ្លាំង លើផលិតកម្មស្វាយចន្ទីក្នុងប្រទេសកម្ពុជា។ ដោយសារការអូសបន្លាយកម្តៅជាង ៤០អង្សាសេ ធ្វើឱ្យគាំងផ្កាមិនចេញក្តឹប និងផ្កាក្រៀមខូចជាបណ្តើរៗ។ ការធ្លាក់ទិន្នផលស្វាយចន្ទីនៅកម្ពុជា អាចបង្កើនតម្លៃគ្រាប់កែច្នៃលើទីផ្សារអន្តរជាតិនាឆ្នាំ ២០២៤នេះ។
ទោះជាយ៉ាងណាង លោកថា សគមគមស្វាយចន្ទីកម្ពុជា បាន និងកំពុងណែនាំ សមាជិករបស់ខ្លួនឱ្យហាលគ្រាប់ទុករង់ចាំតម្លៃប្រសើរឡើងនៅខែកក្កដា ឬកញ្ញា។ អ្នកមានលទ្ធភាពគួរហាលទុក កុំឲ្យឈ្មួញបរទេសបានចិត្ត និងកុំលក់ប្រជែងជាមួយកសិករតូចតាច។ តាមការប៉ាន់ប្រមាណរបស់សមាគមស្វាយចន្ទីកម្ពុជា បានឲ្យដឹងថា បច្ចុប្បន្នផ្ទៃដីដាំដុះស្វាយចន្ទី ៧០ម៉ឺនហិកតា នៅទូទាំងប្រទេសកម្ពុជា។
គួរបញ្ជាក់ដែរថា បើផ្អែកតាមរបាយការណ៍ប្រ ចាំឆ្នាំ២០២៣ និងផែនការអនុវត្តឆ្នាំ ២០២៤ របស់សមាគមស្វាយចន្ទីកម្ពុជា (សសក) បានឲ្យដឹងថា កាលពីឆ្នាំ២០២៣ កម្ពុជា សម្រេចបាននូវការនាំចេញគ្រាប់ស្វាយចន្ទីឆៅទៅទីផ្សារអន្តជាតិ ៦៥ម៉ឺន ៦ពាន់តោន ថយចុះ ៧,៦% គិតជាទឹកប្រាក់ ៨៣៧លានដុល្លារ ថយចុះ ១៦,៩%បើធៀបកាលពីឆ្នាំ ២០២២។ គ្រាប់ស្វាយចន្ទីភាគច្រើនលើសលប់ត្រូវបាននាំចេញទៅប្រទេសវៀតណាម ក្នុងបរិមាណ ៦១ម៉ឺន ៨ពាន់តោន៕