Tuesday, September 23, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឧបនាយករដ្ឋមន្ត្រីហង់ជួន ណារ៉ុន ៖ ដើម្បីអប់រំសិស្ស និងយុវជនឱ្យក្លាយជាពលរដ្ឋល្អ ក្រសួងអប់រំ មានទិសដៅលើកកម្ពស់ចំណេះដឹង បំណិន និងចរិយាធម៌ ការយល់ដឹងពីគុណតម្លៃ ភាពជាពលរដ្ឋល្អ ដែលឆ្លុះបញ្ចាំង ពី ៣ ចំណុចធំៗ

រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិតសភាចារ្យហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណ: និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានចូលរួមជាអធិបតីក្នុងពិធីបើកសិក្ខាសាលាបណ្តុះបណ្តាលគ្រូបង្គោលកម្មវិធី «មនសិការពលរដ្ឋល្អ» នៅមជ្ឈមមណ្ឌលម៉ានី អគារ The Kampus” ដែលសហការរៀបចំឡើងរវាងក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ ក្រោមឱវាទក្រសួងអប់រំ យុវជន និងកីឡា សមាជិក សមាជិកាសហភាពសហព័ន្ធយុវជនកម្ពុជា ក្រុមការងាររៀបចំកម្មវិធីមនសិការពលរដ្ឋល្អ និងលោកគ្រូ អ្នកគ្រូ សរុបចំនួន ២៧៩ រូប។

បន្ទាប់ពីរបាយការណ៍សង្ខេបដោយលោកជំទាវ ដាំ ដារីនី អនុប្រធានស.ស.យ.ក. និងជាប្រធានកម្មវិធី «មនសិការពលរដ្ឋល្អ» រួចមក ឯកឧត្តម ហ៊ុន ម៉ានី ក៏បានធ្វើការថ្លែងអំណរគុណ និងកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងក្រសួងអប់រំ យុវជន និងកីឡា ក្នុងការដឹកនាំបណ្តុះបណ្តាលយុវជនកម្ពុជា ឱ្យក្លាយជាសសរទ្រូងនៃប្រទេសជាតិ និងចូលរួមចំណែកជាមួយសង្គមជាតិ ជាពិសេសក្នុងការអនុញ្ញាតឱ្យស.ស.យ.ក. ចូលរួមចំណែកជាមួយក្រសួងក្នុងការបំពាក់បំប៉ន សមត្ថភាពយុវជនតាមរយះការផ្តល់វគ្គបំប៉នដល់សិស្សដែលត្រៀមប្រឡងមធ្យមសិក្សាទុតិយភូមិ ចូលរួមជាអ្នកសង្កេតការណ៍ គាំទ្រកំណែទម្រង់វិស័យអប់រំ ការបង្កើតជាកម្មវិធីសម្រាប់យុវជននានា ដែលក្នុងនោះមានសិក្ខាសិលា ”មនសិការពលរដ្ឋល្អ” នាថ្ងៃនេះ។
ឯកឧត្តមក៏បានគូសបញ្ជាក់ « ការបណ្តុះបណ្តាលមនសិការពលរដ្ឋល្អ មិនមែនត្រូវធ្វើទាល់តែមានវិបត្តិនោះទេ ប៉ុន្តែត្រូវបណ្តុះបណ្តាលជាប្រចាំ» សិក្ខាសិលា នេះនឹងបណ្តុះមនសិការ ឆន្ទៈ និងភាពជាពលរដ្ឋល្អដល់យុវជនកម្ពុជា ដើម្បីក្លាយជាសរសរទ្រូង និងជាធនធានដ៏មានសារៈសំខាន់ សម្រាប់ប្រទេសជាតិ នាពេលអនាគត។

ក្នុងនាមក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តមបណ្ឌិតសភាចារ្យហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងក្រុមការងារគ្រប់លំដាប់ថ្នាក់ នៃស្ថាប័នទាំងពីរ ដែលផ្តួចផ្តើមបង្កើតកម្មវិធី “មនសិការពលរដ្ឋល្អ” បំពេញបន្ថែមទៅលើកម្មវិធីសិក្សាផ្លូវការរបស់រដ្ឋ ក្នុងគោលបំណងបណ្តុះបណ្តាលសមត្ថភាព ឆន្ទៈ ការទទួលខុសត្រូវ និងភាពជាពលរដ្ឋល្អដល់យុវជន ដើម្បីចូលរួមអភិវឌ្ឍ និងរក្សាសុខុដុមនីយកម្មប្រទេសជាតិ។ កម្មវិធីនេះនឹងធ្វើការផ្សារភ្ជាប់ទ្រឹស្ដីទៅនឹងការអនុវត្តគម្រោងជាក់ស្តែងនៅក្នុងក្របខណ្ឌសាលារៀន និងសហគមន៍ ក៏ដូចជាទស្សនកិច្ចសិក្សាជូនដល់សិស្សានុសិស្សឱ្យបានយល់ដឹងអំពីប្រវត្តិសាស្ត្រ ការតស៊ូលះបង់ របស់វីរជនជំនាន់មុនក្នុងបុព្វហេតុកសាងជាតិមាតុភូមិ។

រាជរដ្ឋាភិបាលបាន និងកំពុង បន្តឆន្ទៈ និងការ ប្តេជ្ញាចិត្តខ្ពស់ក្នុងការអប់រំយុវជនខ្មែរឱ្យ ក្លាយ ជា កូនល្អ សិស្សល្អ មិត្តល្អ និងជាពលរដ្ឋល្អ ដោយផ្អែកលើចតុស្តម្ភនៃការអប់រំ ចំនួន០៤ គឺ ៖ (១) អប់រំដើម្បីឱ្យមានចំណេះដឹង (២) អប់រំដើម្បីឱ្យមានចំណេះធ្វើ (៣) អប់រំដើម្បីឱ្យមានឥរិយាបថ និងក្រមសីលធម៌ល្អ (៤) អប់រំដើម្បីឱ្យចេះរស់នៅក្នុងសង្គមប្រកបដោយភាពសុខុដុមរមនា។

ឯកឧត្តមបណ្ឌិតសភាចារ្យហង់ជួន ណារ៉ុន បានមានប្រសាសន៍ទៀតថា ដើម្បីអប់រំសិស្ស និងយុវជនឱ្យក្លាយជាពលរដ្ឋល្អ ក្រសួងអប់រំ យុវជន និងកីឡាក៏ ដូចជាស្ថាប័នពាក់ព័ន្ធដទៃទៀត មានទិសដៅលើកកម្ពស់ចំណេះដឹង បំណិន និងចរិយាធម៌ ការយល់ដឹងពីគុណតម្លៃ ភាពជាពលរដ្ឋល្អ ដែលឆ្លុះបញ្ចាំង ពី ៣ ចំណុចធំៗ (ទី១). យើងមកពីណា ៖ យល់ដឹងអំពី ប្រវត្តិសាស្ត្រកម្ពុជា គ្រប់សម័យកាល (ទី២) យើងនៅទីណា៖ ផ្តោតលើ បំណិនសតវត្សទី២១ និងការលើកកម្ពស់ភាពជាអ្នកដឹកនាំ ដើម្បីឱ្យយុវជនមានសមត្ថភាព ចូលរួមដោះស្រាយបញ្ហារួមរបស់ប្រទេសជាតិ មានភាពក្លាហាន ឈ្លាសវៃក្នុងការបញ្ចេញមតិ ត្រិះរិះពិចារណា សិក្សាស្រាវជ្រាវ ចែករំលែកគំនិត និងជំនាញក្នុងការនិយាយសាធារណៈប្រកបដោយក្រមសីលធម៌ និងចំណេះដឹងពិតប្រាកដ ដើម្បីបង្កើតសង្គមពុទ្ធិ (ទី៣) យើងចង់ទៅណា ៖ គឺជាការបណ្តុះចំណេះដឹង វិជ្ជាសម្បទា បំណិនសម្បទា ស្គាល់ខ្លួនឯង និង អភិវឌ្ឍន៍ខ្លួនឯង ប្រែខ្លួនជាអ្នកធ្វើស្វ័យសិក្សា រៀនសូត្រពេញមួយជីវិត។

ពលរដ្ឋល្អដែលជាមូលធនមនុស្សរបស់ប្រទេសជាតិ ត្រូវមានលក្ខណៈសម្បត្តិ ដូចខាងក្រោម៖ (១). មានមនសិការស្នេហាជាតិ៖ ត្រូវចេះគោរពច្បាប់ និងមានភាពស្មោះត្រង់ និងទំនួលខុសត្រូវចំពោះប្រទេសជាតិ ប្រជាជន និងរាជរដ្ឋាភិបាល គ្រប់កាលៈទេសៈទាំងអស់ (២). តបស្នងចំពោះសង្គមជាតិ៖ ត្រូវចេះចែករំលែក និងសកម្មចូលរួមក្នុងការងារសង្គម ដូចជា ការងារសហគមន៍ ការងារស្ម័គ្រចិត្ត ការងារមនុស្សធម៌ ដែលជាប្រយោជន៍របស់សង្គមជាតិ (៣). ចេះគោរពគ្នាទៅវិញទៅមក៖ ត្រូវមានឥរិយបថ និងសីលធម៌ល្អ ថ្លៃថ្នូរ ចេះគោរព អ្នកដទៃ ដោយមិនប្រកាន់ពូជសាសន៍ ពណ៌សម្បុរ វប្បធម៌ សាសនា (៤).
បំពេញកាតព្វកិច្ចជាពលរដ្ឋ៖ ត្រូវចូលរួមបោះឆ្នោត និងយល់ដឹងពីសិទ្ធិនិងការទទួលខុសត្រូវរបស់ខ្លួនក្នុងនាមជាពលរដ្ឋ។

ក្នុងឱកាសនេះដែរ ឯកឧត្តមបណ្ឌិតសភាចារ្យ ក៏ថ្លែងលើកទឹកចិត្ត ឯកឧត្តម លោកជំទាវ លោក លោកស្រី លោកគ្រូ អ្នកគ្រូ និងអ្នកពាក់ព័ន្ធទាំងអស់ យកចិត្តទុកដាក់ និងត្រង់ត្រាប់នូវរាល់ខ្លឹមសារពាក់ព័ន្ធ សំដៅធានាឱ្យកម្មវិធីវគ្គបណ្តុះបណ្តាលនេះប្រព្រឹត្តទៅដោយភាពរលូន គុណភាព និងទទួលបានជោគជ័យ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

×