Thursday, May 1, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សិស្សសាលាបីនាក់ ជិះម៉ូតូចេញពីរៀន បុករថយន្តសណ្តោងរ៉ឺម៉កពីក្រោយ បណ្តាលឲ្យស្លាប់ម្នាក់ និងរងរបួសធ្ងន់ពីរនាក់ នៅផ្លូវមហាវិថីឈ្នះឈ្នះ

ភ្នំពេញ ៖ អាសូរណាស់ ! ក្មេងស្រីបីនាក់ជិះម៉ូតូចេញពីរៀនមិនបានពាក់មួកសុវត្ថិភាព បានបុករថយន្តសណ្តោងរ៉ឺម៉កពីក្រោយយ៉ាងពេញទំហឹង បណ្តាលឲ្យយុវតីវ័យ១៤ឆ្នាំម្នាក់ ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ចំណែកយុវតីពីរនាក់ទៀតរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ ដោយហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងនៅវេលាម៉ោង ១១និង០០នាទីព្រឹកថ្ងៃទី១១ខែមីនាឆ្នាំ២០២៤ ស្ថិតនៅតាមបណ្តោយមហាវិថីឈ្នះឈ្នះភូមិសំរោង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

យុវតីដែលបានស្លាប់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ មានឈ្មោះ ឌិន សុធាវី អាយុ១៤ឆ្នាំ មុខរបរជាសិស្សថ្នាក់ទី៨A នៃសាលាវិទ្យាល័យអរុណវតី មានទីលំនៅ នៅភូមិសាមគ្គី សង្កាត់សំរោងត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៍មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញមានរថយន្តសណ្តោងទូកុងតឺន័រមួយគ្រឿង ពាក់ផ្លាកលេខព្រះសីហនុ4A-1069 បើកបរក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ក្រោមផ្លូវស្ពានល្បឿនលឿន រថយន្តក៏បានបត់ឆ្វេងបម្រុងចូលចូលផែ ស្របពេលនោះក៏មានក្មេងស្រីសិស្សសាលាទាំង៣នាក់ ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាសេ១២៥ ស៊េរីឆ្នាំ២០២៣ពណ៌ ខ្មៅពាក់ផ្លាកលេខភ្នំពេញ1JK-0621 ជិះឌុបគ្នាពីទិសដៅស្របទិសគ្នាពីត្បូងទៅជើងក្នុងល្បឿនយ៉ាងលឿន បានជ្រុលទៅបុកកន្ទុយសណ្តោងរថយន្តពីក្រោយ បណ្តាលឲ្យបែកក្បាលស្លាប់ភ្លាមៗម្នាក់នៅកន្លែងកើតហេតុ ចំណែកយុវតីដែលរួមដំណើរជាមួយគ្នាពីរនាក់ទៀត រងរបួសធ្ងន់ត្រូវបានដឹកយកទៅកាន់មន្ទីរពេទ្យ ដើម្បីធ្វើការសង្រ្គោះភ្លាមៗ។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានសហការ ជាមួយកម្លាំងជំនាញនគរបាលចរាចរណ៍ខណ្ឌពោធិ៍សែនជ័យ និងកម្លាំងការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះទៅវាស់វែង និងយករថយន្តនិងម៉ូតូទៅរក្សាទុក ដើម្បីដោះស្រាយគ្នានៅពេលក្រោយ។
ចំណែកសពយុវតីរងគ្រោះខាងលើសមត្ថកិច្ច បានធ្វើកំណត់ហេតុប្រគល់ទៅឲ្យក្រុមគ្រួសារ ដឹកយកទៅធ្វើបុណ្យតាមប្រពៃណី៕ រក្សាសិទ្ធដោយ ៖ សួង សាម