Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្មករ​ទូក​នេសាទ​ខេត្តកោះកុង​ជិត​១​ពាន់​នាក់ បាត់បង់​ការងារ ដោយសារ​ព្យុះ​ភ្លៀង និង​រលក​សមុទ្រ​បោកបក់​ខ្លាំង​

spot_img

​ខេត្ត​កោះកុង​៖ ប្រជាពលរដ្ឋ ដែល​ប្រកប​របរ​ធ្វើ​នេសាទ ឬ​ហៅ​ថា កម្មករ​ចុះ​ទូក​នេសាទ​សមុទ្រ បានឲ្យដឹងថា ពួកគាត់​មាន​គ្នា​រាប់រយ​នាក់ ឬ​មាន​ចំនួន​ជិត​១​ពាន់​នាក់ បាន​ឈប់​ពី​ធ្វើ​ការងារ​ជា​កម្មករ​នេសាទ​សមុទ្រ ដោយសារ​បញ្ហា​អាកាសធាតុ មិន​អាច​ចេញ​ទូក​ទៅ​នេសាទ នៅលើ​លំហ​សមុទ្រ​បានទេ ព្រោះ​រាល់​ថ្ងៃនេះ មាន​ភ្លៀង ខ្យល់ព្យុះ និង​រលក​សមុទ្រ​ធំៗ​។​

កម្មករ​នេសាទ បានឲ្យដឹង​ទៀតថា ពួកគាត់​បាន​ចាក់ចេញ ពី​ជីវិត​កម្មករ​ទូក​នេសាទ ព្រោះ​ពេល​នេះ​ទូក​នេសាទ​ជាច្រើន​គ្រឿង នៅ​ខេត្ត​កោះកុង បាន​ចូល​ចត​តាម​កំពង់ផែ​នានា អស់​រយៈពេល​ជាង​២​ខែ​កន្លង​មក​ហើយ ដោយសារ​មាន​ភ្លៀង​ធ្លាក់​ច្រើន មាន​ខ្យល់​បោកបក់​ខ្លាំង និង​រលក​សមុទ្រ​ធំៗ នៅលើ​លំហ​សមុទ្រ​។​

ទាក់ទិន​បញ្ហា​នេះ​ដែរ អ្នកគ្រប់គ្រង​កំពង់ផែ​បាក់​ខ្លង ខេត្ត​កោះកុង បាន​ទទួលស្គាល់ថា ដើម​ខែ​សីហា ឆ្នាំ​២០១៨​នេះ មាន​កម្មករ​នេសាទ​រាប់រយ​នាក់ បាន​បង្ខំចិត្ត​ចាកចេញ​ពី​ការងារ​ធ្វើ​កម្មករ​ចុះទូក​នេសាទ ដោយសារ​តែ​នៅលើ​លំហ​សមុទ្រ​ខេត្តកោះកុង មានទឹក​ភ្លៀង​ធ្លាក់​ស្ទើរ​រាល់ថ្ងៃ​។ លោក​ថា ក្នុង​មួយ​រយៈពេល​ចុងក្រោយ​នេះ ទូក​នេសាទ​ភាគច្រើន មិន​អាច​ចេញ​ទូក​ទៅ​នេសាទ​នៅលើ​លំហ​សមុទ្រ​បាន​ទេ​។​

បញ្ហា​នេះ​ដែរ មន្ត្រី​ជលផល​ខេត្ត​កោះកុង បាន​កត់សម្គាល់​ថា អាកាសធាតុ​នៅ​ឆ្នាំ​២០១៨​នេះ ពិតជា​មាន​ភ្លៀង និង​ខ្យល់​ច្រើន​ជាង​ឆ្នាំ​មុន​។ ហើយ​ថា រាល់ថ្ងៃនេះ អាកាសធាតុ​នា​ខេត្ត​កោះកុង នៅតែ​បន្ត​មាន​ភ្លៀង ខ្យល់​បោកបក់ និង​រលក​សមុទ្រ​ធំៗ​ជា​បន្តបន្ទាប់ មិនទាន់​ថយចុះ​ទេ​។​

មន្ត្រី​ដដែល​បាន​កត់សម្គាល់​ថា រដូវវស្សា​ឆ្នាំ​នេះ អាច​ខុសប្លែក​ពី​ឆ្នាំ​មុនៗ ព្រោះ​តាម​ធម្មតា ទឹកភ្លៀង ខ្យល់ និង​រលក​សមុទ្រ ត្រឹម​ពាក់កណ្តាល​ខែ​កញ្ញា​ជា​រៀងរាល់ឆ្នាំ រលក​សមុទ្រ នឹង​វិល​មក​រក​សភាព​ស្ងប់ស្ងៀម​។ ប៉ុន្តែ​សម្រាប់​ឆ្នាំ​២០១៨​នេះ មិន​ហា៑ន​សន្និដ្ឋានថា ស្ថានភាព​អាកាសធាតុ រលក​សមុទ្រ និង​ខ្យល់ព្យុះ​ជាដើម​បែបណា​នោះទេ ដោយ​ត្រូវ​រង់ចាំ​តាមដាន​ជា​មុន​សិន​៕ ដែន សីមា​

spot_img
×