ខេត្តកណ្តាល ៖ ក្នុងឱកាសចូលរួមសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “មន្ទីរពេទ្យតេជោសែន កោះធំ ” ព្រឹកថ្ងៃពុធ ទី១៣ មីនា ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានមានប្រសាសន៍ថា “មន្ទីរពេទ្យតេជោសែន កោះធំ” នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់សេវាសុខាភិបាលសាធារណៈជូនដល់ប្រជាពលរដ្ឋ ដែលរស់នៅក្នុងស្រុកស្អាង ស្រុកកោះធំ ស្រុកលើកដែក នៃខេត្តកណ្តាល និងស្រុកព្រៃកប្បាស នៃខេត្តតាកែវ និយាយដោយឡែក ក៏ដូចជាប្រជាពលរដ្ឋទូទៅដែលមានតម្រូវការសុខាភិបាល និយាយជារួមផងដែរ ។

សម្តេចមហាបវរធិបតី បានថ្លែងបន្តទៀតថា “មន្ទីរពេទ្យតេជោសែន កោះធំ” គឺជាមន្ទីរពេទ្យដែលផ្តល់សេវាព្យាបាលកម្រិតខ្ពស់ ដោយបំពាក់នូវសម្ភារបរិក្ខារ និងឧបករណ៍ព្យាបាលទំនើប ដើម្បីបំពេញតម្រូវការជូនប្រជាពលរដ្ឋ ដែលសមស្របតាមកម្មវិធីនយោបាយ និងចក្ខុវិស័យសម្រាប់អភិវឌ្ឍជាតិរបស់រាជរដ្ឋាភិបាល ដោយធ្វើការវិនិយោគទៅលើវិស័យសុខាភិបាល ដែលជាអាទិភាពចម្បងសម្រាប់រាជរដ្ឋាភិបាល អាណត្តិទី៧ នេះ ក្នុងការលើកកម្ពស់សុខភាព និងសុខុមាលភាពប្រជាជន ដែលជាកិច្ចការអាទិភាពទី៣ ក្នុងបញ្ចកោណទី១ “ការអភិវឌ្ឍមូលធនមនុស្ស” នៃយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងទៀតថា ប្រធានមន្ទីរពេទ្យ និងនាយកសាលាដើរតួនាទីសំខាន់ណាស់ សម្រាប់ការដឹកនាំមន្ទីរពេទ្យ និងសាលា។ ហេតុនេះ ការរើសពួកគាត់ ត្រូវមានស្តង់ដារ និងមានការវាយតម្លៃ ២ជាន់ ឲ្យបានត្រឹមត្រូវ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំបានឯកភាព និងផ្តល់គោលការណ៍ រឿងវិមជ្ឈការ។ ក្រសួងសុខាភិបាល ផ្តល់គោលការណ៍សិទ្ធិ ទៅខេត្តក្នុងការរើសប្រធានមណ្ឌលសុខភាព។ អីចឹងប្រធានមណ្ឌលសុខភាព មានក្រុមប្រឹក្សាឃុំរើសបេក្ខជន ១ជាន់ បន្ទាប់មក អភិបាលស្រុកវាយតម្លៃ ១ជាន់ទៀត មុននឹងឲ្យខេត្តសម្រេច។ ការជ្រើសរើសប្រធានមណ្ឌលសុខភាពមូលដ្ឋាន ក៏ដូចជានាយកសាលានេះ គឺត្រូវវិមជ្ឈការសិទ្ធិក្នុងការដឹកនាំ និងការអនុវត្តផែនការ។ ប៉ុន្តែផែនការប្រចាំឆ្នាំ គោលការណ៍ធំ ត្រូវកំណត់ដោយក្រសួង ព្រោះត្រូវមាននិយាម។ មិនអាចថា ពេទ្យបង្អែកស្រុកនៅទីនេះ មានស្តង់ដារប្រតិបត្តិខុសពីពេទ្យបង្អែកស្រុក នៃស្រុកលើកដែកនោះទេ»។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្តថា «នាយកសាលាដូចគ្នា។ កន្លងទៅ ក្រសួងមហាផ្ទៃ ផ្តល់សិទ្ធិឱ្យស្រុកមានសិទ្ធិរើសនាយកសាលា បានអនុវត្តនៅខេត្តបាត់ដំបង។ យើងសាកល្បង ១ឆ្នាំនេះ ឃើញជោគជ័យ ៦០ភាគរយ តែ ៤០ភាគរយអត់ត្រូវស្តង់ដារ។ ខ្ញុំថា អប់រំ និងសុខាភិបាល តែ ១ភាគរយ ក៏គ្រោះថ្នាក់ដែរ។ ធ្វើនាយកសាលា បើរើសខុស កូនចៅគេរាប់រយរាប់ពាន់នាក់ខុស ព្រោះត្រូវការទទួលខុសត្រូវក្នុងការពង្រឹងស្តង់ដារ។ អីចឹង ខ្ញុំឱ្យក្រសួងមហាផ្ទៃ ដក១ជំហ៊ាន ដោយឱ្យមានការវាយតម្លៃ ២ថ្នាក់ដដែល»។

ស្របពេលជាមួយគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្ថែមថា មូលធនមនុស្ស គឺទាមទារឱ្យមានសុខភាពល្អ។ ការលើកកម្ពស់សុខមាលភាពប្រជាពលរដ្ឋ គឺជានយោបាយអាទិភាពមួយរបស់រាជរដ្ឋាភិបាលនីតិកាលថ្មី។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដែរថា ដើម្បីការផ្តល់សេវាសុខាភិបាលបានល្អ ទាមទារពង្រឹងមន្ទីរពេទ្យ និងគុណភាពគ្រូពេទ្យគ្រប់ថ្នាក់។ ការពង្រឹងសេវាសុខាភិបាល គឺពង្រឹងលទ្ធភាពនៃការព្យាបាលឱ្យដល់មូលដ្ឋាន។
បន្ថែមលើនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការធ្វើសកម្មភាពឱ្យមនុស្សបាត់បង់ជំនឿចិត្តលើគ្រូពេទ្យជារឿងដ៏គ្រោះថ្នាក់។ សម្តេចធិបតី ណែនាំឱ្យគ្រូពេទ្យជាសេនារបស់ទេវតា ត្រូវប្រឹងប្រែងពង្រឹងសមត្ថភាពរបស់ខ្លួនបន្ថែម៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី





































