បុរសម្នាក់ប្រកបរបរដឹកទំនិញឲ្យអតិថិជននៅប្រទេសចិន ប៉ងប្រាថ្នាធ្វើដូចជា “សេដ្ឋី” នៅប្រទេសនោះ ដោយគាត់បានយកម៉ូតូរបស់គាត់ទៅលាបពណ៌មាស ដាក់ស្លាកលេខ ៨ប្រាំមួយដង… ។
ម៉ូតូ “មាស” លេខ ៨ ប្រាំមួយដើម របស់ Chen ។
ប៉ូលិសនៅក្រុងសៀងហៃ បានចាប់ឃុំខ្លួនបុរសត្រកូល Chen កាលពីថ្ងៃទី ២៥ ខែកក្កដា កន្លងមក ហើយក៏បាន “ឃុំ” ទាំងម៉ូតូរបស់គាត់ថែមទៀត -នេះបើតាមគេហទំព័រព័ត៌មានរបស់ស្ថានីយ៍ទូរទស្សន៍សៀងហៃ Kankanews.com ។
កាសែត South China Morning Post ឲ្យដឹងថា ច្បាប់គមនាគមន៍របស់ចិន ហាមឃាត់ម្ចាស់យានយន្តផ្លាស់ប្តូរស្លាកលេខ ពណ៌រថយន្តដោយគ្មានការអនុញ្ញាត ។
ប៉ុន្តែមនុស្សមួយក្រុម ដែលនិយម “លេង” ម៉ូតូបានធ្វើការលាបក្រូម៉េម៉ូតូរបស់ខ្លួនពណ៌មាសតាំងពីចង្កូត ពូកអង្គុយ កុងទ័រ… ។
ប៉ូលិសប្រាប់ថា សូម្បីតែភ្លើងហ្វារបស់ពួកគេក៏ផ្លាស់ប្តូរដែរ ។ ប្រការគួរឲ្យហួសចិត្តទៀតនោះ Logo Lamborghini ក៏ត្រូវបានភ្ជាប់នឹងដៃម៉ូតូ ហើយស្លាកលេខ A888 888 ត្រូវបានតម្លើងពីមុខ ។ លេខ ៨ ជាលេខ “រុងរឿង” ក្នុងវប្បធម៌ប្រពៃណីចិន ។
Chen ប្រាប់ប៉ូលិសថា គាត់បានចំណាយលុយអស់ជិត ២០០០យាន់ (ប្រមាណជាង ៣០០ដុល្លារ) សម្រាប់ម៉ាស៊ីន ហើយរាប់រយដុល្លារទៀតសម្រាប់ថ្នាំលាប និងការ”ច្នៃ” បន្ថែមតាមបំណងខ្លួន ។
SCMP ឲ្យដឹងថា Chen ធ្វើបែបនេះ គឺដើម្បីសម្រេចបានសុបិន្តក្លាយជា “សេដ្ឋី” របស់ខ្លួនឯង ។ Chen ពោល ៖ “ខ្ញុំសុបិន្តប្រាថ្នាក្លាយជាអ្នកមាន តែខ្ញុំដឹងថា ប្រការនេះពុំអាចកើតឡើងបាន ។ ដូច្នេះដើម្បីទទួលអារម្មណ៍ថា “មាន” ខ្ញុំសម្រេចចិត្តប្រែក្លាយយានជំនិះរបស់ខ្ញុំឲ្យក្លាយជាមាស មាស សុទ្ធសឹងតែមាស ។
“សុបិន្តប្រាថ្នា” របស់គាត់ពុំដឹងយ៉ាងម៉េចទេ គ្រាន់តែប៉ូលិសបានពិន័យអស់ ៧៥០យាន់ (ជាង ១០០ដុល្លារ) ហើយបញ្ជាឲ្យសំអាត “សុបិន្ត” នាំយករូបភាពម៉ូតូដើមមកវិញ ។ ហ្នឹងហើយ “សុបិន្ត”…នោះ ៕ លីសា