ភ្នំពេញ ៖ ស្ថានទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មានស្ដីពី ពិធីជួបពិភាក្សាការងារ និងចុះហត្ថលេខាលើលិខិតផ្លាស់ប្តូរសារស្ដីពី ការផ្តល់ឥណទានសម្បទានប្រាក់យ៉េន សម្រាប់ “គម្រោងអភិវឌ្ឍន៍មន្ទីរពេទ្យក្នុងតំបន់” រវាង ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និង ឯកឧត្តម KOMURA Masahiro អនុរដ្ឋមន្ត្រី្រក្រសួងការបរទេសជប៉ុន។
ក្នុងដំណើរទស្សនកិច្ចនៅប្រទេសកម្ពុជា កាលពីថ្ងៃទី១៣ ខែមីនា ឯកឧត្តម KOMURA Masahiro អនុរដ្ឋមន្ត្រីក្រសួងការបរទេសជប៉ុន បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។

ឯកឧត្តម KOMURA បានបង្ហាញពីបំណងសហការជាមួយប្រទេសកម្ពុជា ក្នុងការដោះស្រាយបញ្ហាប្រឈមរួមរបស់សហគមន៍អន្តរជាតិ ដើម្បីរក្សា និង ពង្រឹងសណ្តាប់ធ្នាប់អន្តរជាតិប្រកបដោយភាពសេរី និង បើកចំហរដោយផ្អែកលើនីតិរដ្ឋក្រោម “ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ”។ ជាការឆ្លើយតប ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា បានថ្លែងអំណរគុណ ចំពោះការគាំទ្ររបស់ប្រទេសជប៉ុនទៅលើសន្តិភាព ការកសាងឡើងវិញ និង ការអភិវឌ្ឍរបស់ប្រទេសកម្ពុជា ហើយ ឯកឧត្តម បានមានប្រសាសន៍ថា ឯកឧត្តមមានបំណងចង់ធ្វើការជាមួយប្រទេសជប៉ុន លើវិស័យកសាងសន្តិភាព និង សកម្មភាពកម្ចាត់មីន ដើម្បីសន្តិភាព និង ស្ថិរភាព នៃសហគមន៍អន្តរជាតិ។

ឯកឧត្តម KOMURA និង ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា ក៏បានចុះហត្ថលេខាលើលិខិតផ្លាស់ប្តូរសារស្ដីពីការផ្តល់ឥណទានសម្បទានប្រាក់យ៉េន សម្រាប់ “គម្រោងអភិវឌ្ឍន៍មន្ទីរពេទ្យក្នុងតំបន់” ។
គម្រោងនេះ នឹងអភិវឌ្ឍមន្ទីរពេទ្យ ចំនួន២ គឺមន្ទីរពេទ្យខេត្តសៀមរាប និងមន្ទីរពេទ្យខេត្តកំពង់ចាម ឱ្យក្លាយទៅជាមន្ទីរពេទ្យថ្នាក់តំបន់ ដែលគម្រោងនេះរួមមានការសាងសង់អគារមន្ទីរពេទ្យ ការបំពាក់ សម្ភារៈបរិក្ខារវេជ្ជសាស្រ្ត និងការបណ្តុះបណ្តាល និងអភិវឌ្ឍមន្ទីរពេទ្យ ទាំងពីរ បង្កើននូវសមត្ថភាពផ្តល់ជូនសេវាពិនិត្យ ព្យាបាល និងថែទាំជំងឺគ្របដណ្តប់ជូនប្រជាពលរដ្ឋនៅក្នុងខេត្ត និងតំបន់ជិតខាងផ្សេងទៀត៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី







