រាជធានីភ្នំពេញ ÷ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា តាមរយៈលទ្ធផលនៃការបោះឆ្នោតព្រឹទ្ធសភាកន្លងមកនេះ គឺបានបង្ហាញឱ្យឃើញច្បាស់ពីភាពចាស់ទុំខាងផ្នែកនយោបាយ និងវឌ្ឍនភាព នៃការអភិវឌ្ឍលទ្ធប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជា, ក្នុងន័យនេះ សម្ដេចធិបតី បង្ហាញថា ការបោះឆ្នោតព្រឹទ្ធសភា នីតិកាលទី៥ ដែលបានប្រព្រឹត្តទៅ ប្រកបដោយជោគជ័យ នាថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ កន្លងទៅនេះ មានគណបក្សនយោបាយ ចំនួន ៤ ចូលរួមប្រកួតប្រជែង និងមានអង្គបោះឆ្នោតចូលរួមរហូតដល់ទៅ ៩៩.៨៦ភាគរយ ជាលទ្ធផលគណបក្សប្រជាជនកម្ពុជាទទួលបានអាសនៈ ៥៥ ក្នុងព្រឹទ្ធសភា។

ការលើកឡើងបែបនេះ របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ធ្វើឡើងក្នុងឱកាសសម្ដេចអញ្ជើញកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ នៅវិមានសន្តិភាព។ ឆ្លៀតឱកាសលើកឡើងពីការបោះឆ្នោតព្រឹទ្ធសភា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សូមចូលរួមអបអរសាទរចំពោះជ័យជម្នះនៃការបោះឆ្នោត វាយតម្លៃខ្ពស់ និងអរគុណគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ជាពិសេសគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ដែលបានសហការចូលរួម និងញ៉ាំងឲ្យព្រឹត្តិការណ៍ជាតិដ៏សំខាន់នេះ ប្រព្រឹត្តទៅដោយសេរី យុត្តិធម៌ អហិង្សា ត្រឹមត្រូវ និងតម្លាភាព។

សូមបញ្ជាក់ថា ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ បានប្រព្រឹត្តទៅកាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤កន្លងទៅនេះ, មានអង្គបោះឆ្នោតចូលរួមទៅបោះឆ្នោតរហុតដល់ទៅ ៩៩.៨៦ភាគរយ និងមានគណបក្សនយោបាយចំនួន ៤ចូលរួមប្រកួតប្រជែង ក្នុងនោះ គណបក្សប្រជាជនកម្ពុជា ទទួលបាន ៥៥អាសនៈ និងគណបក្សឆន្ទៈខ្មែរទទួលបាន ៣អាសនៈ។ ដោយឡែកគណបក្សហ្វ៊ុនស៊ិនប៉ិច និងគណបក្សកម្លាំងជាតិ ដែលចូលរួមប្រកួតប្រជែងដែរនោះ មិនទទួលបានអាសនៈនោះទេ។
គួរជ្រាបថា ព្រឹទ្ធសភា នីតិកាលទី៥ តម្រូវឱ្យមានសមាជិក ៦២រូប ក្នុងនោះមាន ២រូប ត្រូវបានតែងតាំងដោយព្រះមហាក្សត្រ, ២រូបត្រូវបានបោះឆ្នោតជ្រើសតាំងដោយរដ្ឋសភា តាមមតិភាគច្រើន និង៥៨រូប ត្រូវបានជ្រើសតាំងតាមរយៈការបោះឆ្នោតអសាកល ដោយអង្គបោះឆ្នោត ជាសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ និងសមាជិករដ្ឋសភាក្នុងតំណែង៕ រក្សាសិទ្ធដោយ ៖ ពិសិដ្ឋ CEN











