សៀមរាប៖ អ្នកទទួលបន្ទុកផ្នែករកក្រុមហ៊ុនយន្តហោះ នៃព្រលានយន្តហោះអន្តរជាតិសៀមរាបអង្គរ លោក ពេជ្រ សុប៉ុនតារា បានប្រាប់ក្រុមអ្នកសារព័ត៌មានថា ជារៀងរាល់ថ្ងៃ មានជើងហោះហើរជាមធ្យមចំនួន ៥០ជើងទាំងទៅនិងមក និងមានភ្ញៀវទេសចរប្រហែល ៥,០០០នាក់ក្នុងមួយថ្ងៃ ដែលមានការកើនឡើងប្រហែល ៥ភាគរយ បើប្រៀបធៀបនិងព្រលានយន្តហោះអន្តរជាតិសៀមរាបចាស់។
លោកពេជ្រ សុប៉ុនតារា បានបន្តថា ព្រលាននេះ គឺធ្វើឡើង ដើម្បីទទួលភ្ញៀវទេសចរចំនួន ៧លាននាក់ក្នុងមួយឆ្នាំ ហើយដំណាក់កាលទី២ គឺ១០លាននាក់ក្នុងមួយឆ្នាំ ដោយបន្ថែមនូវជើងហោះហើរ។ លោក បានឱ្យដឹង នៅក្នុងឱកាសក្លឹបអ្នកកាសែតកម្ពុជា ដឹកនាំដោយលោកពុយ គា នាំក្រុមអ្នកសារព័ត៌មានប្រមាណជិត ៥០នាក់ មកពី ៣០ស្ថាប័នមាន ចិន វៀតណាម មកទស្សនកិច្ចព្រលានយន្តហោះ នាថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤។
លោកពេជ្រ សុប៉ុនតារា បានបន្ថែមថា បច្ចុប្បន្ននេះ យន្តហោះនៃអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ គឺហោះទៅកាន់៦ប្រទស នៅក្នុងតំបន់អាស៊ានលើកលែងតែប្រទេសព្រុយណេ ភូមា ឥណ្ឌូនេស៊ី និងហ្វីលីពីនតែប៉ុណ្ណោះ។ ហើយក៏មានការហោះទៅកាន់ប្រទេសចិន និងកូរ៉េខាងត្បូងផងដែរ ខណៈជើងហោះហើរពីប្រទេសឥណ្ឌា នឹងមានក្នុងពេលឆាប់ៗនេះ។
ក្នុងឱកាសនោះដែរ លោកពេជ្រ ប៉ុនតារា បានលើកឡើងទៀតថា នាពេលខាងមុខ នឹងមានជើងហោះហើរថ្មីៗបន្ថែមទៀត ស្របពេលនឹងមានការលើកទឹកចិត្តជើងហោះហើរ ដែលកំពុងដំណើរការឱ្យបង្កើននូវការហោះហើរ ដោយទទួលបាននូវអត្ថប្រយោជន៍ផ្សេងៗទៀត។ លោក បានសង្ឃឹម និងជឿជាក់ថា ក្រុមហ៊ុនក៏នឹងមានគម្រោងបង្កើនជើងហោះហើរទៅកាន់អឺរ៉ុបនិងអាមេរិកផងដែរ។
សូមជម្រាបថា អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ បានចាប់ផ្តើមសាងសង់ កាលពីខែមីនា ឆ្នាំ២០២០ ដោយក្រុមហ៊ុន Angkor International Airport Investment (Cambodia) Co.,Ltd (AIAI) ក្រោមទុនវិនិយោគប្រមាណ១,១០០លានដុល្លារអាមេរិក ដែលជាការវិនិយោគ BOT (សាងសង់ ដំណើរការ និងផ្ទេរមកវិញ) ក្នុងរយៈពេល៥៥ឆ្នាំ។ ជាមួយគ្នានេះដែរ ព្រលានយន្តសៀមរាបអង្គរ ត្រូវបានកសាងឱ្យទៅជាលំដាប់ថ្នាក់ 4E សម្រាប់យន្តហោះធំៗគ្រប់ប្រភេទ ដែលអាចហោះឡើង និងចុះចតបាន លើកលែងតែយន្តហោះ Boeing ៧៤៧-៨០០ និងយន្តហោះដែលមានទំហំស្លាបលើសពី៦៥ម៉ែត្រប៉ុណ្ណោះ។ អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរនេះ បានចាប់ផ្តើមបើកដំណើរការ ទទួលជើងហោះហើរលើកដំបូងជាផ្លូវការ នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣៕