Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ពង្រឹងវិស័យសុខាភិបាល ឈរលើអភិក្រមចំនួនពីរ

spot_img

ភ្នំពេញ ៖ នៅរសៀលថ្ងៃអង្គារ ទី១៩ ខែមីនា ឆ្នាំ ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ចូលរួមពិធី “ បិទសន្និបាតបូកសរុបលទ្ធផលការងារសុខាភិបាលលើកទី៤៣ ឆ្នាំ២០២៣ និងទិសដៅការងារឆ្នាំ២០២៤”។

សម្តេចមហាបវរធិបតី បានថ្លែងថា វិស័យសុខាភិបាល គឺជាការងារអាទិភាព និងចាំបាច់មួយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់សុខុមាលភាពរបស់ប្រជាពលរដ្ឋ។ ប្រជាពលរដ្ឋមានសុខភាពមិនល្អ នឹងធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ច និងការអភិវឌ្ឍន៍របស់ជាតិផងដែរ។ រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា បានដាក់ចេញ យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដោយកំណត់បញ្ចកោណទី១ គឺជាការអភិវឌ្ឍមូលធនមនុស្ស ដែលជាលក្ខខណ្ឌចាំបាច់មិនអាចខ្វះបាន សម្រាប់ជំរុញពិពិធកម្ម និងកំណើនសេដ្ឋកិច្ចប្រកបដោយ បរិយាប័ន្ន និងភាពធន់ ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ពង្រឹងវិស័យសុខាភិបាល ឈរលើអភិក្រមចំនួនពីរ គឺពីក្រោមឡើងលើ និងពីលើចុះក្រោម។ ពង្រឹងពីក្រោមទៅលើ គឺការពង្រឹងសេវាមូលដ្ឋាន សេវាបឋម សេវាបញ្ជូន បំពេញគ្រូពេទ្យ ពង្រឹងគុណភាពថ្នាំ និងបរិក្ខារពេទ្យជាដើម។ ពង្រឹងពីលើចុះទៅក្រោម គឺការធ្វើទំនើបកម្មឧបករណ៍ពេទ្យ និងធ្វើពិពិធកម្មសមត្ថភាពគ្រូពេទ្យ នៅថ្នាក់ជាតិ តំបន់ និងខេត្ត។
សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ក្រសួងសុខាភិបាល ត្រូវបន្តធ្វើបរិវត្តកម្មប្រព័ន្ធ និង កម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈសុខាភិបាល, ព្រមទាំងវិធីសាស្ត្របង្រៀនសម្រាប់ការបណ្តុះបណ្តាលមូលដ្ឋាន និង ការបណ្តុះបណ្តាលបន្ត តាមអភិក្រមប្រាកដនិយមមួយ ដែលផ្តោតលើការកសាងចំណេះដឹង ជំនាញ និង ពហុជំនាញពិតប្រាកដ ព្រមទាំងការបណ្តុះវប្បធម៌នៃការប្រតិបត្តិក្រមសីលធម៌ល្អ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា គណៈវិជ្ជាជីវៈសុខាភិបាលមានតួនាទីសំខាន់ណាស់ ក្នុងការពង្រឹងសមត្ថភាពប្រព័ន្ធ ផ្តល់សេវាថែទាំសុខភាព នៅផ្នែកសាធារណៈ និង ឯកជន និង ផ្ដល់ការគាំទ្រដល់កិច្ចខិតខំប្រឹង ប្រែងរបស់ក្រសួងសុខាភិបាល ក្នុងការកសាង និង ការអភិវឌ្ឍធនធានមនុស្សសុខាភិបាល ដែល មានចំណេះដឹងខ្ពស់ ជំនាញពិតប្រាកដ និងក្រមសីលធម៌ល្អនៅបច្ចុប្បន្នកាល និងសម្រាប់ពេលអនាគត។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្រសួងសុខាភិបាល ត្រូវបន្តជំរុញការធ្វើបរិវត្តកម្មសុខាភិបាលឌីជីថល ដើម្បីក្លាយទៅជាសេវាថែទាំសុខភាពឱ្យទៅជាសេវា ដែលផ្តោតលើប្រជាជន តាមរយៈការចាប់យកការសម្រប និងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ប្រកបដោយសមានគតិភាព និងប្រសិទ្ធផលដោយសហការជាមួយ ក្រសួងប្រៃសណីយ៍ និង ទូរគមនាគមន៍ ដើម្បីអភិវឌ្ឍប្រព័ន្ធអេកូសុខាភិបាលឌីជីថល ដែលដំណើរការប្រកបដោយប្រសិទ្ធភាព និង ស័ក្តិសិទ្ធិភាព។

សម្តេចធិបតី ហ៊ុន ម៉ាណែត សូមជំរុញលើកទឹកចិត្តដល់មន្ត្រីសុខាភិបាល វេជ្ជបណ្ឌិត គ្រូពេទ្យ គិលានុបដ្ឋាក និង បុគ្គលិកថែទាំងវេជ្ជសាស្ត្រទាំងអស់ សូមធ្វើអាទិភាវូនីយកម្មលើការសង្គ្រោះជីវិតលើសអ្វីៗទាំងអស់ ដោយហេតុថាមុខងារអាជីពជាចម្បងរបស់មន្ត្រីសុខាភិបាល វេជ្ជបណ្ឌិត គ្រូពេទ្យ គិលានុបដ្ឋាក និង បុគ្គលិកថែទាំងវេជ្ជសាស្ត្រទាំងអស់ គឺការសង្គ្រោះជីវិតប្រជាជន តាមរយៈការផ្តល់ការព្យាបាលសុខភាពប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈខ្ពស់ ជាមួយនឹងការគោរព ស្រឡាញ់អ្នកជំងឺ និង អ្នកទទួលសេវាសុខាភិបាល ប្រកបដោយទឹកចិត្តបរិសុទ្ធបំផុត៕រក្សាសិទ្ធដោយ​៖សុទ្ធលី

spot_img
×