បន្ទាយមានជ័យ ៖ គណបក្សប្រជាជនកម្ពុជាជាបក្សកាន់អំណាចនិងរដ្ឋបាលខេត្តបន្ទាយមានជ័យអះអាងថា ខ្លួនត្រូវពន្យាស្វាគមន៍មន្ត្រីនិងសកម្មជននៃអតីតគណបក្សសង្គ្រោះជាតិជាបក្សប្រឆាំងដល់ថ្ងៃទី២៤វិច្ឆិកា។មកទល់ពេលនេះ (ថ្ងៃទី១៩វិច្ឆិកា)សមាជិកក្រុមប្រឹក្សាអតីតគណបក្សប្រឆាំង៤នាក់លើ២១១នាក់បានចុះចូលគណបក្សប្រជាជនកម្ពុជានៅខេត្តនេះ។
លោកសួន បវរ និយាយថា ៖ “ក្នុងនាមអភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងក្នុងនាមប្រធានគណបក្សប្រជាជនកម្ពុជាខេត្ត ខ្ញុំសូមអំពាវនាវថា ៖ខ្ញុំនៅតែបន្តទទួលបងប្អូន(មន្ត្រីនិងសកម្មជនអតីតគណ:បក្សសង្គ្រោះជាតិ)ដែលបានស្ម័គ្រចិត្តបន្តបំរើប្រជាពលរដ្ឋជាមួយគណបក្សប្រជាជនកម្ពុជាជាបន្តទៀត រហូតដល់ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៧ បញ្ចប់ត្រឹមវេលាម៉ោង១៧ “។
លោក សួន បវរ និយាយបន្តថា: បងប្អូននៅមានឱកាសចុងក្រោយក្នុងការចូលរួមបន្តបេសកកម្មបំរើប្រជាជនរយៈពេលប្រាំឆ្នាំនៃអាណត្តិក្រុមប្រឹក្សាឃុំ-សង្កាត់ ដោយរក្សាតំណែងជូនដដែល ។ រាល់ចលនាក្រៅច្បាប់ជាអំពើផ្ទុយពីច្បាប់ នឹងត្រូវផ្តន្ទាទោសតាមច្បាប់កំណត់។ សូមបងប្អូនឈប់ជឿតាមឧបាយកលញ៉ុះញ៉ុងភូតកុហក់បោកប្រាស់ក្រោមការបញ្ជាពីបរទេសដែលនាំទៅដល់មហន្តរាយជាតិ ។”ការភ្ញាក់រលឹកមករួមរស់ក្រោមឆ័ត្ររាជរដ្ឋាភិបាល គឺជាការម្ចាស់ការទទួលខុសត្រូវលើជោគវាសនារបស់ខ្លួនឯង សង្គមគ្រួសារ និងប្រទេសជាតិ ” ។
លោកសួន បវរ និយាយដូច្នេះក្នុងបណ្តាញសង្គមហ្វេសប៊ុករបស់លោកដោយភ្ជាប់មកជាមួយនូវរូបថតជាមួយសមាជិកក្រុមប្រឹក្សាឃុំសំបួរនិងឃុំសឿ ស្រុកមង្គលបូរី ចំនួន៤នាក់ មកពីអតីតគណបក្សសង្គ្រោះជាតិ ព្រមទាំងលិខិតសរសេរដៃដែលសុំចូលរួមរស់នឹងគណបក្សប្រជាជនកម្ពុជា ហើយចារនិងហត្ថលេខាទទួលដោយលោកម៉ុន មី ប្រធានគណបក្សប្រជាជនកម្ពុជាស្រុកមង្គលបូរីនិងស្រុកដទៃទៀត ព្រមទាំងលោកសួន បវរ ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តបន្ទាយមានជ័យសមាជិកក្រុមប្រឹក្សាឃុំសឿគឺលោក អែម សាអឿម អាយុ៦២ឆ្នាំ ,លោក ខង សុខា អាយុ២៨ឆ្នាំ សុំចុះចូលថ្ងៃទី១៤វិច្ឆិកានិងលោក ចិន ធាម សមាជិកក្រុមប្រឹក្សាឃុំពន្លៃស្រុកភ្នំស្រុក ចុះចូលថ្ងៃទី៧វិច្ឆិកា២០១៧និងលោកយ៉ែម យ៉ត អាយុ៥៧ឆ្នាំ សមាជិកក្រុមប្រឹក្សាឃុំសំបួរស្រុកមង្គលបូរី។ មកទល់ពេលនេះមានសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់អតីតគណបក្សសង្គ្រោះជាតិ(បក្សប្រឆាំង) ៤ នាក់លើ២១១នាក់ បានចុះចូលរួមរស់ជាមួយជីវភាព
សូមបញ្ជាក់ថា កន្លងមកនេះ ត្រឹមថ្ងៃតុលាការកំពូលសវនាការរម្លាយគណបក្សសង្គ្រោះជាតិកាលថ្ងៃទិ១៦វិច្ឆិកា មានសកម្មជនអតីតគណបក្សសង្គ្រោះជាតិជិត៥០០នាក់ ត្រូវលោក អ៊ុំ រាត្រី អនុប្រធានគណបក្សប្រជាជនកម្ព្ជជាខេត្តនេះអះអាងថា ពួកគេបានចុះចូលគណបក្សប្រជាជនកម្ពុជាដែរ។
កាលពីថ្ងៃទី១៩វិច្ឆិកា អាជ្ញាធរនិងគណបក្សប្រជាជនកម្ពុជាខេត្តបន្ទាយមានជ័យបានអញ្ជើញមន្ត្រីក្រុមប្រឹក្សាខេត្ត ស្រុកក្រុង ពិសេសមេឃុំ ចៅសង្កាត់ ជំទប់ ចៅសង្កាត់រង សមាជិកក្រុមប្រឹក្សាឃុំសង្កាត់ទាំងជាង២០០នាក់មកពីអតីតគណបក្សសង្គ្រោះជាតិទៅចូលរួមប្រជុំនៅនៅទីស្នាក់ការគណបក្សប្រជជនកម្ពុជាខេត្ត។ ប៉ុន្តែពុំទាន់មានអ្នកមកចូលរួមនៅឡើយ៕ ដោយ ៖ បន្ទាយ