Sunday, May 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គម្រោងអាជីវកម្មរ៉ែមាសរបស់ក្រុមហ៊ុន រ៉ឺនេសង់ មីនើរ៉ល អាចទាញយកចំណូលប្រមាណ១៨៨លានដុល្លារអាមេរិកក្នុងមួយឆ្នាំ

spot_img

ខេត្តមណ្ឌលគិរី៖ នៅក្នុងអំឡុងពេលនៃការចុះបេសកកម្មសិក្សាស្វែងយល់ពីការងារទាក់ទងនឹងការទទួលខុសត្រូវរបស់គណៈកម្មការសាធារណការ ដឹកជញ្ជូន អាកាសចរណ៍ស៊ីវិល ប្រៃសណីយ៍ ទូរគមនាគមន៍ ឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា នវានុវត្តន៍ រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៃរដ្ឋសភា (គណៈកម្មការទី៩) ដឹកនាំដោយ លោកជំទាវ និន សាផុន ប្រធានគណៈកម្មការ បានអញ្ជើញចុះពិនិត្យសិក្សាជាក់ស្តែងនៅក្នុងការដ្ឋានរោងចក្រចម្រាញ់រ៉ែមាសរបស់ក្រុមហ៊ុន រុឺនេសង់ មីនើរ៉ល (ខេមបូឌា) លីមីធីត Renaissance Minerals (Cambodia) Limited នាថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤
ដោយមានការអមដំណើរពី ឯកឧត្តម អ៊ុច បូរ៉ា រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល និងឯកឧត្តម អ៉ឹង ឌីប៊ូឡា អគ្គនាយកនៃអគ្គនាយកដ្ឋានធនធានរ៉ែ ព្រមទាំងមន្រ្តីពាក់ព័ន្ធ អាជ្ញាធរដែនដីជាច្រើនទៀតផង។

បើតាមការឱ្យដឹងពី លោក Morgan Hart ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Renaissance Minerals (Cambodia) Limited បានឱ្យដឹងថា ការដ្ឋានអាជីវកម្ម និងរោងចក្រចម្រាញ់រ៉ែមាសនេះ ស្ថិតនៅក្នុងភូមិសាស្ត្រនៃឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី មានសមត្ថភាពជីកយកថ្មរ៉ែប្រមាណជិត២លានតោនក្នុងមួយឆ្នាំ និងចម្រាញ់ចេញជាដុំមាសមានគុណភាព ៩០% (Gold Dori Bars) បានប្រមាណ៣តោនក្នុងមួយឆ្នាំ។ គម្រោងអាជីវកម្មរ៉ែមាសនេះ អាចទាញយកចំណូលប្រមាណ១៨៨លានដុល្លារអាមេរិកក្នុងមួយឆ្នាំ។

បន្ទាប់ពីបានសម្ពោធដាក់ឱ្យដំណើរការការដ្ឋាន និងរោងចក្រចម្រាញ់រ៉ែមាសនេះជាផ្លូវការកាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ មកទល់នឹងពេលបច្ចុប្បន្ននេះ (គិតត្រឹមថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៤) ក្រុមហ៊ុនចម្រាញ់បានមាសចំនួនសរុប ៩៦៩៦,៩០ (ប្រាំបួនពាន់ ប្រាំមួយរយកៅសិបប្រាំមួយ ក្បៀសកៅសិប គីឡូក្រាម)។ បានផ្តល់ការងារសរុបចំនួន៤៣៤កន្លែង ក្នុងនោះជនជាតិខ្មែរមានចំនួន៣៤៧នាក់ (ស្រី៦០នាក់) បុគ្គលិកកម្រិតបរិញ្ញាបត្រចំនួន២៤នាក់ និងបុគ្គលិកបរទេស ចំនួន៨៧នាក់ (ស្រី៣នាក់)។

អត្ថប្រយោជន៍ដែលបុគ្គលិកជនជាតិខ្មែរទទួលបាននៅពេលបំពេញការងារនៅការដ្ឋានអាជីវកម្មរ៉ែមាស៖ ប្រាក់បៀវត្សរ៍ប្រចាំខែ ចាប់ពី៣៥០ដុល្លារ រហូតដល់ ៣៥០០ដុល្លារអាមេរិក អាស្រ័យតាមតួនាទី និងបទពិសោធន៍ការងាររបស់បុគ្គលិកបម្រើការងារនៅនឹងការដ្ឋាន រយៈពេល១២ម៉ោងក្នុងមួយថ្ងៃ និង២សប្តាហ៍ក្នុងមួយខែ ទទួលបានការដឹកជញ្ជូនដោយឥតគិតថ្លៃពីលំនៅដ្ឋានរបស់ខ្លួនទៅមកធ្វើការនៅការដ្ឋាន ទទួលបានកន្លែងស្នាក់នៅប្រកបដោយផាសុខភាព និងសុវត្ថិភាព ទទួលបានអាហារូបត្ថម្ភ៣ពេលក្នុងមួយថ្ងៃ ទទួលបានការពិនិត្យ និងព្យាបាលសុខភាព ២៤ម៉ោង/ថ្ងៃ នៅមណ្ឌលសុខភាពក្នុងការដ្ឋានតែម្តង និងទទួលបានអត្ថប្រយោជន៍ផ្សេងពីសេវាធានារ៉ាប់រងលើការងារនៅនឹងការដ្ឋាន។

បន្ទាប់ពីបានស្តាប់យ៉ាងយកចិត្តទុកដាក់នូវការធ្វើបទបង្ហាញដោយសង្ខេបអំពីវឌ្ឍនភាពការងាររបស់ក្រុមហ៊ុន ក៏ដូចជាការពិនិត្យជាក់ស្តែង លោកជំទាវ និន សាផុន ប្រធានគណៈកម្មការទី៩ នៃរដ្ឋសភា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនដែលមានជំនឿទុកចិត្តមកលើរាជរដ្ឋាភិបាលកម្ពុជា និងបានវិនិយោគទុនប្រមាណ១២០លានដុល្លារ នៅតំបន់នេះ។

លោកជំទាវ និន សាផុន បានគូសបញ្ជាក់ថា សមិទ្ធផលទាំងនេះគឺជាសមិទ្ធផលដែលកើតចេញពីនយោបាយឈ្នះឈ្នះរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបាននាំមកនូវសន្តិភាព ស្ថេរភាពនយោបាយ និងការឯកភាពជាតិ ជូនជាតិ និងមាតុភូមិ ដែលជាកត្តាចាំបាច់បំផុត និងមិនអាចខ្វះបានក្នុងការអនុញ្ញាតឱ្យមានការវិនិយោគទ្រង់ទ្រាយធំនៅក្នុងវិស័យធនធានរ៉ែនេះ។

សមិទ្ធផលនេះ បាននាំមកនូវលំហូរទុនវិនិយោគពីក្រៅប្រទេសមកកម្ពុជា ការបង្កើតឱកាសការងារ ផលប្រយោជន៍សេដ្ឋកិច្ចសង្គមជាច្រើន បង្កើតប្រភពចំណូលថវិកាជាតិបន្ថែម បង្កើតនូវសមត្ថភាពជាតិ និងគំរូថ្មីសម្រាប់ការធ្វើអាជីវកម្មធនធានរ៉ែ ប្រកបដោយការទទួលខុសត្រូវ និងការអភិវឌ្ឍប្រកបដោយចីរភាព។ សមិទ្ធផលនៃដំណើរការចម្រាញ់រ៉ែមាសរបស់កម្ពុជានេះ គឺជាសក្ខីភាពយ៉ាងជាក់ច្បាស់នូវការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលនារយៈពេលកន្លងមក ក្នុងការបង្កើតបាននូវបរិស្ថានវិនិយោគសម្រាប់ទាក់ទាញវិនិយោគទុនពីក្រៅប្រទេស និងការបង្កើតបាននូវខឿនឧស្សាហកម្មថ្មីមួយ ប្រកបដោយការទទួលខុសត្រូវលើបរិស្ថាន និងសង្គម តាមស្តង់ដារអន្តរជាតិ ដែលអនុញ្ញាតឱ្យកម្ពុជាអាចទាញយកបាននូវធនធានរ៉ែដែលជាសម្បត្តិធម្មជាតិដ៏មានតម្លៃរបស់ខ្លួន ដើម្បីធ្វើការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងសង្គម បង្កើតបាននូវផលប្រយោជន៍រយៈពេលវែង សម្រាប់ប្រជាជនកម្ពុជាជាច្រើនជំនាន់ក្នុងពេលអនាគត ៕រក្សាសិទ្ធដោយ ៖ សុទ្ធលី

spot_img
×