ភ្នំពេញ ៖ ទីភ្នាក់ងារកម្ពុជាប្រឆាំងដូប៉ា ដែលសរសេរជាអក្សរកាត់ថា ទ.ក.ប.ដ. និងជាភាសា អង់គ្លេសថា Cambodia Anti-Doping Agency សរសេរជាអក្សរកាត់ថា CADA ត្រូវបានបង្កើតឡើងដើម្បីចូលរួមអនុវត្ត អនុសញ្ញាអន្តរជាតិប្រឆាំងនឹងការប្រើប្រាស់សារធាតុដូប៉ាក្នុងវិស័យកីឡា និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ។នេះបើយោងតាមអនុក្រឹត្យ ចុះហត្ថលេខាដោយសម្តេចធិបតី ហ៊ុន ម៉ាណែត ប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤។

កម្ពុជា គឺជារដ្ឋភាគី នៃអនុសញ្ញាអន្តរជាតិស្តីពី «ការប្រឆាំងការប្រើប្រាស់សារធាតុដូប៉ា» ក្នុងវិស័យកីឡា ដើម្បីចូលរួមអនុវត្តន៍អនុសញ្ញានេះ ទាមទារឱ្យមានការចូលរួមរួមពីភាគីពាក់ព័ន្ធយ៉ាងសំខាន់ ក្នុងការចូលរួមចំណែកផ្សព្វផ្សាយ អប់រំណែនាំ ក្នុងការហ្វឹកហ្វឺន ការប្រកួតកីឡាក្នុង និងក្រៅសាលារៀន ដោយចៀស វាងមិនប្រើប្រាស់សារធាតុដូប៉ាក្នុងវិស័យកីឡា ពីព្រោះការប្រើប្រាស់សារធាតុដូប៉ា អាចធ្វើឱ្យមានគ្រោះថ្នាក់ដល់គោលការណ៍ក្រមសីលធម៌ តម្លៃអប់រំ ដែលមានចែង ក្នុងរដ្ឋធម្មនុញ្ញអន្តរជាតិហើយគុណផលដែលទទួលបាន គឺជាក្លែងបន្លំបោកប្រាស់ផ្ទុយពី គោលការណ៍ និងបទបញ្ជានៃការប្រកួតអន្តរជាតិ។
នៅក្នុងអនុសញ្ញាអន្តរជាតិស្តីពី ការប្រឆាំងការ ប្រើប្រាស់ សារធាតុដូប៉ា ក្នុងវិស័យកីឡាបានចែងថា «រួមគ្នាទប់ស្កាត់ ឬបញ្ជៀសការប្រើប្រាស់ សារធាតុលើកកម្លាំង (ដូប៉ា)» ពីព្រោះវានាំឱ្យគ្រោះថ្នាក់ដល់សុខភាពរបស់កីឡាករ កីឡាការិនី និងគ្មានយុត្តិធម៌នៅក្នុងការ ប្រកួតកីឡា។ ការប្រយុទ្ធប្រឆាំងការប្រើប្រាស់សារធាតុដូប៉ានេះ ក៏មានចែងនៅក្នុងធម្មនុញ្ញអន្តរជាតិ ស្តីពីការអប់រំកាយ និងកីឡារបស់អង្គការយូណេស្កូ និងធម្មនុញ្ញអូឡាំពិកអន្តរជាតិ។ អង្គការយូណេស្កូ និង WADA អំពាវនាវឱ្យរដ្ឋាភិបាលលើ ពិភពលោករួមគ្នាប្រយុទ្ធប្រឆាំងការលួចបន្លំ និងការប្រើប្រាស់ សារធាតុដូប៉ាក្នុងវិស័យកីឡា។ ជាពិសេសរដ្ឋភាគី នៃអនុសញ្ញាមានកាតព្វកិច្ចអនុវត្តន៍ការងារនេះ ក្រសួងអប់រំ យុវជន និងកីឡា បានបង់វិភាគទានប្រចាំឆ្នាំ ៥០០០$ ក្នុង១ឆ្នាំ ចាប់ពីឆ្នាំ ២០១៤ រហូត ដល់បច្ចុប្បន្ន៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី













