ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រឿងរៀបចំអង្គរសង្រ្កាន្តឆ្នាំនេះ, ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី សម្តែងការហួសចិត្តថា តើបង មាស រិទ្ធី មានបំណងយ៉ាងណាសម្រាប់ខ្ញុំ ឬចង់មានចេតនាទាញចំណាប់អារម្មណ៍ពីមហាជន

ភ្នំពេញ ៖ ពាក់ព័ន្ធរឿងរៀបចំអង្គរសង្រ្កាន្តឆ្នាំនេះ , ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី បានមានប្រសាសន៍ថា ឯកឧត្តមបានស្តាប់កិច្ចសម្ភាសន៍របស់គាត់ និងហួសចិត្តដែរថា តើបង មាស រិទ្ធី មានបំណងយ៉ាងណាសម្រាប់ខ្ញុំ តើគាត់មិនបានឮចម្លើយរបស់ខ្ញុំពេលយប់នោះ ឬចង់មានចេតនាប្រើពាក្យបែបនេះ ក្នុងបំណងទាញចំណាប់អារម្មណ៍ពីមហាជន។ ចំណែកក្រសួងវប្បធម៌ និងវិចត្រសិល្បៈ ក៏បានស្នើសុំឲ្យអគ្គនាយកទូរទស្សន៍ហង្សមាស ចាត់វិធានការបន្ទាន់ ករណីការផ្សាយរបស់លោក មាស រឹទ្ធី ពាក់ព័ន្ធទៅនឹងពិធីសង្ក្រាន្តថ្ងៃចូលឆ្នាំខ្មែរ ដោយតម្រូវឲ្យលុបព័ត៌មានបន្ទាន់ និងត្រូវសុំទោសជាសាធារណៈឲ្យបានឆាប់រហ័សបំផុត។

តាមរយៈសំណេរលើបណ្តាញសង្គមហ្វេសប៊ុកផ្លូវការនាល្ងាចថ្ងៃទី២៥ខែមីនាឆ្នាំ២០២៤ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានមានប្រសាសន៍ថា “ខ្ញុំមានការភ្ញាក់ផ្អើលចំពោះអ្វីដែល បងប្រុស មាស រិទ្ធី បានស្រង់ហើយផ្សព្វផ្សាយថា ខ្ញុំបានប្រើពាក្យថា “ខ្ជិល” ក្នុងការឆ្លើយតបទៅនឹងសំណួរ ដែលសួរមកខ្ញុំ ថាតើរៀបចំអង្គរសង្ក្រាន្តទេឆ្នាំនេះ។ ខ្ញុំបានស្តាប់កិច្ចសម្ភាសន៍របស់គាត់ និងហួសចិត្តដែរថា តើបង មាស រិទ្ធី មានបំណងយ៉ាងណាសម្រាប់ខ្ញុំ តើគាត់មិនបានឮចម្លើយរបស់ខ្ញុំពេលយប់នោះ ឬចង់មានចេតនាប្រើពាក្យបែបនេះក្នុងបំណងទាញចំណាប់អារម្មណ៍ពីមហាជន”។

ឯកឧត្តម ហ៊ុន ម៉ានី បានថ្លែងទៀតថា “ខ្ញុំចង់យកឱកាសនេះ បញ្ជាក់ថា បង មាស រិទ្ធី បានសួរខ្ញុំមែន “ថារៀបចំអង្គរសង្រ្កាន្តឆ្នាំនេះ” ហើយខ្ញុំក៏បានឆ្លើយតបថា “ទុកឱ្យរាជធានីខេត្តគេរៀបចំឆ្នាំនេះ”។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានបញ្ជាក់បន្ថែមថា អ្វីដែលខ្ញុំហួសចិត្តពីករណីនេះគឺ៖

ទី១ ខ្ញុំគិតថាដោយសារការរាប់អានគ្នា គាត់សួរខ្ញុំប្រហែលជាការសួរនាំធម្មតា មិនមែនជាកិច្ចសម្ភាសន៍ ដើម្បីយកចម្លើយទៅផ្សព្វផ្សាយជាសាធារណៈនោះទេ អញ្ចឹងបានខ្ញុំឆ្លើយតបដូច្នេះទៅគាត់ (និយាយលេងក្នុងការរាប់អានគ្នា) នេះក៏ជាមេរៀនសម្រាប់ខ្ញុំទៅថ្ងៃក្រោយដែរ មិនគួរដោយសារការរាប់អាន ទៅជាការបង្កើតបញ្ហាមួយដូច្នេះទេ ប្រហែលត្រូវគិតគូរច្បាស់លាស់ជាមុន សម្រាប់មនុស្សដែលហៅថារាប់អានគ្នា។

ទី២ មិននឹកស្មានថាពាក្យ “ឱ្យរាជធានីខេត្តគេរៀបចំទៅជាពាក្យថា “ខ្ជិលរៀបចំ” វិញនោះទេ។

ឯកឧត្តម បានលើកឡើងថា ណ្ហើយចុះ ខ្ញុំជាមនុស្សម្នាក់ក្នុងចំណោមមនុស្សមួយចំនួនតូច ដែលបានដឹកនាំរៀបចំតាំងពីមិនមានការស្គាល់ “អង្គរសង្ក្រាន្ត” មកដល់មានការស្គាល់ អញ្ជឹងប្រហែលពាក្យថា “ខ្ជិល” រៀបចំអង្គរសង្ក្រាន្តមិនត្រូវនោះទេ បើខ្ជិលប្រហែលមិនបានរៀបចំខួប១០ឆ្នាំនៅអង្គរសង្រ្កាន្តនោះទេ។

ចំណែកឯក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅថ្ងៃទី២៥ខែមីនានេះដែរ ក៏បានចេញលិខិតជម្រាបជូនលោកឧកញ៉ា អ៉ឹង ឆៃងួន អគ្គនាយកទូរទស្សន៍ហង្សមាស អោយចាត់វិធានការបន្ទាន់ ករណីការផ្សាយរបស់លោក មាស រឹទ្ធី ពាក់ព័ន្ធទៅនឹងពិធីសង្ក្រាន្តថ្ងៃចូលឆ្នាំខ្មែរដោយតម្រូវឲ្យលុបព័ត៌មានបន្ទាន់ និងត្រូវសុំទោសជាសាធារណៈឲ្យបានឆាប់រហ័សបំផុត។ នេះបើយោងតាមលិខិតរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលបានបង្ហោះនៅលើគេហទំព័រហ្វេសប៊ុករបស់ខ្លួននៅល្ងាចថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤។

ក្នុងលិខិតរបស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានបញ្ជាក់ទៅកាន់អគ្គនាយកទូរទស្សន៍ហង្សមាសថា សង្ក្រាន្ត ជាពាក្យសំស្រ្កឹត មានប្រភពមកពីឥណ្ឌា និងមានន័យថារង្វិលជុំនៃពេលវេលាពេញមួយឆ្នាំ ហើយពាក្យសង្ក្រាន្ត មាននៅសិលាចារឹកនានាតាមប្រាសាទនៅតំបន់អង្គរ។ យ៉ាងណាក្តីពិធីសង្ក្រាន្តនេះ បានក្លាយជាប្រពៃណីទំនៀមទម្លាប់ ដែលបានប្រារព្ធរៀបចំដោយប្រទេសមួយចំនួនដូចជា កម្ពុជា ឡាវ ថៃ ភូមា ជាដើម។ ការចុះបញ្ជីជាបេតិកភណ្ឌអរូបីរបស់ប្រទេសមួយ នឹងមិនប៉ះពាល់ដល់ការចុះបញ្ជីនិងការប្រារព្ធរបស់បណ្តាប្រទេសផ្សេងទៀត ទៅតាមប្រពៃណីទំនៀមទម្លាប់រៀងៗនោះឡើយ។

ផ្ទុយពីតថភាពពិតដូចបានបញ្ជាក់ជូនជាសង្ខេបខាងលើ នាព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤ នេះ លោក មាស រិទ្ធី បានធ្វើការអត្ថាធិប្បាយនូវព័ត៌មានមិនត្រឹមត្រូវ ខ្វះចំណេះដឹងលើវិស័យនេះ និងខ្វះការពិគ្រោះយោបល់ជាមួយស្ថាប័នពាក់ព័ន្ធ ថែមទាំងបានយកឈ្មោះក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មកធ្វើជាអំណះអំណាងបន្ថែមទៀត ហើយដែលការអត្ថាធិប្បាយនេះបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់តម្លៃពិតនៃវប្បធម៌ និងប្រពៃណីទំនៀមទម្លាប់ដ៏ផូរផង់របស់ជាតិ ជាពិសេសបានបង្កឱ្យមានការយល់ច្រឡំពីសាធារណជនទូទៅ ព្រមទាំងភាពរសើប និងភាពជ្រួលច្របល់ក្នុងសង្គម។

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ស្នើសុំ លោកឧកញ៉ា ចាត់វិធានការបន្ទាន់ លុបព័ត៌មានមិនពិតនេះទប់ស្កាត់ចែកចាយបន្ត និងត្រូវសុំទោសជាសាធារណៈឱ្យបានឆាប់រហ័សបំផុត។

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សូមបញ្ជាក់ថា ក្រុមអ្នកនាំពាក្យរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ តែមួយគត់ដែលអាចជូនជាព័ត៌មានជាផ្លូវការ តំណាងឱ្យក្រសួង រីឯការពិគ្រោះយោបល់ ឬ សាកសួរព័ត៌មាន ពីបុគ្គលផ្សេង នឹងមិនតំណាងឱ្យមតិយោបល់របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនោះទេ។

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក៏បានស្នើសុំឲ្យអគ្គនាយកទូរទស្សន៍ហង្សមាស ចាត់វិធានការឱ្យបានឆាប់រហ័ស និងគួរណែនាំឱ្យបុគ្គលិកផ្នែកព័ត៌មាន ចាក់ផ្សាយព័ត៌មានដែលមានលក្ខណៈត្រឹមត្រូវ និងមានប្រយោជន៍ជនដល់សង្គមជាតិ។

គួរបញ្ជាក់ផងដែរថា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានចេញលិខិតបញ្ជាក់ជូនអគ្គនាយកទូរទស្សន៍ហង្សមាសភ្លាមៗនេះ គឺបន្ទាប់ពីការផ្សាយរបស់លោក មាស រឹទ្ធី ធ្វើឲ្យមហាជនប្រតិកម្មយ៉ាងខ្លាំងទៅលើក្រសួង និងរាជរដ្ឋាភិបាល រឿងអង្គរសង្ក្រាន្ត៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

ចូលមើលព័ត៌មានថ្មីៗបន្ថែម