Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បំបែកសំណុំរឿងឃាតកម្មសម្លាប់ញាត់សពក្នុងវ៉ាលីសនៅភ្នំពេញ យកទៅបោះចោលនៅខេត្តកោះកុង, ជនដៃដល់ត្រូវកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ស្រាវជ្រាវបង្ក្រាបបាន

spot_img

ភ្នំពេញ៖ សមត្ថកិច្ចស្រាវជ្រាវចាប់ឃាតកជាទាហានម្នាក់ ធ្វើការនៅអគ្គលេខាធិការ អគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិទប់ស្កាត់អាវុធគីមី នុយក្លេអ៊ែរ ជីវសាស្ត្រ និងវិទ្យុសកម្មដែលសម្លាប់ជនរងគ្រោះដាក់ចូលវ៉ាលីសនៅខុនដូ UK 548 សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រួចយកសពទៅបោះចោលនៅខេត្តកោះកុង។

ជនសង្ស័យ មានឈ្មោះ ញ៉េប សុខុម ភេទប្រុស អាយុ៤០ឆ្នាំ ខ្មែរមុខរបរ ជាមន្ត្រីយោធា នាយរងផ្នែកជីវសាស្ត្រ នៅអគ្គលេខាធិការ អគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិទប់ស្កាត់អាវុធគីមី នុយក្លេអ៊ែរ ជីវសាស្ត្រ និងវិទ្យុសកម្ម នៃក្រសួងការពារជាតិ ។

នៅវេលាម៉ោង៤៖៣០នាទី រសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ ប្រជាពលរដ្ឋបានប្រទះឃើញវ៉ាលីដាក់សាកសព នៅចំណុចក្បែរផ្លូវជាតិលេខ៤៨ ក្នុងភូមិសាស្ត្រ ភូមិជីមាល ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង (មិនស្គាលអត្តញ្ញាណ)។

ក្រោយពីទទួលបានព័ត៌មាន ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ, អគ្គស្នងការរងទទួលផែន, អគ្គស្នងការរងទទួលការងារនាយកដ្ឋាន, ប្រធាននាយកដ្ឋានកណ្ដាល និងឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ។

នៅថ្ងៃទី២៥ ខែមីនាឆ្នាំ២០២៤ វេលាម៉ោង៥៖០០នាទី កម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន និងលោកវរសេនីយ៍ឯក ហែម បូណា អនុប្រធាននាយកដ្ឋាន បានដឹកនាំសហការជាមួយកម្លាំងជំនាញរបស់ស្នងការដ្ឋាននគរបាលខេត្តកោះកុង, អធិការដ្ឋាននគរបាលខណ្ឌទួលគោក និងអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ បានប្រើវិធានការជំនាញធ្វើការស្រាវជ្រាវតាមនីតិវិធី រហូតកំណត់បានទីតាំងលាក់ខ្លួនរបស់ជនសង្ស័យ និងទីតាំងឈានទៅដល់ការឃាតខ្លួន នៅចំណុចបុរីប៉េងហួត ផ្ទះលេខ២៥ ផ្លូវលេខ៧ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

នៅចំពោះមុខសម្ថតកិច្ចនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ជនដៃដល់ឈ្មោះ ញ៉ែប សុខុម បានឆ្លើយសារភាពថា ខ្លួនពិតជាបានសម្លាប់ឈ្មោះ ឌួង សង្ហា ពិតប្រាកដមែន កាលនៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោងប្រហែល១រសៀល នៅក្នុងបន្ទប់លេខ១៦ ជាន់ទី១៦ អគារ UK Condo ៥៤៨ ស្ថិតក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ក្រោយពីធ្វើសកម្មភាពរួច នៅថ្ងៃដដែល វេលាម៉ោងប្រហែល ៦៖៤៩នាទី ខ្លួនបានដាក់សាកសពចូលទៅក្នុងវ៉ាលីដឹកតាមរថយន្តម៉ាក RangRover Sport ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 2Z-9987 យកទៅទម្លាក់ចោលនៅចំណុចជំរាលផ្លូវជាតិលេខ៤៨ ក្នុងភូមិសាស្ត្រ ភូមិជីមាល ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង។ ជនសង្ស័យបានបន្ថែមថា មូលហេតុខ្លួនសម្លាប់ជនរងគ្រោះដោយសារតែខឹងជនរងគ្រោះ បាន Hack យកគណនី ICloud ,ធនាគារ ABA ,សុីមទូរស័ព្ទ របស់ខ្លួនយកទៅគ្រប់គ្រង ។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបាននាំខ្លួនមកកាន់នាយកដ្ឋាននគរបានព្រហ្មទណ្ឌ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី។

សូមជម្រាបថា កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានបើកប្រតិបត្តិការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់បំផុត ដោយមិនខ្លាចនឿយហត់ ហើយប្រើប្រាស់ត្រឹមរយៈពេលខ្លីប៉ុណ្ណោះ ក៏បំបែកសំណុំរឿងឃាតកម្មដ៏រន្ធត់មួយនេះបានជោគជ័យ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

spot_img
×