តាមស្ថាប័នចារកម្មកូរ៉េខាងត្បូង (NIS) ឲ្យដឹងថា កូរ៉េខាងជើងបានដំណើរការស៊ើបអង្កេតដ៏កម្រ១ លើអង្គភាពស្នូលនៃកងទ័ពប្រទេសនេះ ហើយចោទប្រកាន់ថា “ពុំស្អាតស្អំ” និងបានដាក់ទណ្ឌកម្មលើមន្ត្រីកំពូលនៃអង្គភាពនេះថែមទៀត។
ក្នុងសវនាការជាមួយរដ្ឋសភា ស្ថាប័នចារកម្មកូរ៉េខាងត្បូង (NIS) ឲ្យដឹងថា ៖ ជាលើកដំបូងហើយក្រោយរយៈពេល ២០ឆ្នាំ កូរ៉េខាងជើងបានបើកការស៊ើបអង្កេតលើអគ្គស្នងការនយោបាយកងទ័ព។ ប្រធានអគ្គ និងអគ្គរងលោក Hwang Pyong-so និង Kim Won-hong ត្រូវបានរងទទួលទណ្ឌកម្ម។
ការស៊ើបអង្កេតនេះដឹកនាំដោយលោក Choe Ryong-hae អនុប្រធានគណៈកម្មាធិការមជ្ឈិមបក្សពលករកូរ៉េ ដឹកនាំ។ NIS កំពុងតែស្រាវជ្រាវដើម្បីបញ្ជាក់ច្បាស់ថា តើទណ្ឌកម្មនោះជាអ្វី?។
អ្នកស្នងនយោបាយរបស់កងទ័ពជាកម្លាំងនយោបាយស្នូលរបស់កងទ័ពកូរ៉េខាងជើង ហើយការដាក់ទណ្ឌកម្មលើប្រធានអគ្គលោក Hwang ត្រូវបានចាត់ទុកជាកាយវិការពុំធម្មតា ដោយសារលោកជាមន្ត្រីយោធាសំខាន់បំផុតរបស់កូរ៉េខាងជើង។ កាលពីឆ្នាំ ២០១៤ លោកត្រូវបានចាត់ទុកជា “តារាកំពុងរះ” គ្រាត្រូវបានតែងតាំងជាប្រធានអគ្គស្នងការនយោបាយនេះ។
តាម NIS ក្រោមសម្ពាធនៃការដាក់ទណ្ឌកម្មទាំងឡាយថ្មីៗនេះ របស់អន្តរជាតិធ្វើឲ្យកូរ៉េខាងជើងកំពុងរឹតបន្តឹងខ្លាំងជាងមុនលើការត្រួតពិនិត្យព័ត៌មានពីខាងក្រៅ។
ក្រៅពីនោះ NIS ក៏បានឲ្យដឹងថា ពួកគេកំពុងតាមឃ្លាំមើល និងវាយតម្លៃពីលទ្ធភាព ដែលកូរ៉េខាងជើងអាចដំណើរការការសាកល្បងកាំជ្រួចថ្មី១ នៅឆ្នាំនេះ។ ប៉ុន្តែតាមការស្រាវជ្រាវរបស់ NIS នោះបច្ចុប្បន្នពុំទាន់មានសញ្ញាថ្មីណាមួយពីកូរ៉េខាងជើងទេ ប៉ុន្តែការសាកល្បងនុយក្លេអ៊ែរ កឺអាចកើតមានគ្រប់ពេលទាំងអស់៕ សូយន