រាជធានីភ្នំពេញ ៖ បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤ បានឲ្យដឹងថា តបតាមការអញ្ជើញរបស់ឯកឧត្តមបណ្ឌិត សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រីឡាវ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ទៅបំពេញទស្សនកិច្ច ផ្លូវការនៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ពីថ្ងៃទី២៥-២៦ ខែមីនា ឆ្នាំ២០២៤ ដើម្បី ពង្រឹងពង្រីកទំនាក់ទំនងទ្វេភាគី ស្របតាមស្មារតីភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងយូរ អង្វែងរវាងប្រទេសទាំងពីរ។ ក្នុងឱកាសទស្សនកិច្ចនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានជួប ពិភាក្សាការងារជាមួយ ឯកឧត្តម បណ្ឌិត សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រីឡាវ ជួបសម្តែងការគួរសម ជាមួយ ឯកឧត្តម ថងលុន ស៊ីសុលីត ប្រធានរដ្ឋឡាវ និងបានទទួល ឯកឧត្តម ខាំបៃ ដាំឡាត់ ប្រធាន សមាគមមិត្តភាពឡាវ-កម្ពុជា ចូលជួបសម្តែងគួរសមផងដែរ។ ជំនួបទាំងអស់នេះបានប្រព្រឹត្តទៅក្នុង បរិយាកាសដ៏ស្និទ្ធស្នាល និងកក់ក្តៅបំផុត ដោយគ្របដណ្តប់លើសហប្រតិបត្តិការក្នុងវិស័យជាច្រើន រួម មាននយោបាយ ពាណិជ្ជកម្ម និងវិនិយោគ ថាមពល សាធារណការនិងដឹកជញ្ជូន ទេសចរណ៍ អប់រំ ការពារជាតិ និងសន្តិសុខ កិច្ចការព្រំដែន និងកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌពហុភាគី។
កិច្ចពិភាក្សារវាង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និង ឯកឧត្តម បណ្ឌិត សនស ស៊ីផាន់ដន បានទទួលលទ្ធផលប្រកបដោយផ្លែផ្កា ជាមួយនឹងការឯកភាពគ្នាលើវិធានការជាច្រើនសំដៅធានា សុខសន្តិភាព និងវិបុលភាពសម្រាប់ប្រទេសទាំងពីរ ក៏ដូចជារួមចំណែកដល់ភាពសុខសាន្ត និងការ រីកចម្រើននៅក្នុងតំបន់។

ស្តីពីទំនាក់ទំនងនយោបាយ នាយករដ្ឋមន្ត្រីទាំងពីរបានប្តេជ្ញារួមគ្នា បន្តអនុវត្តឱ្យមានប្រសិទ្ធភាព នូវផែនការសកម្មភាពសម្រាប់ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងយូរអង្វែងរវាងកម្ពុជា និងឡាវ (២០២៣-២០២៧) ដែលបានចុះហត្ថលេខាកាលពីឆ្នាំ២០២៣ ដោយបង្កើនការផ្លាស់ប្តូរទស្សនកិច្ច គ្រប់ជាន់ថ្នាក់ និងកោះប្រជុំគណៈកម្មការចម្រុះស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា_ឡាវ, ក្នុងពេលឆាប់ៗខាងមុខ។ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានជម្រាបជូនថ្នាក់ដឹកនាំឡាវផងដែរ អំពីការសព្វព្រះរាជហឬទ័យរបស់ព្រះករុណា ព្រះមហាក្សត្រកម្ពុជា ក្នុងការអញ្ជើញឯកឧត្តមប្រធានរដ្ឋឡាវ បំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជាក្នុង ខែមេសា ឆ្នាំ២០២៤ នេះ។
លើវិស័យថាមពល៖
សម្តេចធិបតីបានអរគុណឡាវដែលបានផ្ដល់ប្រភពអគ្គិសនីដល់កម្ពុជា កន្លងមក និងបានបញ្ជាក់ពីការគាំទ្រចំពោះការធ្វើពាណិជ្ជកម្មថាមពលបៃតងពីឡាវទៅបណ្តាប្រទេស អាស៊ាននានា រួមទាំងប្រទេសសិង្ហបុរី ដែលរួមចំណែកសំខាន់ដល់ការលើកកម្ពស់សន្តិសុខថាមពល ក្នុងតំបន់អាស៊ាន។ សម្ដេចធិបតី និង ឯកឧត្តមបណ្ឌិត សនសៃ ស៊ីផាន់ដន បានស្វាគមន៍ការចុះហត្ថលេខា លើកិច្ចព្រមព្រៀងថ្មីស្តីពីសហប្រតិបត្តិការថាមពលរវាងរដ្ឋាភិបាលទាំងពីរ និងអនុស្សរណៈយោគយល់គា្នមួយចំនួនស្តីពីការទិញថាមពលបៃតង និងស្តីពីការសិក្សាសមិទ្ធិលទ្ធភាពកសាងបណ្តាញបញ្ជូន ថាមពលអគ្គិសនីទៅកម្ពុជា។
ក្នុងវិស័យពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍ សម្ដេចធិបតី និងឯកឧត្តមនាយករដ្ឋមន្ត្រី ឡាវ បានឯកភាពឱ្យភាគីទាំងពីររៀបចំកិច្ចប្រជុំគណកម្មាធិការពាណិជ្ជកម្មចម្រុះកម្ពុជា-ឡាវ នៅឆ្នាំ ២០២៥ ដោយមានវេទិកាធុរកិច្ច និងវិនិយោគភ្ជាប់ជាមួយគ្នាផងដែរ សំដៅបង្កើនកិច្ចសហប្រតិបត្តិការ ក្នុងការរៀបចំពិព័រណ៍ផលិតផល ផ្គូផ្គងដៃគូពាណិជ្ជកម្ម និងវិនិយោគ និងជំរុញវិស័យទេសចរណ៍។ ទន្ទឹមនេះ ថ្នាក់ដឹកនាំទាំងពីរបានឯកភាពលើកទឹកចិត្តឱ្យស្ថាប័នពាក់ព័ន្ធបន្តខិតខំសម្រេចឱ្យបានលទ្ធផល ជាក់លាក់ នូវកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍កម្ពុជា-ឡាវ-វៀតណាមតាមគំនិតផ្ដួចផ្ដើម «ប្រទេសបីគោលដៅតែមួយ»។ នាយករដ្ឋមន្ត្រីទាំងពីរបានស្វាគមន៍ការបើកជើងហោះហើរត្រង់រវាងក្រុងវៀងចន្ទន៍ និងភ្នំពេញឡើងវិញរបស់ក្រុមហ៊ុនអាកាសចរណ៍ឡាវ កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ ២០២៤ និងបានឯកភាពលើកទឹកចិត្តឱ្យមានទេសចរណ៍ធ្វើដំណើរដោយប្រើប្រាស់យានយន្តផ្ទាល់ខ្លួន ពីប្រទេសឡាវមកកាន់ប្រទេសកម្ពុជា និងពីប្រទេសកម្ពុជាទៅកាន់ប្រទេសឡាវ។

ចំពោះកិច្ចសហប្រតិបត្តិការដឹកជញ្ជូន និងការតភ្ជាប់ ភាគីទាំងពីរបានឯកភាពជំរុញអាជ្ញាធរ ពាក់ព័ន្ធជាពិសេសនៅខេត្តជាប់ព្រំដែន ឱ្យបង្កើនការខិតខំសម្រួលដល់ការប្រាស្រ័យទាក់រវាងប្រជាជន និងប្រជាជន លំហូរទេសចរ ព្រមទាំងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។ ក្នុងន័យនេះ នាយករដ្ឋមន្តី ទាំងពីរ បានឯកភាពលើកទឹកចិត្តឱ្យក្រុមការងារបច្ចេកទេសពន្លឿនការកំណត់ទីតាំង ដើម្បីសាងសង់
ស្ពានឆ្លងកាត់ទន្លេរពៅ(កម្ពុជា)/សេឡាំផាវ(ឡាវ) ឱ្យបានឆាប់រហ័ស។
ក្នុងវិស័យសន្តិសុខ និងការពារជាតិ សម្ដេចធិបតី និងឯកឧត្តមបណ្ឌិត សនសៃ ស៊ីផាន់ដន បានឯកភាពជំរុញអាជ្ញាធរប្រទេសទាំងពីរឱ្យបន្តខិតខំរក្សាសន្តិសុខតាមព្រំដែនដោយផ្អែកលើច្បាប់ និងកិច្ចព្រមព្រៀងនានា និងពង្រឹងកិច្ចសហប្រតិបត្តិការល្អរវាងកងកម្លាំង និងអាជ្ញាធរពាក់ព័ន្ធ តាមរយៈ ការផ្លាស់ប្តូរព័ត៌មានគ្នាជាប្រចាំ និងរួមគ្នាចាត់វិធានការឱ្យបានទាន់ពេលប្រឆាំងនឹងសកម្មភាពអមិត្ត ដែលបង្កអស្ថិរភាពនយោបាយ បំផ្លិចបំផ្លាញសន្តិសុខជាតិ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គម ព្រមទាំង បង្កើនកិច្ចសហការបង្ការទប់ស្កាត់ និងបង្ក្រាបបទល្មើសឆ្លងដែនគ្រប់ប្រភេទ ជាពិសេសការរត់ពន្ធ និងជួញ ដូរគ្រឿងញៀន និងមនុស្សឆ្លងដែន ។
ពាក់ព័ន្ធនឹងការងារព្រំដែន នាយករដ្ឋមន្ត្រីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះលទ្ធផលការងារល្អ សីមាព្រំដែនដែលសម្រេចបាន ៨៦% និងបានប្ដេជ្ញាបន្តប្រឹងប្រែងដោះស្រាយការងារសេសសល់ឱ្យបានឆាប់ចប់ នាយករដ្ឋមន្ត្រីទាំងពីរ បានធ្វើជាសាក្សីលើការផ្លាស់ប្តូរលិខិតបករណ៍នៃសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋកម្ពុជា-ឡាវ ដែលបានចុះហត្ថលេខាកាលពីឆ្នាំ២០២៣ និងការចុះ ហត្ថលេខាលើកំណត់ហេតុស្ដីពីការផ្លាស់ប្ដូរលិខិតុបករណ៍សច្ចាប័ននេះ សម្រាប់ការអនុវត្តឱ្យមាន ប្រសិទ្ធភាព ដើម្បីរួមចំណែកដល់កសាងព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការរវាងប្រទេសទាំងពីរ។
ភាគីទាំងពីរក៏បានឯកភាពបន្តបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌ អប់រំ កីឡា និង កសិកម្ម និងពន្យារសុពលភាព៥ឆ្នាំបន្តទៀត សម្រាប់កិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងក្រសួងអប់រំ យុវជន និងកីឡាកម្ពុជា និងក្រសួងអប់រំ និងកីឡាឡាវដែលទើបផុតសុពលភាព ។
កសិកម្ម ដោយបានឯកភាពពិនិត្យលទ្ធភាពរៀបចំអនុស្សរណៈស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យ
នាយករដ្ឋមន្ត្រីទាំងពីរ ក៏បានផ្លាស់ប្តូរយោបល់ផងដែរពីស្ថានការណ៍ក្នុងតំបន់ និងអន្តរជាតិ ហើយបានបញ្ជាក់ពីការប្តេជ្ញាចិត្តបន្តគាំទ្រគ្នាទៅវិញទៅមក និងជំរុញបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិ ការរវាងប្រទេសទាំងពីរទាំងក្នុងវេទិកាតំបន់ និងអន្តរជាតិ ពិសេសក្នុងក្របខ័ណ្ឌអាស៊ាន ដើម្បីរួម ចំណែកដល់សន្តិភាព ស្ថិរភាព និងវិបុលភាពតំបន់ និងពិភពលោក។

សម្ដេចធិបតីបានស្នើអញ្ជើញឯកឧត្តមនាយករដ្ឋមន្ត្រីឡាវ បំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា ដែល ឯកឧត្ដមនាយករដ្ឋមន្ត្រីបានទទួលយកដោយក្តីរីករាយ និងសន្យារកពេលសមស្របដើម្បីធ្វើទស្សនកិច្ច នេះក្នុងពេលឆាប់ៗខាងមុខ។ ក្នុងជំនួបជាមួយថ្នាក់ដឹកនាំឡាវ សម្ដេចធិបតីបានបញ្ជាក់ជាថ្មីពីការគាំទ ពេញទំហឹងចំពោះតួនាទីឡាវជាប្រធានអាស៊ាន។
សម្តេចធិបតី និងគណៈប្រតិភូ ក៏បានអញ្ជើញទស្សនាគម្រោងផែស្ងួត Thanaleng និង ឧទ្យានភ័ស្តុភាររដ្ឋធានីវៀងច័ន្ទន៍ ដែលមានគោលដៅប្រែក្លាយឡាវពីប្រទេសមិនជាប់សមុទ្រ ទៅជាប្រទេសតភ្ជាប់តាមផ្លូវគោក (Landlock to Landlink) និងបានសរសើរការអនុវត្តគម្រោងនេះ ថាជា ការប្រែក្លាយបញ្ហាប្រឈមទៅជាកាលានុវត្តភាព។ សម្ដេចធិបតី ក៏បានឆ្លៀតពេលក្នុងឱកាសទស្សនកិច្ច នេះ ជួបសំណេះសំណាលយ៉ាងរីករាយជាមួយសមាជិកក្លឹបធុរកិច្ចកម្ពុជានៅឡាវ និងជាមួយសិក្ខាកាម- និស្សិតខ្មែរ ដែលកំពុងសិក្សានៅប្រទេសឡាវផងដែរ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី














