ភ្នំពេញ៖នៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញចុះសួរសុខទុក្ខ កម្មករ កម្មការនី ដែលកំពុងធ្វើការនៅរោងចក្រ កាត់ដេរ សំលៀកបំពាក់ ក្រុមហ៊ុន GIN SOVANN FASHION (Cambodia ) Limited ដែលស្ថិត ក្នុងភូមិច្រេស សង្កាត់គោកឃ្លៀង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ បច្ចុប្បន្ន ក្រុមហ៊ុននេះបាននឹងកំពុងទទួលកម្មករ កម្មការិនីកម្ពុជាធ្វើការ ប្រមាណជាង ១០០០នាក់ ទៅលើផ្នែកកាត់ដេរសំលៀកបំពាក់កូនក្មេង និងមនុស្សធំ ដើម្បីនាំចេញទៅទីផ្សារ អ៊ឺរ៉ុប កាណាដា និងសហរដ្ឋអាមេរិក ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ពូកក់ក្តៅ និងសប្បាយចិត្តខ្លាំងណាស់ ដែលកូនក្មួយមានការងារធ្វើល្អនៅក្នុងរោងចក្រកាត់ដេរល្អៗដូចនេះ។ សម្លៀកបំពាក់ដែលកូនក្មួយបានកាត់ដេរ គឺបានបញ្ជូនទៅលក់នៅក្រៅប្រទេសដែលជាស្នាដៃរបស់កូនក្មួយផ្ទាល់ (Made in Cambodia) ។ នេះគឺជាមោទនៈភាពរបស់កម្ពុជាយើងផងដែរ។
សម្តេចតេជោ នាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា” ក្មួយៗត្រូវខិតខំយកចិត្តទុកដាក់គោរពម៉ោងពេល និងធ្វើការងារអោយបានល្អ ហើយខិតខំរៀនជំនាញបំប៉នបន្ថែមអោយកាន់តែច្រើន ដើម្បីក្មួយៗមានឱកាសបានតម្លើងតួនាទី និងទទួលបានប្រាក់ខែកាន់ខ្ពស់ថែមទៀត។ ពូអរគុណកូនក្មួយកម្មករទាំងអស់ និងអរគុណឪពុកម្តាយ ព្រមទាំងក្រុមគ្រួសាររបស់កូនក្មួយដែលបានផ្តល់នូវការស្រឡាញ់រាប់អាន និងជំនឿទុកចិត្តមកលើពូក្នុងការដឹកនាំ និងអភិវឌ្ឍន៍ប្រទេសជាតិ។ ក្មួយៗទាំងអស់គ្នាគឺជាចំណែកដ៏ធំមួយដែលបាន និងកំពុងជំរុញនូវការរីកចម្រើនក្នុងប្រទេសជាតិយើង។ ទន្ទឹមនឹងនេះដែរ សូមអរគុណក្មួយៗដែលបានបោះឆ្នោតអោយពូ និងគណបក្សប្រជាជនទាំងក្នុងអាណត្តិកន្លងមក និងនៅក្នុងអាណត្តិថ្មីនៃការបោះឆ្នោតសាកលឆ្នាំ ២០១៨ ខាងមុខនេះ។ ពូនឹងបន្តមើលថែ និងជួយក្មួយៗអោយមានការងារធ្វើល្អ និងទទួលបានប្រាក់ខែសមរម្យនៅគ្រប់រោងចក្រនៅទូទាំងប្រទេស”៕ ដោយ៖បញ្ញាស័ក្តិ