Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឧបនាយករដ្ឋមន្ត្រី នេត សាវឿន អញ្ជើញសម្ពោធសមិទ្ធផលនៅវត្តថ្មីកសាងសរុបបច្ច័យជាងមួយលានដុល្លារ

spot_img

 
ខេត្តកំពង់ចាម: ឧបនាយករដ្ឋមន្ត្រី ឯកឧត្តម នេត សាវឿន បានលើកឡើងថា ទីវត្តអារាមព្រះពុទ្ធសាសនា មានសារៈសំខាន់ណាស់ក្នុងការរួមចំណែកកសាងប្រទេសជាតិ ។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានលើកឡើងដូច្នេះនៅព្រឹកថ្ងៃទី ២៧ ខែមីនាឆ្នាំ ២០២៤ ក្នុងឱកាសសម្ពោធដាក់ឲ្យប្រើប្រាស់នូវសមិទ្ធផលនានា ក្នុងបរិវេណវត្តខេមវ័នបឹងស្នាយ ស្ថិតនៅសង្កាត់សំបួរមាស ក្រុងកំពង់ចាម ដែលគិតជាទឹកប្រាក់សរុបរហូតដល់ជាងមួយលានដុល្លារ។ក្នុងឱកាសនោះមានការចូលរួមពីសំណាក់ប្រជាពលរដ្ឋពុទ្ធបរិស័ទចំណុះជើងវត្តច្រើនកុះករផងដែរ។


 
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកឡើងទៀតថា ទីវត្តអារាម គឺជាមជ្ឈមណ្ឌលបណ្ដុះបណ្ដាល អប់រំយ៉ាងសំខាន់របស់សង្គមជាតិ ។ ដោយហេតុថា ជាក់ស្ដែងដូចជានៅក្នុងបរិវេណវត្តខេមវ័នបឹងស្នាយនេះ មានសាលារៀន ដូចតាមបណ្ដាវត្តផ្សេងៗទៀតដែរ ជាពិសេសកម្រិតសាលាបឋមសិក្សា ដែលជាថ្នាលបណ្ដុះបណ្ដាល ផ្សាំពូជពីដើមទី ស្របទៅតាមទិសដៅរបស់រាជរដ្ឋាភិបាលអាណត្តិទី ៧ នេះ គឺថា ការបណ្ដុះបណ្ដាល ត្រូវពង្រឹងគុណភាពពីថ្នាក់បឋមសិក្សាទៅ ។ ដូច្នេះតួនាទីរបស់ព្រះតេជគុណ ព្រះសង្ឃគ្រប់ព្រះអង្គ សូមជួយបន្ថែមទៀត លើការគ្រប់គ្រងផ្ដល់ឱវាទ ដល់សាលាបឋមសិក្សាក្នុងទីអារាមនេះ ឱ្យមានដំណើរការល្អ ដោយមានការសហការជាមួយមន្ទីរអប់រំ ក៏ដូចជានាយកសាលា ដើម្បីពង្រឹងគុណភាពសិក្សារបស់ក្មួយៗ ចៅៗ សិស្សានុសិស្ស សម្រាប់ជាគ្រឹះចំណេះដឹងទៅថ្ងៃខាងមុខ។


 
អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានមានប្រសាសន៍ឲ្យដឹងផងដែរថា នៅក្នុងឆ្នាំ២០១៥ ព្រះធម្មសាល វង្ស សា វីរៈ ព្រះវិន័យធរគណខេត្ត និងជាព្រះគូ្រចៅអធិការវត្តខេមវ័ន បឹងស្នាយ បានផ្តួចផ្តើមសាងសង់ ឧបដ្ឋានសាលាថ្មី ០១ខ្នង មានទំហំ ៤៥ម៉ែត្រ គុណ ២៨ម៉ែត្រ ដោយសារឧបដ្ឋានសាលាមានសភាពចាស់ទ្រុឌទ្រោម និងដើម្បីផ្តល់ទីកន្លែងធំទូលាយ ជូនដល់ពុទ្ធបរិស័ទដែលមានសទ្ធាជ្រះថ្លា ធ្វើបុណ្យទានស្របតាមគន្លងព្រះពុទ្ធសាសនា។
 
ឯកឧត្តមអភិបាលខេត្ត បានថ្លែងបន្តថា ឧបដ្ឋានសាលាថ្មីនេះ បានបើកការដ្ឋានសាងសង់ដោយសម្តេចព្រះវនរ័តកិត្តិបណ្ឌិត ណយ ច្រឹក សម្តេចសង្ឃនាយករងទី២ និងលោក កៅ សុខអាន អភិបាលរងខេត្ត កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៥ ។ ដោយសារបច្ច័យសាងសង់ឧបដ្ឋានសាលានេះ បានមកពីកម្លាំងមហាសាមគ្គីរបស់ថ្នាក់ដឹកនាំពុទ្ធបរិស័ទ និងសប្បុរសជនានា ពិសេសក្នុងនាមរដ្ឋបាល ខេត្តកំពង់ចាម និងប្រធានក្រុមប្រឹក្សាខេត្ត បានផ្តួចផ្តើមរៀបចំបុណ្យកឋិនទានសាមគ្គី នៅថ្ងៃទី ០៦ ខែវិច្ឆិកា ឆ្នាំ២០២១ ដោយទទួលបានបច្ច័យបាន ចំនួន ៧៩.៨០០ដុល្លារ សម្រាប់ជួយបញ្ចប់ការសាងសង់ឧបដ្ឋានសាលានេះ។ ក្រៅពីនេះ ពុទ្ធបរិស័ទជិតឆ្ងាយចំណុះជើងវត្ត ដែលបានចូលរួមឧបត្ថម្ភគាំទ្រយ៉ាងពេញទំហឹង ក្នុងការកសាងសមិទ្ធផលនានា នៅក្នុងទីអារាមនេះ ដោយចំណាយថវិកាសរុបចំនួន ១.១៦៩.៥០១ ដុល្លារ ហើយបាននឹងកំពុងប្រារព្ធពិធីបុណ្យឆ្លង និងសម្ពោធជាផ្លូវការនាពេលនេះ ៕ រក្សាសិទ្ធដោយ ៖ ភ្នំប្រុសភ្នំស្រី

spot_img
×