ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចធិបតី ៖ បច្ចុប្បន្ននេះ ព្រះពុទ្ធសាសនា បាននិងកំពុងអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័សក្រោមដំបូលសុខសន្តិភាព ជាមួយនឹងការបើកចំហសេរីភាពបដិបត្តិជំនឿ សាសនា

ខេត្តពោធិ៍សាត់៖ នៅព្រឹកថ្ងៃអាទិត្យទី៣១ ខែមីនា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​កម្ពុជា អញ្ជើញជាអធិបតីភាពសម្ពោធឆ្លងព្រះបទុមចេតិយ និងសមិទ្ធផលនានានៅវត្ត​មណី​រតនារាម ស្ថិតក្នុងសង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ព្រះពុទ្ធសាសនាបានចាក់ឫសយ៉ាងជ្រៅទៅក្នុងសង្គមខ្មែរ។ បន្ទាប់ពីព្រះពុទ្ធសាសនាត្រូវបានអាប់ឱនដោយសារសង្រ្គាម និងត្រូវបានបំផ្លាញដោយសាររបបប្រល័យពូជសាសន៍ប៉ុលពត បច្ចុប្បន្ននេះព្រះពុទ្ធសាសនាបាននិងកំពុងអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័សក្រោមដំបូលសុខសន្តិភាព ជាមួយនឹងការបើកចំហសេរីភាពបដិបត្តិជំនឿ សាសនា ដែលជាមូលដ្ឋាននៃសុខដុមនីយកម្មសាសនានៅកម្ពុជា។

សម្តេច បានបន្តទៀតថា រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា បានកំណត់ថា ព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ ហើយចារិកជាបាវចនារបស់ប្រទេសជាតិគឺ “ជាតិ សាសនា ព្រះមហាក្សត្រ” នេះគឺបានញ្ជាក់យ៉ាងច្បាស់ថា បច្ចុប្បន្នក៏ដូចជាទៅអនាគត រាជរដ្ឋាភិបាលកម្ពុជាបន្តអនុវត្តដោយខ្ជាប់ខ្ជួនក្នុងការគោរពសេរីភាពខាងជំនឿ ការប្រណិប័តន៍ខាងផ្លូវសាសនា លើកស្ទួយព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ និងគាំទ្រការប្រណិប័តន៍សាសនាផ្សេងៗទៀត និងខិតខំធ្វើឲ្យវត្តអារាម និងវិហារសាសនាឯទៀតៗ ក្លាយជាមជ្ឈមណ្ឌលនៃជីវភាពខាងស្មារតី ដែលចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍសង្គមជាតិ ខាងផ្នែកវប្បធម៌ អប់រំ សុខាភិបាល សង្គមកិច្ច និងសីលធម៌សង្គម។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានចាត់ទុកសំណង់ផ្នែកព្រះពុទ្ធសាសនានៅក្នុងវត្តមណីរតនារាម នឹងក្លាយជាសំណង់ផ្នែកព្រះពុទ្ធសាសនាចាក់គ្រឹះរាប់រយឆ្នាំទៅមុខទៀត។សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណដល់សប្បុរសជនទាំងអស់ ដែលបានរួមគ្នាញ៉ាំងឱ្យសមិទ្ធផលនេះលេចជារូបរាងឡើង។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរព្រះគុណ ថ្លែងអំណរគុណដល់ព្រះសង្ឃ គណៈកម្មការវត្ត និងអាជ្ញាធរ ដែលបានប្រឹងប្រែងរួមគ្នាដឹកនាំកសាងសមិទ្ធផលនានាក្នុងវត្តមណីរតនារាម។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងកោតសរសើរចំពោះទឹកដៃនៃការសាងសង់ ក៏ដូចជាការគូរគំនូនានាទៅព្រះបទុមចេតិយ ដែលមានភាពស្អាត និងប្រណីត។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ខ្មែរមានបំណងជំរុញសមត្ថភាពកូនខ្មែរឱ្យបង្កើតអ្វីដោយខ្លួនឯងឱ្យបានច្រើន។សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សន្តិភាព ជាធាតុដ៏សំខាន់សម្រាប់ការកសាងជាតិ។ ពាក្យសន្តិភាពច្រើន ប្រសើរជាងអត់។ ដូច្នេះសន្តិភាពមានតម្លៃមិនអាចកាត់ថ្លៃបានឡើយ សម្រាប់កម្ពុជា។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សេរីភាពផ្នែកសាសនា ត្រូវបានរាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា យកចិត្តទុកដាក់ខ្ពស់ក្រោយរំដោះប្រទេសចេញពីរបបខ្មែរក្រហមឆ្នាំ១៩៧៩។ រក្សាសិទ្ធដោយ ៖ សុទ្ធលី

ចូលមើលព័ត៌មានថ្មីៗបន្ថែម