ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ព្រះមហាក្សត្រ៖ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ជាស្រ្តីឆ្នើម មានស្មារតីមោះមុតដឹកនាំស្ថាប័នរដ្ឋសភា គិតគូរឧត្តមប្រយោជន៍ជាតិជាធំ

ភ្នំពេញ ៖ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០២៤ បានបើកសម័យប្រជុំរដ្ឋសភា លើកទី២ នីតិកាលទី៧ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ដោយមានរបៀបវារៈចំនួនពីរ ៖ទី១- ព្រះរាជសារ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជូនសម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៧ និង ទី២-របាយការណ៍លទ្ធផលការងាររដ្ឋសភាចន្លោះសម័យប្រជុំរដ្ឋសភាលើកទី១ និងលើកទី២ ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៣១ មីនា ឆ្នាំ២០២៤។

ក្នុងព្រះរាជសារ ផ្ញើជូនសម័យប្រជុំរដ្ឋសភា ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថនរោត្តម សីហមុនីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានសម្តែងព្រះរាជហឫទ័យសោមនស្សរីករាយក្រៃលែង ដោយបានគូសបញ្ជាក់ថា សម្តេចមហារដ្ឋសភាធិការធិបតី ប្រធានរដ្ឋសភា ជាស្ត្រីឆ្នើម មានស្មារតីមោះមុត ដឹកនាំស្ថាប័នរដ្ឋសភា ក្នុងការបំពេញមុខងារស្នូលទាំងបី រួមមាន ការងារនីតិកម្ម ការងារតាមដានការអនុវត្តច្បាប់និងគោលនយោបាយ និងមុខងារជាតំណាង ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងគិតគូរដល់ឧត្តមប្រយោជន៍ជាតិជាធំ។
ព្រះករុណាជាអម្ចាស់បានវាយតម្លៃខ្ពស់ចំពោះសមាជិក សមាជិការដ្ឋសភាទាំងអស់នៃនីតិកាលទី៧ ជាឥស្សរជនឆ្នើមដែលមានស្នាដៃ និងបទពិសោធន៍ល្អៗយ៉ាងសម្បូរបែប ក្នុងការដឹកនាំព្រះរាជាណាចក្រកម្ពុជានៃយើងឆ្ពោះទៅរកវឌ្ឍនភាព វិបុលភាព និងសុខដុមរមនា។

អង្គព្រះមហាក្សត្រ បានមានព្រះរាជបន្ទូលបន្តថា រដ្ឋសភានីតិកាលទី៧ ត្រូវបានប្រសូតឡើងចេញពីការបោះឆ្នោតប្រកបដោយសេរី យុត្តិធម៌ ត្រឹមត្រូវ និងតម្លាភាព ស្របតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ដែលមានគណបក្សចំនួន១៨ បានចូលរួមប្រកួតប្រជែង និងមានគណបក្សចំនួន២ ទទួលបានអាសនៈក្នុងរដ្ឋសភា គឺគណបក្សប្រជាជនកម្ពុជាទទួលបាន ១២០ អាសនៈ និងគណបក្សហ្វុ៊នស៊ិនប៉ិចទទួលបាន ៥ អាសនៈ ដោយបង្កើតបានរដ្ឋសភានីតិកាលទី៧ (២០២៣-២០២៨) ដឹកនាំដោយ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ជាស្រ្តីទី១ ក្នុងប្រវត្តិសាស្រ្តកម្ពុជាដែលទទួលបានដំណែងដ៏ឧត្តុង្គឧត្តមនេះ។

ក្នុងព្រះរាជសារផ្ញើជូនរដ្ឋសភាក្នុងឱកាសបើកសម័យប្រជុំរដ្ឋសភាលើកទី២នីតិកាលទី៧នេះ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក៏បានកោតសរសើរ ដល់ការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែរ។

ព្រះករុណា ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានមានព្រះរាជឱង្ការថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតជាថ្នាក់ដឹកនាំវ័យក្មេង ប្រកបដោយថាមវន្ត វាងវៃ និងមោះមុត បន្តវេនពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបានដឹកនាំប្រទេសទទួលបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ ការអភិវឌ្ឍលើគ្រប់វិស័យ និងមានកិត្យានុភាពខ្ពស់លើឆាកអន្តរជាតិ។

ព្រះរាជសារជូនរដ្ឋសភាបានបន្តថា រាជរដ្ឋាភិបាលនីតិកាលទី៧ ដែលមានថ្នាក់ដឹកនាំជាយុវជនវ័យក្មេង ប្រកបដោយចំណេះដឹង ឆន្ទៈមោះមុតនិងការប្តេជ្ញាចិត្តខ្ពស់ បានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្តអនុវត្តយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ និងគោលនយោបាយសំខាន់ៗ ជាពិសេសគោលនយោបាយជាតិផលិតភាពសេដ្ឋកិច្ចកម្ពុជា និងក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ចនិងសង្គមឌីជីថលកម្ពុជា ដើម្បីលើកកម្ពស់សេដ្ឋកិច្ចជាតិនិងការអភិវឌ្ឍប្រកបដោយចីរភាព។
សូមជម្រាបថា ព្រះរាជសារ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជូនសម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៧ ត្រូវបានអានជូនអង្គរដ្ឋសភា ដោយ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ។ ចំណែក របាយការណ៍លទ្ធផលការងាររដ្ឋសភាចន្លោះសម័យប្រជុំរដ្ឋសភាលើកទី១ និងលើកទី២ ត្រូវបានអានជូនអង្គរដ្ឋសភា ដោយ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ រដ្ឋសភា៕រក្សាសិទ្ធដោយ ៖ សុទ្ធលី

ចូលមើលព័ត៌មានថ្មីៗបន្ថែម