Friday, December 6, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមហ៊ុន CBS និង SASTRA FILM រៀបចំសន្និសីទសារព័ត៌មាន ស្តីអំពីការចាក់បញ្ចាំងកំពូលខ្សែភាពយន្តភាគខ្មែរចំនួនពីររឿង នៅ MyTV

ភ្នំពេញ ៖ នៅថ្ងៃនេះ(១មេសា២០២៤) ក្រុមហ៊ុន Cambodia Broadcasting Service ដែលហៅកាត់ថា CBS ក្នុងនោះមានទូរទស្សន៍ ស៊ីធីអិន ម៉ាយធីវី ស៊ីអិនស៊ី និង ស៊ីប៊ីអេស ឌីជីថល បានចាប់ដៃគ្នាជាមួយនឹងក្រុមហ៊ុន SASTRA FILM ដែលជាក្រុមហ៊ុនផលិតភាពយន្តដ៏ល្បីល្បាយមួយនៅកម្ពុជា ក្នុងការរៀបចំនូវសន្និសីទសារព័ត៌មានដ៏មានសារសំខាន់មួយ ស្ដីអំពីការចាក់បញ្ចាំង ភាពយន្តភាគខ្មែរនៅលើកញ្ចក់ទូរទស្សន៍ ម៉ាយធីវី។ កំពូលខ្សែភាពយន្តដ៏ល្បីល្បាញចំនួនពីររឿង ដែលត្រៀមចាក់បញ្ចាំងជូនទស្សនាជាផ្លូវការនៅលើកញ្ចក់ទូរទស្សន៍ ម៉ាយធីវី នាថ្ងៃទី២២ខែមេសាឆ្នាំ២០២៤ខាងមុខនេះ គឺរឿង អន្ទាក់ស្នេហ៍ក្នុងកុងត្រា និងរឿង កូនក្រមុំកែមុខ។ គ្រាន់តែឮចំណងជើងរឿង គឺបានឆក់យក បេះដូងអ្នកទស្សនាបាត់ទៅហើយ ។

ពីវេទិកាសន្និសីទសារព័ត៌មាននេះ លោក ដេវីត អ៊ូលម័រ នាយកប្រតិបត្តិក្រុមហ៊ុន ស៊ីប៊ីអេស​ បានថ្លែងថា ថ្ងៃនេះជាថ្ងៃមួយដ៏អស្ចារ្យ ដែលយើងបានរៀបចំសន្និសីទសារព័ត៌មាន បង្ហាញជួននូវខ្សែភាពយន្តភាគខ្មែរដ៏អស្ចារ្យដល់ទៅពីររឿង គឺកូនក្រមុំកែមុខ និងរឿងអន្ទាក់ស្នេហ៍ក្នុងកុងត្រា។

លោកបន្តទៀតថា ហើយនេះក៏ជាការសហការគ្នារវាង ក្រុមហ៊ុន CBS និង SASTRA FILM ក្នុងការបង្កើតខ្សែភាពយន្តទាំងពីរនេះឡើង ហើយទម្រាំតែយើងបានឃើញរូបភាពដ៏ស្រស់ស្អាតនេះ និងអ្វីដែលជាផលិតផលសម្រេចនៅពេលនេះ។ លោកក៏បានអរគុណចំពោះក្រុមការងារបច្ចេកទេសគ្រប់ផ្នែកទាំងអស់ បានខិតខំប្រឹងប្រែងសម្រិតសម្រាំង ផលិតខ្សែភាពយន្តដ៏ល្អឯក ឆ្នាំ 2024 ទាំងពីររឿងនេះផងដែរ។

លោកស្រី ប៊ុន ចាន់និមល នាយកប្រតិបត្តិក្រុមហ៊ុន Satra Film បានលើកឡើងថា យើងបានផលិតមាតិកាភាពយន្តចម្រុះយ៉ាងច្រើន ប្រហែលជា ១០០ចំណងជើងក្នុងមួយឆ្នាំ។ ដោយខាងនោះខ្សែភាពយន្តភាគគឺជាបេសកកម្មដ៏សំខាន់មួយ ដោយយើងយល់ឃើញថាខ្សែភាពយន្តភាគ ជាផ្នែកមួយសំខាន់។ ក្នុងការរួមចំណែករុញច្រានឱ្យវិស័យភាពយន្ត ឱ្យកាន់តែរីកចម្រើនខ្លាំងឡើង តាមរយៈបទពិសោធន៍ នៃការផលិតភាពយន្ត ចម្រុះរបស់យើង យើងសង្កេតនិងយល់ដឹង ទស្សនិកជន ចូលចិត្តរសជាតិបែបណា ជាមួយភាពយន្តភាគ យើងដឹងរូបមន្តនៃការផលិតភាពយន្តភាគ យើងមានក្រុមការងារដែលមានភាពច្នៃប្រឌិត ដែលប្រកបដោយបទពិសោធន៍ យើងមានតួសម្ដែងប្រកបដោយសមត្ថភាពនិងរូបសម្រស់ ស្រស់ស្អាតនិងស្រស់សង្ហា និងមានការគាំទ្រជាច្រើនពីទស្សនិកជន ទូទាំងប្រទេសដែលជាកម្លាំងយ៉ាងសំខាន់ធ្វើឲ្យយើងអាចដើរទៅមុខ បានឆ្ងាយគ្មានទីបញ្ចប់។

លោកស្រី បានថ្លែងបន្តទៀតថា អញ្ចឹងរវាងការសហការរបស់យើងជាមួយនឹង CBS យើងជឿថា ការផលិតរបស់យើងមួយក្រុមថ្មីនេះ ប្រកបដោយបទពិសោធន៍ តាមរយៈរូបមន្តដែលយើងបានចងក្រងនូវអ្វីដែលជារឿងភាគ យើងអត់ផលិតតាមការប៉ាន់ស្មានឬតាមទីផ្សារនោះទេ។ យើងក៏អត់ផលិតដោយការចៃដន្យនោះដែរ គឺយើងផលិតផ្អែកទៅតាមបទពិសោធន៍ រសជាតិបែបណាដែលទស្សនិកជនចង់បាន។ រសជាតិបែបណា អ្នកទស្សនារឿងភាគគាត់ត្រូវការ។ យើងយល់ទៅលើទីផ្សារដែលមានបទពិសោធន៍ជាច្រើនឆ្នាំ។ យើងស្ដាប់បត់បែន ទៅនឹងការរស់នៅប្រចាំថ្ងៃ ហើយបម្លែងចូលគ្នា កើតជាភាពយន្តភាគថ្មីៗ មានរសជាតិជារៀងរាល់ខែ ហើយជាមួយនឹង CBS យើងមានការប្តេជ្ញាចិត្តរួមគ្នាក្នុងការផលិត ភាពយន្តភាគឲ្យកាន់តែប្រសើរឡើង ជាមួយរសជាតិទស្សនិកជនត្រូវការ គឺជាការចាំបាច់។

បើតាមនាយកប្រតិបត្តិក្រុមហ៊ុន Satra Film , “យើងជឿជាក់ថាភាពយន្តភាគរបស់យើង និងទទួលបានជោគជ័យខ្លាំង ខ្ញុំសង្កេតឃើញថានាពេលបច្ចុប្បន្នបងប្អូនយើងនៅក្នុងប្រទេស បានគាំទ្រភាពយន្តភាគ ឬក៏ភាពយន្តខ្មែរយើងខ្លាំង យើងមានស្លូហ្គេនមួយគឺ inspire by love ភាពយន្តរបស់យើងបានបង្កប់នៅសេចក្តីស្រឡាញ់គ្រប់រឿង ដោយទទួលបានសេចកស្រឡាញ់ពីដៃគូ។ ទទួលបានសេចក្តីស្រឡាញ់ពីអ្នកគាំទ្រ ហើយយើងធ្វើឲ្យភាពយន្តកាន់តែមានគុណភាព”។ ពាក់ព័ន្ធនឹងការចំណាយនៃការផលិតភាពយន្តភាគពីររឿង លោកស្រីមិនបានបញ្ជាក់ថាអំពីតួលេខច្បាស់ការនោះ ដោយគ្រាន់តែលោកស្រីបញ្ជាក់ថា អស់ច្រើនគួរសមដែរ គឺខ្ពង់សែនដុល្លារ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

×