ភ្នំពេញ ៖ ព្រឹទ្ធសភាបើកសម័យប្រជុំលើកដំបូង សម្រាប់នីតិកាលទី៥ នៅព្រឹកថ្ងៃពុធ ទី៣ ខែមេសា ឆ្នាំ២០២៤នេះ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត របស់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បេក្ខជនជាប់ឆ្នោតសមាជិកព្រឹទ្ធសភា នីតិកាលទី៥ និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ អញ្ជើញក្នុងពិធីបើកសម័យប្រជុំព្រឹទ្ធសភាលើកដំបូងសម្រាប់នីតិកាលទី៥ ។

ព្រឹទ្ធសភា គឺជាស្ថាប័នកំពូលរបស់ជាតិ ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ។ ព្រឹទ្ធសភា គឺជាស្ថាប័ននីតិប្បញ្ញត្តិ ដែលរួមចំណែកធានាឱ្យមានសុវត្ថិភាពគតិយុត្តិតាមរយៈការពិនិត្យ និងអនុម័តច្បាប់ ជាពិសេសព្រឹទ្ធសភាគឺជាចង្កូត និងជាត្រីវិស័យបង្ហាញផ្លូវនៃប្រជាធិបតេយ្យមូលដ្ឋាន។
ព្រឹទ្ធសភានៃនីតិកាលនីមួយៗត្រូវបានធ្វើឡើងតាមរយៈការបោះឆ្នោត។ សមាជិកព្រឹទ្ធសភាមានចំនួនស្មើនឹងពាក់កណ្តាលនៃសមាជិករដ្ឋសភា។ ក្នុងនោះសមាជិកព្រឹទ្ធសភា២រូប ត្រូវបានចាត់តាំងដោយព្រះមហាក្សត្រ និង២រូបទៀត ត្រូវបានជ្រើសតាំងដោយរដ្ឋសភា តាមមតិភាគច្រើន។
ព្រឹទ្ធសភានីតិកាលទី៥ ត្រូវបានរៀបចំបោះឆ្នោតកាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤។ ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ មានគណបក្សនយោបាយចំនួន៤ចូលរួមប្រកួតប្រជែងរួមមាន៖ គណបក្សប្រជាជនកម្ពុជា, គណបក្សឆន្ទៈខ្មែរ, គណបក្សកម្លាំងជាតិ និងគណបក្សហ៊្វុនស៊ិនប៉ិច។

ជាលទ្ធផលគណបក្សប្រជាជនកម្ពុជា ទទួលបាន ៥៥អាសនៈ ហើយគណបក្សឆន្ទៈខ្មែរ ទទួលបាន ៣អាសនៈ (១អាសនៈនៅភូមិភាគទី២ ១អាសនៈនៅភូមិភាគទី៤ និង១អាសនៈនៅភូមិភាគទី៦)។
សមាជិកព្រឹទ្ធសភាពីរអង្គ ដែលចាត់តាំងដោយព្រះមហាក្សត្ររួមមាន៖ សម្តេចរាជបុត្រីព្រះអនុជ នរោត្តម អរុណរស្មី និងព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ។ ដោយសមាជិកព្រឹទ្ធសភាពីររូបជ្រើសតាំងដោយរដ្ឋសភារួមមាន៖ លោក សុខ ឥសាន និងលោក ហេង ហាលីម៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី







