ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចតេជោ ហ៊ុន សែន បន្តតួនាទីថ្មី ធ្វើជាប្រធានព្រឹទ្ធសភា, ឯកឧត្តម ប្រាក់ សុខុន ធ្វើជាអនុប្រធានទី១ និង ឯកឧត្តម អ៊ុច បូររិទ្ធ ធ្វើជាអនុប្រធានទី២ នៃព្រឹទ្ធសភា

ភ្នំពេញ៖ បន្ទាប់ពីរយៈពេលជាង ៤០ឆ្នាំក្នុងឋានៈជានាយករដ្ឋមន្ត្រីរបស់កម្ពុជានោះ នៅពេលនេះ សម្តេច​តេ​ជោ ហ៊ុន សែន បន្តតួនាទីភារកិច្ចថ្មីជាប្រធានព្រឹទ្ធសភា ដែលជាស្ថាប័នកំពូលមួយរបស់ជាតិ។ បន្ទាប់ពីគាំទ្រ សម្តេចតេជោ ហ៊ុន សែន ឱ្យធ្វើជាប្រធានព្រឹទ្ធសភា នីតិកាលទី៥ សម័យប្រជុំលើកទី១ ព្រឹទ្ធសភា បានបោះឆ្នោតគាំទ្រ ឯកឧត្តម ប្រាក់ សុខុន ឱ្យធ្វើជាអនុប្រធានទី១ និងគាំទ្រឯកឧត្តម អ៊ុច បូររិទ្ធ ឲ្យធ្វើជាអនុប្រធានទី២ នៃព្រឹទ្ធសភា ជាមួយនឹងសំឡេងគាំទ្រ៦២/៦២រូប។

ក្នុងសម័យប្រជុំលើកដំបូងព្រឹទ្ធសភានីតិកាលទី៥ នាព្រឹកថ្ងៃពុធ ទី៣ ខែមេសា ឆ្នាំ២០២៤ មួយថ្ងៃ​មុន​ខួប៥៤ឆ្នាំ នៃការប្រែក្លាយជីវិតជាយុទ្ធជនប្រយុទ្ធដណ្តើមអំណាច ថ្វាយសម្តេច នរោត្តម សីហនុនោះ សម្តេចតេជោ ហ៊ុន សែន ទទួលបានការបោះឆ្នោតគាំទ្រពីសមាជិកព្រឹទ្ធសភា ៦២ លើ៦២ សំឡេង ឱ្យធ្វើជាប្រធានដឹកនាំព្រឹទ្ធសភា។

ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានប្រារព្ធព្រះរាជពិធីបើកសម័យប្រជុំដំបូង នីតិកាលទី៥ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង៩:០០នាទីព្រឹក នៅវិមានព្រឹទ្ធសភា ដោយមានវត្តមានរបស់ឥស្សរជនជាន់ខ្ពស់ជាថ្នាក់ដឹកនាំស្ថាប័នជាតិសំខាន់ៗ អង្គទូតនានាប្រចាំព្រះរាជាណាចក្រកម្ពុជា និងវត្តមានសមាជិក សមាជិកាព្រឹទ្ធសភានីតិកាលទី៥ចំនួន ៦២រូប។

សូមបញ្ជាក់ថា យោងតាមរដ្ឋធម្មនុញ្ញ ព្រឹទ្ធសភាជាអង្គការដែលមានអំណាចនីតិប្បញ្ញត្តិ ហើយបំពេញភារកិច្ចរបស់ខ្លួន ដូចបានកំណត់ក្នុងរដ្ឋធម្មនុញ្ញ និង ច្បាប់ជាធរមាន។ ព្រឹទ្ធសភាមានសមាជិកយ៉ាងច្រើន ស្មើនឹងពាក់កណ្ដាលនៃចំនួនសមាជិករដ្ឋសភាទាំងមូល។ សមាជិកព្រឹទ្ធសភាចំនួន ២រូប ត្រូវបានចាត់តាំងដោយព្រះមហាក្សត្រ។ សមាជិកព្រឹទ្ធសភាចំនួន ២រូប ត្រូវបានរដ្ឋសភាជ្រើសតាំងតាមមតិភាគច្រើនដោយប្រៀប។ រីឯសមាជិកព្រឹទ្ធសភាឯទៀត ត្រូវបានជ្រើសតាំងដោយការបោះឆ្នោតអសកល (ដោយអង្គបោះឆ្នោត ជាសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ និងសមាជិករដ្ឋសភាក្នុងតំណែង)។

ក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ កាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤នាពេលកន្លងមក មានគណបក្សនយោបាយចំនួន៤ចូលរួមប្រកួតប្រជែង ដើម្បីប្រជែងកៅអីចំនួន៥៨ ក្នុងនោះគណបក្សប្រជាជនកម្ពុជាទទួលបាន៥៥អាសនៈ និងគណបក្សឆន្ទៈខ្មែរទទួលបាន ៣អាសនៈ។ ក្រៅពីនេះ សមាជិកព្រឹទ្ធសភាចំនួន២រូប ចាត់តាំងដោយព្រះមហាក្សត្រ និងសមាជិកព្រឹទ្ធសភាចំនួន២រូបទៀត ជ្រើសតាំងដោយរដ្ឋសភា។

សម្តេចតេជោ ហ៊ុន សែន ក្នុងវ័យ៣២ឆ្នាំ ពោលកាលពី ៤០ឆ្នាំមុន បានឡើងកាន់តំណែងនាយករដ្ឋមន្ត្រី ទទួលបានការគាំទ្រដោយគ្មានការជំទាស់ពីសមាជិកសភា ហើយពេលនេះឡើងកាន់តំណែងប្រធានព្រឹទ្ធសភាដោយគ្មានសំឡេងជំទាស់នោះដែរ ទោះមានសមាជិកព្រឹទ្ធសភា៣រូបមកពីបក្សប្រឆាំងក្តី៕ រក្សាសិទ្ធដោយ​៖ សុទ្ធលី

ចូលមើលព័ត៌មានថ្មីៗបន្ថែម