ភ្នំពេញ ៖ ក្នុងឱកាសត្រូវបានជ្រើសរើសជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា សម្រាប់នីតិកាលទី៥ នៅថ្ងៃពុធ ទី៣ ខែមេសា ឆ្នាំ ២០២៤ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានថ្លែងថា ” ជាកិច្ចចាប់ផ្តើម ទូលបង្គំខ្ញុំសូមថ្លែងអំណរព្រះគុណ និងអំណរគុណដ៏ជ្រាលជ្រៅបំផុត ថ្វាយ និង ជូនចំពោះសម្តេច ព្រះអង្គម្ចាស់ ឯកឧត្តម លោកជំទាវ សមាជិក សមាជិកានៃ ព្រឹទ្ធសភានីតិកាលទី៥ ទាំងអស់ដែលបានផ្តល់កិត្តិយស និងសេចក្តីទុកចិត្តបោះឆ្នោតជ្រើស រើសទូលបង្គំខ្ញុំ ជាប្រធានព្រឹទ្ធសភានីតិកាលទី៥។ ទូលបង្គំខ្ញុំសូមទទួលយកការទទួលខុសត្រូវ ដ៏ខ្ពស់បំផុតនេះ ប្រកបដោយការប្តេជ្ញាចិត្ត និងដោយដឹងច្បាស់ពីសារៈសំខាន់ដ៏ជ្រាលជ្រៅនៃ ស្ថាប័នរបស់យើងនៅក្នុងដំណើរការកសាង និងពង្រឹងលទ្ធិប្រជាធិបតេយ្យក្មេងខ្ចី ក៏ដូចជាក្នុង ការថែរក្សាគុណតម្លៃគ្រឹះនៃសង្គមរបស់យើង”។

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ និងអស់ពីដួងចិត្តចំពោះ សមាជិក សមាជិការដ្ឋសភា សមាជិក សមាជិកាក្រុមប្រឹក្សាឃុំ-សង្កាត់នៅតាមមណ្ឌល បោះឆ្នោតក្នុងភូមិភាគទាំងប្រាំបី ដែលភាគច្រើនលើសលប់ បានបោះឆ្នោតជូនគណបក្ស ប្រជាជនកម្ពុជានាថ្ងៃទី២៥ ខែកុម្ភៈ កន្លងទៅ។ ការគាំទ្រដ៏លើសលប់នេះ ឆ្លុះបង្ហាញជាថ្មីម្តង ទៀតនូវជំនឿជាក់ និងទំនុកចិត្តលើគណបក្សប្រជាជនកម្ពុជា ជាគណបក្សដែលធានានូវ សន្តិភាព ស្ថិរភាព និងមាគ៌ា អភិវឌ្ឍន៍។ ឆ្លៀតក្នុងឱកាសនេះ ទូលបង្គំខ្ញុំ សូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅបំផុតជូនចំពោះ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នីតិកាលមុន ព្រមទាំង ឯកឧត្តមកិត្តិនីតិកោ សលបណ្ឌិត ស៊ឹម កា អតីតអនុប្រធានទី១ និងឯកឧត្តមកិត្តិសង្គហបណ្ឌិត ទេព ងន អតីតអនុប្រធានទី២ ដែលការលះបង់ និងការដឹកនាំរបស់សម្តេច និងឯកឧត្តមទាំងពីរ បានជួយពង្រឹង ស្ថាប័នរបស់យើងក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមក។ ការប្តេជ្ញាចិត្តរបស់ សម្តេច និងឯកឧត្តម ទាំងពីរ ក្នុងការគោរពរដ្ឋធម្មនុញ្ញ ការពាររបបរាជានិយម និងការអភិវឌ្ឍប្រទេសជាតិ និង សុខុមាលភាពរបស់ប្រជាជនយើង ស័ក្តិសមទទួលបាននូវការដឹងគុណដ៏ជ្រាលជ្រៅបំផុត ហើយ ថែមទាំងជំរុញទឹកចិត្តយើងទាំងអស់គ្នាឱ្យបន្តកេរដំណែលដ៏ឧត្តុង្គឧត្តមនេះ នៅក្នុងការងារប្រចាំ ថ្ងៃរបស់យើងទៀតផង។

ចាប់តាំងពីពេលចាប់បដិសន្ធិមក ព្រឹទ្ធសភាបានបង្ហាញឱ្យឃើញនូវសមត្ថភាពវិសេស វិសាល ភាពចាស់ទុំខាងនយោបាយ និងការទទួលខុសត្រូវខ្ពស់បំផុតក្នុងការបម្រើប្រយោជន៍ស្នូល របស់ប្រទេសជាតិ និងប្រជាជនយើងសម្រេចបាននូវសមិទ្ធផល និងវឌ្ឍនភាពគួរឱ្យស្ញប់ស្ញែង ជាច្រើន ក្នុងពេលអនុវត្តមុខងារស្នូលទាំងបីរបស់ខ្លួនពោលគឺ មុខងារនិតិកម្ម មុខងារតាមដានការ អនុវត្តច្បាប់និងគោលនយោបាយ និងមុខងារតំណាង។
សម្តេច បានមានប្រសាសន៍ថា ទន្ទឹមនេះ ព្រឹទ្ធសភាក៏ដើរតួនាទីនយោបាយដ៏សំខាន់ក្នុងប្រទេស ដោយសម្របសម្រួល ការងាររវាងរដ្ឋសភានិងរាជរដ្ឋាភិបាល ដើម្បីដោះស្រាយរាល់វិបត្តិនយោបាយដែលអាចកើតមាន ជាយថាហេតុ។ ក្នុងឋានៈជាសហស្ថាបនិកក្នុងការបង្កើតស្ថាប័នព្រឹទ្ធសភានេះឡើង ទូលបង្គំខ្ញុំសូម យកឱកាសដ៏កម្រនេះ រំឭកពីសារៈសំខាន់ផ្នែកនយោបាយនៃការបង្កើតព្រឹទ្ធសភាក្នុងការដោះស្រាយ វិបត្តិនយោបាយ ដែលបានបង្កឱ្យមានការគំរាមកំហែងដ៏ធំមួយដល់ឯកភាព និងស្ថិរភាពជាតិ ក្រោយ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី២។ សុឆន្ទៈរបស់សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម តាមកិច្ចព្រមព្រៀង ថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ១៩៩៨ ក្នុងការទទួលយកការដឹកនាំស្ថាប័ន កំពូលនេះនៅឆ្នាំ១៩៩៩ បានបើកច្រកឱ្យមានដំណោះស្រាយនយោបាយ និងកិច្ចសហប្រតិបត្តិការ រវាង គណបក្សនយោបាយនានាដែលជាប់ឆ្នោត។ ចាប់ពីពេលនោះមក ព្រឹទ្ធសភាបានបំពេញការងារប្រកបដោយវិជ្ជាជីវៈ និងការទទួលខុសត្រូវខ្ពស់ក្នុងការធ្វើជាតំណាង និងការពារផល ប្រយោជន៍របស់ប្រជាជន និងក្នុងការធានាថាសំឡេងរបស់គាត់ត្រូវបានគោរពនៅក្នុងដំណើរការ តាក់តែងច្បាប់ នានា។ តាមរយៈការពិនិត្យយ៉ាងហ្មត់ចត់ និងផ្តល់យោបល់លើសេចក្តីព្រាងច្បាប់ ឬសេចក្តីស្នើច្បាប់នានា ព្រឹទ្ធសភាក៏ផ្តល់នូវការត្រួតពិនិត្យ និងតុល្យភាពនៃអំណាចរដ្ឋ ធានាថា សេចក្តី សម្រេចនានាត្រូវបានធ្វើឡើងដោយឆ្លុះបញ្ចាំងពីគុណតម្លៃ និងបំណងប្រាថ្នារបស់សង្គម ជាតិ និង ប្រជាពលរដ្ឋយើង។

តួនាទីរបស់ព្រឹទ្ធសភា ក៏មានសារៈសំខាន់យ៉ាងខ្លាំងផងដែរ ក្នុងការអភិវឌ្ឍទំនាក់ទំនង អន្តរជាតិ។ ដោយហេតុផលនោះ និងសម្រាប់នីតិកាលនេះ ទូលបង្គំខ្ញុំនឹងយកការលើកកម្ពស់ការទូតសភាជាអាទិភាពមួយក្នុងចំណោមអាទិភាពរបស់ស្ថាប័នយើង។ សព្វថ្ងៃនេះ ពិភពលោកមានភាព ប្រទាក់ក្រឡាគ្នាកាន់តែខ្លាំង ប៉ុន្តែជាមួយគ្នានេះក៏មានការបែកបាក់ ស្មុគស្មាញ និងច្របូកច្របល់ ដោយសារតែការប្រកួតប្រជែងជាយុទ្ធសាស្ត្រកាន់តែខ្លាំងឡើងរវាងមហាអំណាចនានា, សង្គ្រាម និងវិបត្តិជុំវិញពិភពលោក និងការគំរាមកំហែងផ្នែកសន្តិសុខមិនប្រពៃណីដែលមិនធ្លាប់មានពីមុនមក។ នៅក្នុងបរិបទដ៏លំបាក និងគ្រោះថ្នាក់នេះ វាចាំបាច់ណាស់ដែលយើងត្រូវពង្រឹងទំនាក់ទំនង ជាមួយដៃគូអន្តរជាតិរបស់យើង ចូលរួមយ៉ាងសកម្មបន្ថែមទៀតនៅក្នុងវេទិកាអន្តរជាតិនានា និងធ្វើ ការរួមគ្នាដើម្បីដោះស្រាយបញ្ហាប្រឈមជាសកល។ តាមរយៈការជំរុញកិច្ចសន្ទនា និងកិច្ចសហ ប្រតិបត្តិការក្នុងចំណោមសភាក្នុងតំបន់ និងជុំវិញពិភពលោក និងការបំពេញបន្ថែម ពីលើសកម្មភាពដែលដឹកនាំដោយរាជរដ្ឋាភិបាល និងរដ្ឋសភា យើងអាចរួមចំណែកយ៉ាងសំខាន់ ក្នុងការលើកកម្ពស់សន្តិភាព សន្តិសុខ ស្ថិរភាព និងវិបុលភាពសកលលោក។
អាទិភាពចម្បងទីពីរ គឺត្រូវធ្វើការយ៉ាងជិតស្និទ្ធជាមួយអង្គបោះឆ្នោតរបស់យើង ជាពិសេស ជាមួយសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ ដែលតំណាងឱ្យប្រជាពលរដ្ឋនៅមូលដ្ឋាន និងធ្វើការប្រចាំ ថ្ងៃ ជាមួយពួកគាត់នៅថ្នាក់ក្រោមជាតិ។ យើងនឹងបន្តចូលរួមចំណែកដោយអស់ពីសមត្ថភាពដល់ ដំណើរការប្រជាធិបតេយ្យភាវូបនីយកម្ម ការកសាង និងអភិវឌ្ឍន៍ប្រទេសជាតិ, កំណែទម្រង់ វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីលើកកម្ពស់គុណភាព និងប្រសិទ្ធភាពសេវាសាធារណៈ។

ក្នុងស្មារតីនេះ យើងត្រូវលើកកម្ពស់និងការពារយុត្តិធម៌ និងសមធម៌សង្គម, ធានាថា ពលរដ្ឋគ្រប់រូបរស់នៅដោយសេចក្តីថ្លៃថ្នូរ ទទួលបានសិទ្ធិ សេរីភាព ជំនឿទាំងឡាយដែលត្រូវបាន ការពារដោយរដ្ឋធម្មនុញ្ញ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងបន្តថា ក្នុងនាមជាប្រធានព្រឹទ្ធសភា ទូលបង្គំខ្ញុំសូមបញ្ជាក់នូវការប្តេជ្ញាចិត្ត ដើម្បីដឹកនាំស្ថាប័ននេះ ក្នុងការបំពេញតួនាទីនិងភារកិច្ចរបស់ខ្លួន និងក្នុងការចូលរួមជាមួយរដ្ឋសភា និងរាជរដ្ឋាភិបាល ដើម្បីបំពេញអាណត្តិរៀងៗខ្លួនប្រកបដោយការខុសត្រូវខ្ពស់ ក្នុងការបម្រើជាតិ និងប្រជាជន កម្ពុជា។ យើងនឹងការពារយ៉ាងមុតមាំនូវរដ្ឋធម្មនុញ្ញរបបរាជានិយម និងលទ្ធិប្រជាធិបតេយ្យសេរី ពហុបក្ស និងនីតិរដ្ឋ។ យើងនឹងខិតខំប្រឹងប្រែងអស់ពីលទ្ធភាព ដើម្បីធានាឱ្យបាននូវឯកភាពជាតិ និងសាមគ្គី ភាពសង្គមដ៏រឹងមាំ និងការពារឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដី និងសេចក្តីថ្លៃថ្នូរ នៃប្រទេសជាតិយើង។
សម្តេចតេជោ បានថ្លែងអំណរគុណ ចំពោះឯកឧត្តមប្រធានបណ្តោះអាសន្ន ព្រឹទ្ធសភា ដែលបានបំពេញតួនាទីដឹកនាំសម័យប្រជុំដំបូងព្រឹទ្ធសភានីតិកាលទី៥ ប្រកបដោយលទ្ធផលដ៏ត្រចះត្រចង់ ជាប្រវត្តិសាស្ត្រនាពេលនេះ។ សម្តេច ក៏អរគុណចំពោះអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ដែលបានខិតខំធ្វើការយ៉ាងសស្រាក់សស្រាំជាមួយក្រសួងព្រះបរមរាជវាំងនិង ស្ថាប័នពាក់ព័ន្ធនានាក្នុងការត្រៀម និងបានរៀបចំយ៉ាងហ្មត់ចត់នូវពិធីបើកសម័យប្រជុំដំបូង ក្រោមព្រះរាជាអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រ កម្ពុជា។ ទូលព្រះបង្គំខ្ញុំ សូមឆ្លៀតក្នុងឱកាសប្រកបដោយមហានក្ខត្តឫក្សនេះ សូមព្រះបរមរាជានុញ្ញាតសម្តែងនូវកត្តញ្ញូតាធម៌ យ៉ាងជ្រាលជ្រៅបំផុតថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រ កម្ពុជា ដែលព្រះអង្គបានប្រោសព្រះរាជទានកិត្តិយសក្នុងពិធីជាប្រវត្តិសាស្ត្រនេះ ដោយបានថ្លែង ព្រះរាជសុន្ទរកថាដ៏មានអត្ថន័យដ៏ជ្រាលជ្រៅបំផុត និងចំពោះព្រះមហាករុណាទីគុណដ៏ធំធេង របស់ព្រះអង្គ ក្នុងព្រះរាជបេសកកម្មដ៏ឧត្តុង្គឧត្តមថ្លៃថ្លា ប្រកបដោយទសពិធរាជធម៌ និងព្រះ បញ្ញាញាណវាងវៃ ជូនជាតិមាតុភូមិជាទីស្រឡាញ់បំផុតរបស់ព្រះអង្គ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

























































