Saturday, July 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មេទុងទីនរត់គេចខ្លួន ឆបោកលុយប្រមាណ៥០លានដុល្លារ តែសមត្ថកិច្ចអះអាងថា សង្ស័យចំនួនមិនច្រើនដូចបែបនេះទេ

spot_img

ខេត្តកំពង់ចាម : ដោយសារតែបាត់មុខមេតុងទីនបានធ្វើឲ្យបងប្អូនក្រុមអាជីវករលក់ដូរនៅផ្សារស្ពឺ ឃុំស្ពឺ ស្រុកចំការលើ បាននាំគ្នាភ្ញាក់ផ្អើលឆោឡោ នាព្រឹកថ្ងៃទី៣ ខែមេសាឆ្នាំ២០២៤ ព្រោះតែមេ តុងទីនឈ្មោះសាន សុវណ្ណាលីស អាយុ ៣១ឆ្នាំ រួមទាំងនិងប្ដីបានរត់គេចខ្លួន បាត់ចេញពីតូបលក់ដូររបស់ខ្លួនរួមទាំងលុយ ដែលឆបោកពីអាជីវករ និងប្រជាពលរដ្ឋមានរហូតដល់ប្រមាណជាង ៥០លានដុល្លារឯណោះ ធ្វើឱ្យម្នាក់ៗយំមិនចេញ។ ចំណែកសមត្ថកិច្ចវិញ បានអះអាងថា ចំនួនលុយដែលជាប់ចោទឆរបោកនោះ ប្រហែលមិនអាចច្រើនដូចការអះអាងនេះទេ។

អ្នករងគ្រោះមួយរូបបានរៀបរាប់ឲ្យដឹងថា : គាត់លេងតុងទីនជាមួយនឹងមេស្រីរូបនេះ ដោយក្នុងមួយក្បាលត្រូវបង់២០ដុល្លារក្នុងមួយថ្ងៃ។ ដោយចាប់ផ្ដើមលេងតាំងពីខ្សែទីមួយ រហូតដល់ខ្សែទី៥២ គឺលេងបានការប្រាក់ដោយត្រូវបង់តែចំនួន១៧ដុល្លារប៉ុណ្ណោះ ហើយចំនួនថ្ងៃដែលត្រូវលេងមានរហូតដល់៤៨ថ្ងៃ ហើយចំនួនអ្នកដែលលេងតុងទីន នៅស្ពឺនេះមានរហូតដល់រាប់រយនាក់ឯណោះ។

អ្នករងគ្រោះបានបន្តឲ្យដឹងទៀតថា ជាមួយនឹងការលេងតុងទីន គឺតាមបណ្ដាញសង្គម facebook របស់មេតុងទីនឈ្មោះសាន សុវណ្ណាលីសដែលមានអសយដ្ឋាននៅបុរីឈូកវ៉ា២ សង្កាត់គោករការ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ចំពោះគោលការណ៍តុងទីនក្បាល២០ដុល្លារ មានរហូតដល់១៥ ចំណុចក្នុងនោះរួមមាន÷ ១.បង់ប្រាក់ឲ្យបានទៀងទាត់មុនម៉ោង ៦ល្ងាច បើលើសពិន័យមួយក្បាល៥ ដុល្លារ បើមិនបង់លុយពិន័យទេគាត់ទុកពេលកើប , ២.ក្នុងករណីបង់យឺតមេបិទមិនឲ្យដេញ, ៣.ករណីកូនៗលេងតែមួយក្បាលមិនទាន់មានសិទ្ធិដេញភ្លាមៗបានទេ , ៤.ករណីកូនៗលេងចំនួនពីរក្បាលគឺដេញបានមួយ….។

តាមដំណឹងមេតុងទីនរូបនេះ រួមជាមួយនឹងប្ដី បានបាត់ចេញពីស្ពឺ តាំងតែថ្ងៃទី៣១មីនាឆ្នាំ២០២៤ ដោយឮដំណឹងថា ចេញទៅឆេងម៉េង។ ហើយផ្ទះដែលសព្វថ្ងៃនៅជិតផ្សារស្ពឺ គឺជាផ្ទះរបស់ឪពុកម្ដាយមេទុងទីនរូបស្រីនេះបង្កើត។

អ្នករងគ្រោះ លើកឡើងថា ចំពោះបងប្អូនអាជីវករលក់ដូរ រួមទាំងប្រជាពលរដ្ឋដែលលេងតុងទីន មានគ្នាសរុបក្នុងចន្លោះ៣០០ទៅ៥០០នាក់ហើយលុយក្នុងម្នាក់ៗ ដែលចាញ់បោកមានរង្វង់២០០០ដុល្លារ ៣០០០ដុល្លារ អ្នកខ្លះរហូតដល់៥០ម៉ឺនដុល្លារ ក៏មានក្នុងម្នាក់។ សម្រាប់គាត់វិញលេងតុងទីននេះ គឺត្រូវបង់តាមប្រព័ន្ធធនាគារឯកជនខ្លះ លេងតាម facebook។ ចំពោះផែនការដែលមេតុងទីនរៀបចំក្រឡាឆបោកនេះ គឺបានលេចរូបរាងតាំងពីមួយខែមុនម៉្លេះ គឺផ្ទះនៅឯភ្នំពេញ ត្រូវបានគេលក់ដូរពីរកន្លែងមួយទៅកន្លែងមួយទៀត ដើម្បីបង្វែងដានកុំឲ្យបងប្អូនអាជីវករស្គាល់។
មុនពេលមានការភ្ញាក់ផ្អើល មេតុងទីននេះរត់គេចខ្លួន គឺមេតុងទីនរូបស្រីឈ្មោះម៉ាលីស និងប្ដី បានបើករថយន្តចេញពីរាជធានីភ្នំពេញ ពេលយប់ទៀបភ្លឺ លោកមកដល់ផ្សារស្ពឺ ស្រុកចំការលើ ភ្លឺល្មមបើកតូបលក់ថ្នាំពេទ្យធម្មតា តាមអ្វីដែលរូបលោកដឹងការលេងតុងទីន គឺក្នុងរង្វង់មួយទៅពីរឆ្នាំនេះ ហើយក្នុងមួយថ្ងៃបង់២០ដុល្លារ គាត់បានបង់រហូតដល់អស់ថវិកាចំនួន១៧០០០ដុល្លារ។ ជាក់ស្ដែងនៅព្រឹកព្រលឹមថ្ងៃទី៣មេសា ពេលមានការភ្ញាក់ផ្អើលឆោឡោនៅផ្សារស្ពឺ ដឹងថា មេតុងទីនរូបស្រីនេះ រត់គេចខ្លួនធ្វើឲ្យម្នាក់ៗ ស្រឡាំងកាំងមិនដឹងទៅទារលុយពីអ្នកណា ចំណែកផ្ទះវិញ នៅឯភ្នំពេញឯណោះ។ ហើយផ្ទះនៅជិតផ្សារស្ពឺ ស្រុកចំការលើ រាល់ថ្ងៃគឺជាផ្ទះឪពុកម្ដាយបង្កើតរបស់មេតុងទីនេះ។ បន្ទាប់មកបងប្អូនអាជីវករ ត្រូវបានសមត្ថកិច្ចហៅមកដាក់ពាក្យបណ្ដឹង នៅអធិការដ្ឋាននគរបាលស្រុកចំការលើ សម្រាប់រូបលោក គឺចង់បានតែលុយដើមត្រឡប់មកវិញតែប៉ុណ្ណោះ ហ្នឹងសូមឱ្យចាត់ការមេតុងទីនតាមនីតិវិធី។

អាជីវករអ្នករងគ្រោះបានរៀបរាប់ឲ្យដឹងថា គាត់លេងតុងទីនក្នុងមួយក្បាលបង់ ២០ដុល្លារ នៅតូបលក់ថ្នាំពេទ្យរបស់មេតុងទីន ឈ្មោះម៉ាលីស នៅក្នុងបរិវេណផ្សារស្ពឺ ហើយមានពេលខ្លះបង់មួយថ្ងៃ ២០០ដុល្លារក៏មាន។ គាត់បានចាប់ផ្ដើមលេងតុងទីន នៅក្នុងអំឡុងខែតុលាឆ្នាំ ២០២៣ បន្តរហូតមកដល់សព្វថ្ងៃ។

ជាមួយនោះមេទុងទីន ក៏បានបង់លុយឲ្យមកគាត់ ដោយលើកឡើងថាថវិកា នៅក្នុងកុងមានកំណត់ដូច្នេះក្នុងម្នាក់បង់ឲ្យបានខ្លះ២០០០ដុល្លារ ទៅ៣០០០ដុល្លារ រយៈពេល៤ទៅ៥ថ្ងៃក្រោយមក ក៏ស្រាប់តែមានហេតុការណ៍ចលាចលថាមេទុងទីនស្រីរូបនេះ បានរត់គេចខ្លួនបាត់តែម្ដង។
គាត់ក៏បានមកដាក់ពាក្យបណ្ដឹង នៅអធិការដ្ឋាននគរបាលស្រុកចំការលើ ចំពោះថវិការបស់គាត់មានប្រមាណ១២ម៉ឺនដុល្លារ ធ្វើយ៉ាងណាឲ្យបានលុយថ្លៃដើមត្រឡប់មកវិញ រំពឹងថាសមត្ថកិច្ចនិងជួយរកយុត្តិធម៌ជូនដល់ក្រុមជនរងគ្រោះ។

តាមប្រភពចុងក្រោយ គិតមកដល់វេលាជិតម៉ោង៣ រសៀលថ្ងៃទី៣ មេសាឆ្នាំ ២០២៤ អាជីវករដែលបានមកដាក់ពាក្យ នៅអធិការដ្ឋាននគរបាលស្រុកចំការលើ មានចំនួន៥០នាក់នៅឡើយ។ ចំណែកចំនួនតួលេខដែលថា ចាញ់បោកអស់ប្រមាណ៥០លានដុល្លារ នោះអាចមិនមានចំនួនច្រើនដល់ថ្នាក់បែបនេះទេ។ កម្លាំងនគរបាលស្រុក កំពុងតែសហការជាមួយជំនាញព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្ត បើកការស៊ើបអង្កេតនិងស្វែងរកការពិត និងយុត្តិធម៌ជូនភាគីរងគ្រោះ៕ រក្សាសិទ្ធដោយ ៖ ភ្នំប្រុសភ្នំស្រី

spot_img
×