Wednesday, May 8, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចាប់ពីថ្ងៃទី១២មេសានេះតទៅ មានតែក្រុមហ៊ុនចំនួន ២០ ដែលត្រូវបានកំណត់​ថាមានគុណវុឌ្ឍិ អាច​ធ្វើ​ប្រតិបត្តិការនាំចូលមុខទំនិញសាច់​បង្កកបាន នៅតាមត់​ច្រក​ព្រំដែន​ចំនួន ៥

spot_img

ភ្នំពេញ ៖ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៤ ខែមេសា ឆ្នាំ២០២៤ បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយស្តីការកំណត់លក្ខខណ្ឌនានាពាក់ព័ន្ធនឹងការនាំចូលសាច់បង្កក ដែលនឹងចូលជាធរមាននាថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៤ ខាងមុខនេះ ដោយមានការចូលរួមពីក្រុមហ៊ុននាំចូល និង​ជើងសាគយ សរុបចំនួន ៨៦ នាក់ ។

កិច្ចប្រជុំនេះត្រូវបានរៀបចំឡើង ក្នុងគោលបំណងផ្សព្វផ្សាយដល់វិស័យឯកជនពាក់ព័ន្ធ នូវវិធានការមួយចំនួនរបស់រាជរដ្ឋាភិបាលពាក់ព័ន្ធនឹងការកំណត់ក្រុមហ៊ុនមានគុណវុឌ្ឍិ និងការកំណត់មាត់ច្រកសម្រាប់​ការនាំចូល​មុខទំនិញសាច់​បង្កក។ ខ្លឹមសារសំខាន់​នៃការផ្សព្វផ្សាយគឺ ចាប់ពី ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៤ នេះតទៅ មានតែក្រុមហ៊ុនដែលត្រូវបានកំណត់​ថាមានគុណវុឌ្ឍិប៉ុណ្ណោះ ទើបអាច​ធ្វើ​ប្រតិបត្តិការនាំចូលមុខទំនិញសាច់​បង្កកបាន។ ទន្ទឹមនេះ មានតែ​មាត់​ច្រក​ព្រំដែន​ចំនួន ៥ ប៉ុណ្ណោះ ដែល​ត្រូវ​បានអនុញ្ញាតឱ្យនាំចូលសាច់​បង្កក រួមមាន ច្រកទ្វារកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ, ច្រកទ្វារកំពង់ផែអន្តរជាតិរាជធានីភ្នំពេញ, ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត, ច្រកទ្វារព្រំដែនអន្តរជាតិបាវិត, និងច្រកទ្វារព្រំដែនអន្តរជាតិដូង។ ចំពោះការនាំចូលតាមមាត់ច្រកផ្សេងពីនេះ ត្រូវស្នើសុំការអនុញ្ញាតជាមុនពីអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា។

គិតត្រឹមថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤នេះ មានក្រុមហ៊ុនចំនួន ២០ ត្រូវបានទទួលស្គាល់ថាជាក្រុមហ៊ុនមានគុណវុឌ្ឍិក្នុងការនាំចូលមុខទំនិញសាច់​បង្កក។ ទោះជាយ៉ាងណាក៏ដោយ ចំពោះក្រុមហ៊ុន​ផ្សេងទៀតដែលមាន​បំណង​នាំចូល​មុខទំនិញនេះដែរ ត្រូវរៀបចំឃ្លាំងរក្សាសាច់​បង្កករបស់ខ្លួនឱ្យបានសមស្របតាម​លក្ខណៈបច្ចេកទេស និងត្រូវ​រួសរាន់​ស្នើសុំមកអគ្គនាយកដ្ឋានគយនិង​រដ្ឋាករកម្ពុជា ដើម្បីចុះពិនិត្យវាយតម្លៃលើគុណវុឌ្ឍិជាបន្តបន្ទាប់ទៀត។

ទន្ទឹមនេះ តំណាងអគ្គនាយកដ្ឋានគយនិង​រដ្ឋាករកម្ពុជា ក៏បានបញ្ជាក់ថា ការកំណត់គុណវុឌ្ឍិ និងការ​កំណត់​មាត់ច្រកសម្រាប់ការនាំចូលសាច់​បង្កកនេះ គឺជាវិធានការដោយឡែក បន្ថែមលើវិធានការនានាផ្សេងទៀត​ ជាពិសេសពាក់ព័ន្ធនឹង​ប្រព្រឹត្តកម្មហាមឃាត់ ឬជាប់​កម្រិតកំណត់ តាមច្បាប់និងបទប្បញ្ញត្តិជាធរមាន។

កិច្ចប្រជុំនេះបានដំណើរការទៅប្រកបដោយការយកចិត្តទុកដាក់ពីគ្រប់ភាគីពាក់ព័ន្ធ ក្នុងស្មារតីត្រៀមចូលរួមអនុវត្តឱ្យមានប្រសិទ្ធភាពនូវវិធានការទាំងនេះ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

spot_img
×