Wednesday, November 26, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋបាលរាជធានីភ្នំពេញ និង KOICA ចុះហត្ថលេខាលើ «គម្រោងលើកកម្ពស់សេវាសុខាភិបាលសាធារណៈ នៅមន្ទីរពេទ្យបង្អែកដង្កោ រាជធានីភ្នំពេញ »

ភ្នំពេញ ៖ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉ (KOICA)របស់ប្រទេសកូរ៉េ បានសម្រេចផ្តល់ជំនួយលើវិស័យសុខាភិបាលមករាជធានីភ្នំពេញ ដោយជួយកសាងមន្ទីរពេទ្យបង្អែកដង្កោ ដើម្បីលើកកម្ពស់សេវាសុខាភិបាលសាធារណៈជូនប្រជាពលរដ្ឋកម្ពុជា ពិសេសគឺប្រជាពលរដ្ឋនៅខណ្ឌដង្កោតែម្តង។

ពិធីចុះហត្ថលេខាលើកំណត់ហេតុកិច្ចប្រជុំពិភាក្សាស្តីពី «គម្រោងលើកកម្ពស់សេវាសុខាភិបាលសាធារណៈ នៅមន្ទីរពេទ្យបង្អែកដង្កោ រាជធានីភ្នំពេញ »រវាងរដ្ឋបាលរាជធានីភ្នំពេញ និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉ (KOICA)នេះ ត្រូវបានធ្វើឡើងនាព្រឹកថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៤នេះ នៅសាលារាជធានីភ្នំពេញ រវាងលោក នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ និងលោកស្រីYung Yeon SHIN អនុប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉ (KOICA) ក្រោមអធិបតីភាពឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ។

ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា៖ ការសម្រេចឲ្យមានការសាងសង់មន្ទីរពេទ្យបង្អែកដង្កោ ក្រោមការជួយឧបត្ដមពី KOICA គឺជាសក្ខីភាព បង្ហាញពីការយកចិត្តទុកដាក់ពីរដ្ឋភិបាលនិងប្រជាជនកូរ៉េ ក្នុងការរួមចំណែកអភិវឌ្ឍន៍ប្រទេសកម្ពុជាឲ្យរីកចម្រើន ហើយនេះក៏បង្ហាញឲ្យឃើញពីការរិតចំណងសាមគ្គីភាព ទំនាក់ទំនងនៃប្រទេសទាំងពីរ កាន់តែមានភាពរឹងមាំផងដែរ។

ឯកឧត្តម ឃួង ស្រេង បានបន្តទៀតថា៖ ការសម្រេចជ្រើសរើសយកខណ្ឌដង្កោ ដើម្បីសាងសង់មន្ទីរពេទ្យបង្អែកនេះ គឺដោយសាររដ្ឋបាលរាជធានីភ្នំពេញ បានមើលឃើញថា ទីតាំងនេះល្អ មានរោងចក្រ សហគ្រាស កម្មករ និងប្រជាពលរដ្ឋ ប្រមូលផ្តុំគ្នាច្រើននៅទីនេះ ហើយនៅឆ្នាំ២០២៥ខាងមុខនេះ ព្រលានយន្តហោះថ្មីនៅក្បែរទីតាំងនេះក៏នឹងត្រូវបើកដំណើរការផងដែរ ដែលធ្វើឲ្យតំបន់នេះ ពោពេញទៅដោយមនុស្សរស់នៅច្រើន ខណៈដែលខណ្ឌដង្កោនេះមានតែមន្ទីរពេទ្យថ្នាក់ជាតិតែមួយសម្រាប់ព្យាបាលជម្ងឺមហារីក។

លោកស្រីYung Yeon SHIN បានមានប្រសាសន៍លើកឡើងផងដែរថា៖ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉ (KOICA)បានបង្កើតឡើងនៅកម្ពុជាក្នុងឆ្នាំ២០០៣ បានជួយប្រទេសកម្ពុជាបានចំនួន១៣គម្រោងហើយ ដែលមានទឹកប្រាក់ប្រមាណ៨៣លានដុល្លារអាមេរិក ហើយគម្រោងសាងសង់អគារមន្ទីរពេទ្យកុមារជាតិនៅក្នុងឆ្នាំ២០០៥ ក៏ស្ថិតក្នុងគម្រោងនេះផងដែរ។ សម្រាប់ការជួយសាងសង់មន្ទីរពេទ្យបង្អែកដង្កោនេះ គឺជាគម្រោងទី១៤របស់ KOICA ដើម្បីលើកកម្ពស់សេវាសុខាភិបាលសាធារណៈជូនប្រជាពលរដ្ឋកម្ពុជាឲ្យកាន់តែប្រសើរឡើង៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

×