ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ បានស្នើប្រតិភូនិស្សិតកម្មវិធីអាហារូបករណ៍អភិវឌ្ឍន៍ជប៉ុន (JDS) ឆ្នាំសិក្សា ២០១៨-២០២០ ជួយផ្សព្វផ្សាយអំពីសក្តានុពលនៃវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ និងវប្បធម៌របស់កម្ពុជា ទៅដល់និស្សិតបរទេស និងប្រជាជនជប៉ុន ដើម្បីលើកស្ទួយកិត្តិនាមរបស់ព្រះរាជាណាចក្រកម្ពុជា នៅលើឆាកអន្តរជាតិ។
លោករដ្ឋមន្ត្រី បានមានប្រសាសន៍ថា “ក្មួយៗទាំងអស់ ត្រូវចេះផ្សព្វផ្សាយអំពីសមិទ្ធផល និងភាពរីកចម្រើនរបស់ប្រទេសជាតិ ទៅកាន់មជ្ឈដ្ឋានខាងក្រៅ ហើយត្រូវចេះបំផុសឱ្យប្រជាជន និងវិនិយោគិនជប៉ុន ចូលមកទស្សនា និងបណ្តាក់ទុនកាន់តែច្រើន នៅក្នុងប្រទេសយើង។ លើសពីនេះ ត្រូវប្រកាន់ខ្ជាប់នូវអត្តសញ្ញាណជាតិ និងអត្តចរិកថ្លៃថ្នូរ ស័ក្តិសមជាយុវជន និងយុវនារី តំណាងឱ្យព្រះរាជាណាចក្រកម្ពុជា ដើម្បីរឹតចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហការល្អ ជាមួយនិស្សិតជប៉ុន និងនិស្សិតមកពីប្រទេសផ្សេងៗ”។
លោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានលើកសំណើនេះឡើង នាឱកាសជួបសំណេះសំណាល ជាមួយប្រតិភូនិស្សិតអាហារូបករណ៍ជប៉ុន (JDS) ចំនួន ២៤រូប ដែលសុទ្ធសឹងតែជាមន្ត្រីរាជការ មកពីស្ថាប័នជាតិនានាទូទាំងប្រទេសកម្ពុជា នៅទីស្តីការក្រសួងពាណិជ្ជកម្ម កាលពីរសៀលថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៨។
នៅក្នុងឱកាសនោះលោករដ្ឋមន្ត្រី បានសម្តែងការអបអរចំពោះនិស្សិតទាំងអស់ ដែលទទួលបានអាហារូបករណ៍ ពីរាជរដ្ឋាភិបាលជប៉ុន និងបានជម្រាបជូនអំពីសាវតារ នៃការធ្វើសមាហរណកម្មសេដ្ឋកិច្ចរបស់កម្ពុជា ទៅក្នុងតំបន់ និងពិភពលោក។ លោករដ្ឋមន្ត្រី ក៏បានចែករំលែកសមិទ្ធផល ការងារសំខាន់ៗរបស់ក្រសួងពាណិជ្ជកម្ម ដែលបានមកពីការអនុវត្តកម្មវិធីកំណែទម្រង់ និងគោលនយោបាយដ៏មានប្រសិទ្ធភាពជាច្រើន សំដៅលើកកម្ពស់បរិយាកាសធុរកិច្ច និងកិច្ចសម្រួលពាណិជ្ជកម្មនៅកម្ពុជា ជាពិសេសធានាដល់ការលូតលាស់នៃវិស័យឯកជន ដែលក្បាលម៉ាស៊ីនដ៏សំខាន់នៃកំណើនសេដ្ឋកិច្ចជាតិ។
លើសពីនេះ លោករដ្ឋមន្ត្រី ក៏បានជូនពរដល់ប្រតិភូនិស្សិតអាហារូបករណ៍ទាំងអស់ ទទួលបានជោគជ័យក្នុងការសិក្សា និងបានផ្តាំផ្ញើ ឱ្យខិតខំប្រឹងប្រែងសិក្សា ដើម្បីក្រេបជញ្ជក់យកចំណេះវិជ្ជាថ្មីៗ និងបទពិសោធន៍ល្អៗ ពីការសិក្សានៅក្នុងប្រទេសជប៉ុន ដើម្បីវិលត្រឡប់មកចូលរួមកសាង និងអភិវឌ្ឍន៍ប្រទេសកម្ពុជា ជាមួយរាជរដ្ឋាភិបាល នាពេលអនាគត។
សូមជម្រាបថា កម្មវិធីអាហារូបករណ៍អភិវឌ្ឍន៍ជប៉ុន (JDS) គឺជាគម្រោងជំនួយឥតសំណង សម្រាប់ជួយពង្រឹងការអភិវឌ្ឍធនធានមនុស្ស ផ្តួចផ្តើមឡើងដោយរាជរដ្ឋាភិបាលនៃប្រទេសជប៉ុន នៅក្នុងឆ្នាំ ២០០០ ដើម្បីផ្តល់ឱកាសជូនមន្ត្រីរាជការវ័យក្មេងរបស់កម្ពុជា ទៅបន្តការសិក្សាថ្នាក់អនុបណ្ឌិត និងថ្នាក់បណ្ឌិត លើមុខជំនាញផ្សេងៗ នៅតាមសាកលវិទ្យាល័យល្បីៗក្នុងប្រទេសជប៉ុន។ គិតមកដល់ឆ្នាំ ២០១៨នេះ មាននិស្សិតកម្ពុជាចំនួន ៤១៦នាក់ហើយ ដែលបានទទួលអាហារូបករណ៍នេះ៕ ដោយ ៖ កូឡាប