Friday, December 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គ.ជ.ប រៀបចំកម្មវិធីស្មើភាព សម្រាប់ផ្សាយតាមវិទ្យុ-ទូរទស្សន៍ជាតិ និងព្រឹត្តិបត្រ ក្នុងអំឡុងពេលឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៤ ឆ្នាំ២០២៤

រាជធានីភ្នំពេញ ៖ នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានចេញសេចក្តីប្រកាសព័ត៌មាន
កិច្ចប្រជុំជាមួយតំណាងគណបក្សនយោបាយ ស្តីពីការរៀបចំកម្មវិធីស្មើភាព សម្រាប់ផ្សាយតាមវិទ្យុ-ទូរទស្សន៍ជាតិ និងព្រឹត្តិបត្រ ក្នុងអំឡុងពេលឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៤ ឆ្នាំ២០២៤។

នៅព្រឹកថ្ងៃពុធ ទី១០ ខែមេសា ឆ្នាំ២០២៤ គណៈកម្មការសម្របសម្រួលកម្មវិធីផ្សព្វផ្សាយអប់រំ អ្នកបោះឆ្នោត និងកម្មវិធីផ្សព្វផ្សាយគោលនយោបាយ របស់គណបក្សនយោបាយ ហៅកាត់ថា “គណៈកម្មការសម្របសម្រួល” ដឹកនាំដោយឯកឧត្តម ម៉ុក ដារ៉ា អគ្គលេខាធិការរង នៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) និងជាប្រធានគណៈកម្មការសម្របសម្រួល បានជួបប្រជុំជាមួយ តំណាងគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតទាំង ៥ គណបក្សដើម្បីជម្រាបជូនអំពីគោលការណ៍ រៀបចំកម្មវិធីស្មើភាព សម្រាប់ផ្សព្វផ្សាយក្នុងអំឡុងពេលឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា រាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ ហៅកាត់ថា “ក្រុមប្រឹក្សា” អាណត្តិទី៤ ឆ្នាំ២០២៤ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤ ។

កម្មវិធីស្មើភាព ត្រូវចែកចេញជា ៣ ផ្នែក៖ ទី១. កម្មវិធីតុមូល ដែលគ្រប់គណបក្សនយោបាយ ត្រូវធ្វើការបង្ហាញនូវគោលនយោបាយរបស់ខ្លួនតាមប្រធានបទដែលគណៈកម្មការសម្របសម្រួល បានដាក់ជូន ហើយកម្មវិធីនេះត្រូវថតទុកជាមុន និងត្រូវចាក់ផ្សាយតាមវិទ្យុ និងទូរទស្សន៍ជាតិកម្ពុជា។ ទី២. សូតឃោសនារបស់គណបក្សនយោបាយ ដែលត្រូវចាក់ផ្សាយតាមវិទ្យុ និងទូរទស្សន៍ជាតិកម្ពុជា។ ទី៣. អត្ថបទឃោសនារបស់គណបក្សនយោបាយនៅលើព្រឹត្តិបត្រគោលន់យោបាយគណបក្ស ដែល បោះពុម្ពផ្សាយដោយ គ.ជ.ប ចំនួន ២ លេខ។

ឯកឧត្តម ម៉ុក ដារ៉ា បានមានប្រសាសន៍ថា គណបក្សនយោបាយទាំងអស់ទទួលបានឱកាស ដោយស្មើភាព តម្លាភាព និងឥតគិតថ្លៃ ដើម្បីផ្សព្វផ្សាយគោលនយោបាយ និងកម្មវិធីនយោបាយ របស់ខ្លួនទៅដល់អ្នកបោះឆ្នោតដែលជាក្រុមប្រឹក្សាឃុំ សង្កាត់ និងសាធារណជន តាមរយៈកម្មវិធីស្មើភាព ដែលរៀបចំដោយ គ.ជ.ប ។

គណៈកម្មការសម្របសម្រួល ដែលជាគណៈកម្មការបង្កើតឡើងដោយ គ.ជ.ប បានរៀបចំ កិច្ចប្រជុំនេះនៅទីស្តីការ គ.ជ.ប ដោយមានការអញ្ជើញចូលរួមពីតំណាងគណបក្សជាជនកម្ពុជា គណបក្ស ឆន្ទៈខ្មែរ គណបក្ស កម្លាំងជាតិ គណបក្សហ៊្វុនស៊ិនប៉ិច និងគណបក្សខ្មែររួបរួមជាតិ ព្រមទាំងសមាជិកគណៈកម្មការសម្របសម្រួល។ កិច្ចប្រជុំនៅថ្ងៃនេះ ក៏បានរៀបចំការចាប់ឆ្នោតដើមកំណត់ លំដាប់លេខរៀងមុនក្រោយនៃការចុះផ្សាយ និងចាក់ផ្សាយកម្មវិធីនយោបាយរបស់គណបក្ស នយោបាយផងដែរ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

×