Friday, May 31, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចមហាបវរធិបតី ណែនាំឲ្យក្រសួងធនធានទឹករិះរកយន្តការពង្រឹងបន្ថែមលើការរៀបចំប្រព័ន្ធស្ដុកទុកទឹក សម្រាប់ត្រៀមដោះស្រាយបញ្ហានានា ដែលអាចកើតមានជាយថាហេតុ

spot_img

រាជធានីភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារ ក្រសួងធនធានទឹក និងឧតុនិយម, គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងអាជ្ញាធរទន្លេសាបប្រចាំឆ្នាំ២០២៣ និងទិសដៅអនុវត្តឆ្នាំ២០២៤នៅ ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤។

ក្រសួងធនធានទឹក និងឧតុនិយម បំពេញបេសកកម្មជាសេនាធិការឱ្យរាជរដ្ឋាភិបាលកម្ពុជាលើការងារដឹកនាំនិងគ្រប់គ្រងវិស័យធនធានទឹក និងឧតុនិយម រួមបញ្ចូលទាំងការងារ គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងអាជ្ញាធរទន្លេសាប។ ក្រោមការបំពេញការងារប្រកបដោយស្មារតីទទួលខុសត្រូវ និងមនសិការវិជ្ជាជីវៈរបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ព្រមទាំងកិច្ចសហការគាំទ្រផងដែរពីបណ្តាក្រសួងស្ថាប័នពាក់ព័ន្ធ និងដៃគូអភិវឌ្ឍន៍នានា បានការលើកស្ទួយវិស័យធនធានទឹក និងឧតុនិយមនៅកម្ពុជា ឱ្យមានការរីកចម្រើនជាបន្តបន្ទាប់។ ក្នុងនោះដែរ គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា ជាស្ថាប័នជាតិមួយដែលស្ថិតនៅក្រោមការគ្រប់គ្រងផ្ទាល់របស់រាជរដ្ឋាភិបាល មានបេសកកម្មសម្របសម្រួលក្នុងការគ្រប់គ្រង ការការពារ ការអភិរក្សនិងអភិវឌ្ឍន៍ធនធានទឹក និងធនធានពាក់ព័ន្ធដទៃទៀតក្នុងអាងទន្លេមេគង្គ ដែលបេសកកម្មនេះត្រូវបានអនុវត្តតាមរយៈផែនការយុទ្ធសាស្រ្ត។ ទន្ទឹមនោះគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជាបានធ្វើបច្ចុប្បន្នភាពផែនការយុទ្ធសាស្រ្តរបស់ខ្លួនសម្រាប់ឆ្នាំ២០២៤-២០២៨ ដើម្បីចូលរួមគាំទ្រដល់ការអនុវត្តយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា និងយុទ្ធសាស្រ្តអភិវឌ្ឍន៍អាងទន្លេឆ្នាំ២០២១-២០៣០របស់គណៈកម្មការទេន្លេមេគង្គ(MRC) ក្នុងគោលដៅរួមគឺដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព និងជាអាទិភាពគន្លឹះសម្រាប់ទ្រទ្រង់ និងជំរុញកំណើនសេដ្ឋកិច្ច។

អនុសាសន៍របស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត មានដូចខាងក្រោម៖
ទី១. ក្រសួងធនធានទឹក និងឧតុនិយម ត្រូវបន្តពង្រឹងអភិបាលកិច្ចស្ថាប័ន, ដោយកសាងនិងលើកកម្ពស់មូលធនមនុស្ស តាមរយៈការពង្រឹងសមត្ថភាពបច្ចេកទេស, ការប្រើប្រាស់បច្ចេកវិទ្យាទំនើប, ការលើកទឹកចិត្ត និងការពង្រឹង កិច្ចសហប្រតិបត្តិការជាមួយគ្រប់ភាគីពាក់ព័ន្ធ ដើម្បីពង្រឹងការគ្រប់គ្រងធនធាន ទឹកតាមអាងទន្លេ និងអាងស្ទឹង ដោយឈរលើគោលការណ៍គ្រប់គ្រងធនធាន ទឹកចម្រុះ។
ទី២. សម្តេចធិបតី លើកទឹកចិត្តដល់ ក្រសួងធនធានទឹក និងឧតុនិយម ពន្លឿនការ រៀបចំនីតិវិធី និងស្នើសុំអនុម័តអនុក្រឹត្យស្តីពីអាជ្ញាបណ្ណទឹក, អនុក្រឹត្យស្ដីពីគុណភាពទឹក និងបទប្បញ្ញត្តិនានា ដែលចាំបាច់ ដើម្បីអនុវត្តភារកិច្ច និងការទទួលខុស ត្រូវរបស់ក្រសួង។
ទី៣. ក្រសួងធនធានទឹក និងឧតុនិយម ត្រូវបន្តអនុវត្តតួនាទី និងភារកិច្ចរបស់ខ្លួន ដោយ សហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋានគ្រប់រាជធានី-ខេត្ត ក្នុងការទប់ស្កាត់ការកាប់បំផ្លាញព្រៃលិចទឹកក្នុងតំបន់ ៣ នៅជុំវិញបឹងទន្លេសាបនិងជំរុញបញ្ចប់ការធ្វើបច្ចុប្បន្នភាពផែនទីតំបន់ ១តំបន់ ២ និង តំបន់ ៣ នៃ តំបន់ទន្លេសាប និងធ្វើការបោះបង្គោលព្រំ ព្រមទាំងការទប់ស្កាត់រាល់ការទន្ទ្រាន កាន់កាប់ដីក្នុងអាងស្តុកទឹក, ដីព្រៃលិចទឹក, ការចាក់ដី និង ថ្មចូលក្នុងទន្លេ ស្ទឹង និង បឹងបួរ អូរ នៅទូទាំងប្រទេសដើម្បីធានាបាននូវធនធានទឹកគ្រប់គ្រាន់សម្រាប់វិស័យកសិកម្ម និងការប្រើប្រាស់របស់ប្រជាពលរដ្ឋនៅទូទាំងប្រទេស។
សម្តេចធិបតី លើកទឹកចិត្តដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ ឱ្យបន្តខិតខំ អនុវត្តឱ្យបានកាន់តែប្រសើរនូវតួនាទីភារកិច្ចរបស់ខ្លួន ប្រកបដោយការទទួលខុស ត្រូវ មនសិការវិជ្ជាជីវៈ និងការច្នៃប្រតិដ្ឋខ្ពស់ ដើម្បីសម្រេចបានជោគជ័យថ្មីៗ។ សម្តេចធិបតី អំពាវនាវដល់ក្រសួង-ស្ថាប័ន, ដៃគូអភិវឌ្ឍ, អង្គការមិនមែនរដ្ឋាភិបាល, វិស័យឯកជន និងអ្នកពាក់ព័ន្ធ បន្តផ្តល់ការគាំទ្រ និងកិច្ចសហការ ក្នុងភាពជាដៃគូ ពិតប្រាកដដល់ ក្រសួងធនធានទឹក និងឧតុនិយម និងស្ថាប័នក្រោមឱវាទ ក្នុងការ បំពេញបេសកកម្មរបស់ខ្លួន ឱ្យបានកាន់តែប្រសើរឡើងទៀត និងបន្តរៀបចំទំនើបកម្មស្ថាប័នរបស់ខ្លួន និងបង្កើតវប្បធម៌គុណាធិបតេយ្យក្នុងស្ថាប័ន ដើម្បីចូលរួមកសាងជាតិមាតុភូមិសម្រាប់កូនចៅជំនាន់ក្រោយ។

ទី៤. ក្រសួងធនធានទឹក និងឧតុនិយម និងស្ថាប័នក្រោមឱវាទ ត្រូវបន្តអនុវត្តតួនាទី និងភារកិច្ចរបស់ខ្លួន ដោយសហការជិតស្និទ្ធជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ និង អាជ្ញាធរមូលដ្ឋានគ្រប់រាជធានី-ខេត្ត ក្នុងអភិក្រម “ជីវភាពនៃប្រព័ន្ធតួអង្គតែមួយ” ដើម្បីទប់ស្កាត់ និងកាត់បន្ថយគ្រោះមហន្តរាយបង្កឡើងដោយធម្មជាតិ, ដូចជាទឹកជំនន់ និងគ្រោះរាំងស្ងួត តាមរយៈការកសាងហេដ្ឋារចនាសម្ព័ន្ធ ការងារទឹកប្រកបដោយគុណភាព និងការពង្រឹងប្រសិទ្ធភាពព្យាករទឹកជំនន់ និងអាកាសធាតុ។

ទី៥. ក្រសួងធនធានទឹក និងឧតុនិយម ត្រូវបន្តពង្រីកសក្តានុពលប្រភពផ្គត់ផ្គង់ ទឹកតាមរយៈការកសាងទំនប់អាងស្តុកទឹក និងប្រព័ន្ធចែកចាយទឹកប្រកបដោយ គុណភាព និងជឿទុកចិត្តបាន ដោយផ្អែកលើការសិក្សាប្រកបដោយលក្ខណៈ វិទ្យាសាស្ត្រ ដោយធានាបាននូវការផ្គត់ផ្គង់ទឹកគ្រប់គ្រាន់ដល់ការប្រើប្រាស់ទឹក ស្អាតប្រចាំថ្ងៃ និងសម្រាប់បម្រើឱ្យផលិតកម្មលើគ្រប់វិស័យ ក៏ដូចជាជួយដល់ការ កាត់បន្ថយគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួត។
ទី៦. គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា ត្រូវបន្តពង្រឹងកិច្ចសហការឱ្យបានកាន់ត មានប្រសិទ្ធភាពជាមួយក្រសួង-ស្ថាប័ន ព្រមទាំងជាមួយប្រទេសជាសមាជិកគណៈកម្មការទន្លេមេគង្គ, ដៃគូសន្ទនា និងដៃគូអភិវឌ្ឍ ដើម្បីសម្រេចឱ្យបានការអភិវឌ្ឍ ប្រកបដោយចីរភាពធនធានទឹក និងធនធានពាក់ព័ន្ធដទៃទៀតក្នុងអាងទន្លេមេគង្គ។
ទី៧. សម្តេចធិបតី លើកទឹកចិត្តឱ្យ ក្រសួងធនធានទឹក និងឧតុនិយម បន្តកិច្ចសហការ ជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អំពីលទ្ធភាពថវិកាសម្រាប់ការកសាង និង ការជួសជុលថែទាំសំណង់ការងារទឹក និងជាមួយដៃគូអភិវឌ្ឍ និងស្ថាប័នផ្តល់ ជំនួយនានា ដើម្បីកៀរគរថវិកាសម្រាប់គាំទ្រដល់ការគ្រប់គ្រង, ការអភិរក្ស និងការ អភិវឌ្ឍធនធានទឹកនៅកម្ពុជា។

ទី៨. បន្ថែមលើសមិទ្ធផលហេដ្ឋារចនាសម្ព័ន្ធក្នុងការកសាងប្រព័ន្ធធនធានទឹក (Hard Infrastructure), ក្រសួងធនធានទឹក និងឧតុនិយម ត្រូវបង្កើនការយកចិត្តទុកដាក់ បន្ថែមលើការពង្រឹងជំនាញទន់ (Soft Skills) និងការកសាងសមត្ថភាពក្នុងការព្យាករអាកាសធាតុ ប្រមូលចងក្រងឯកសារ ទិន្នន័យឧតុនិយម និង ជលសាស្ត្រ បម្រើដល់វិស័យនានា ឱ្យកាន់តែមានភាពសុក្រឹតបន្ថែមទៀត។
ទី៩. តាមការព្រមានជាមុនរបស់អង្គការសហប្រជាជាតិ នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ ២០២៣ កន្លងទៅ, ចាប់ពីឆ្នាំ២០២៣ ដល់ឆ្នាំ២០២៧ សីតុណ្ហភាពនៅលើភពផែនដីនឹងឡើងក្តៅខ្លាំងបំផុតដែលពុំធ្លាប់ជួបប្រទះពីមុនមក ដែលជាលទ្ធផលន បន្សំបាតុភូតពីរ គឺឥទ្ធិពលឧស្ម័នផ្ទះកញ្ចក់ និងបាតុភូតឧតុនិយមអែលនីណូ (EI- Nino), ដែលការណ៍នេះ នឹងអាចធ្វើឱ្យមានភ្លៀងព្យុះ, គ្រោះរាំងស្ងួតចម្លែក, ប្តូរទម្លាប់អាកាសធាតុ ដែលកន្លែងខ្លះមានភ្លៀងច្រើនពេក និងកន្លែងខ្លះកាន់តែរាំងស្ងួតខ្លាំង ជាដើម។ ក្នុងស្មារតីនេះ, ត្រូវសហការ និងគិតគូរទុកជាមុនប្រកបដោយស្មារតីបុរេសកម្ម ក្នុងការរិះរកយន្តការពង្រឹងបន្ថែមលើការរៀបចំប្រព័ន្ធស្ដុកទុកទឹក សម្រាប់ត្រៀមដោះស្រាយបញ្ហានានា ដែលអាចកើតមានជាយថាហេតុ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

spot_img
×