Thursday, May 2, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា ពិភាក្សាអំពីការលើកកម្ពស់ ភាពជាដៃគូអាស៊ាន-ចិន ជាមួយឯកអគ្គរដ្ឋទូតចិន ប្រចាំអាស៊ាន

spot_img

ភ្នំពេញ ៖ បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤ បានឲ្យដឹងថា ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការ អន្តរជាតិ បានទទួលជួបពិភាក្សាការងារជាមួយលោកជំទាវ HOU Yanqi ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋ ប្រជាមានិតចិន ប្រចាំអាស៊ាន។
ក្នុងឱកាសដែលលោកជំទាវឯកអគ្គរដ្ឋទូត ចូលជួបសម្តែងការគួរសម នៅទីស្ដីការក្រសួង នៅថ្ងៃ៨ ខែមេសា ឆ្នាំ២០២៤ភាគីទាំងពីរបានកោតសរសើរចំពោះសន្ទុះដ៏ល្អនៃទំនាក់ទំនងអាស៊ាន -ចិន ហើយបានរំលឹកឡើងវិញនូវសេចក្តីសម្រេចនានារបស់ថ្នាក់ដឹកនាំ ស្តីពីការបង្កើតភាពជាដៃគូ យុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយអាស៊ាន-ចិន កាលពីឆ្នាំ២០២១ ប្រកបដោយអត្ថន័យ ខ្លឹមសារ និងផ្តល់ ប្រយោជន៍ទៅវិញទៅមក។ ភាគីទាំងពីរ បានស្វាគមន៍ឆ្នាំ២០២៤ ដែលត្រូវបានកំណត់យកជា «ឆ្នាំនៃការផ្លាស់ប្ដូរប្រជាជន និងប្រជាជនរវាងអាស៊ាន-ចិន» ហើយទន្ទឹងរង់ចាំនូវការអនុវត្តសកម្មភាព និងគម្រោងនានាប្រកបដោយជោគជ័យ ដើម្បីពង្រីក និងធ្វើឱ្យកាន់តែទូលំទូលាយនូវទំនាក់ទំនង ព្រមទាំងជំរុញការប្រាស្រ័យទាក់ទងគ្នារវាងអាស៊ាន និងចិន។

ឯកឧត្ដមឧបនាយករដ្ឋមន្ដ្រី បានគូសបញ្ជាក់អំពីសារសំខាន់នៃមាគ៌ាអាស៊ាន (ASEAN Way) ការពិគ្រោះយោបល់ និងការសម្រេចចិត្តផ្អែកលើកុងសង់ស៊ុសដែលមានចែងក្នុងធម្មនុញ្ញ អាស៊ាន ដោយសង្កត់ធ្ងន់លើលក្ខណៈពិសេសតែមួយរបស់អាស៊ាន និងការរក្សាបាននូវមជ្ឈភាព និងឯកភាពអាស៊ាននៅក្នុងទំនាក់ទំនងអាស៊ានជាមួយដៃគូរបស់ខ្លួន។ ឯកឧត្តមឧបនាយករដ្ឋមន្តី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រទេសចិន សម្រាប់ការគាំទ្រយ៉ាងមុតមាំចំពោះកិច្ចខិតខំ ប្រឹងប្រែងក្នុងការកសាងសហគមន៍អាស៊ាន។

លោកជំទាវឯកអគ្គរដ្ឋទូត បានកោតសរសើរចំពោះតួនាទីយ៉ាងសកម្មរបស់កម្ពុជាក្នុងកិច្ច ខិតខំប្រឹងប្រែងកសាងសហគមន៍អាស៊ាន និងបានទទួលស្គាល់ពីសារសំខាន់របស់អាស៊ានក្នុងការ រក្សាសន្តិភាព សន្តិសុខ ស្ថិរភាព និងលើកកម្ពស់កំណើននៅក្នុងតំបន់ និងបានអះអាងជាថ្មីម្តងទៀត ពីការគាំទ្រ និងការគោរពយ៉ាងម៉ឺងម៉ាត់របស់ប្រទេសចិនចំពោះមជ្ឈភាព និងឯកភាពអាស៊ាន។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះការរួមចំណែកយ៉ាងសំខាន់នៃគំនិត ផ្តួចផ្តើម ការអភិវឌ្ឍសកល (Global Development Initiative-GDI) របស់ប្រទេសចិន ក៏ដូចជា គំនិតផ្ដួចផ្ដើមខ្សែក្រវាត់និងផ្លូវ (BRI) ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា ក្នុងរយៈពេល ប៉ុន្មានឆ្នាំកន្លងមកនេះ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានផ្តោតសំខាន់លើកិច្ចសហប្រតិបត្តិការ ត្បូងពេជ្រកម្ពុជា-ចិន ជាពិសេសកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម ថាមពល និងការផ្លាស់ប្ដូរ ប្រជាជន និងប្រជាជន។ ឯកឧត្តម ឧបនាយករដ្ឋមន្ដ្រី បានវាយតម្លៃខ្ពស់ចំពោះការបន្តការគាំទ របស់ប្រទេសចិនសម្រាប់ការអភិវឌ្ឍនៅកម្ពុជា។

លោកជំទាវឯកអគ្គរដ្ឋទូត បានគូសបញ្ជាក់ពីការប្ដេជ្ញាចិត្តយ៉ាងខ្លាំងរបស់ចិនចំពោះកិច្ចសហប្រតិបត្តិការប្រកបដោយគុណភាព ជាមួយកម្ពុជាក្រោម ក្របខ័ណ្ឌគំនិតផ្តួចផ្ដើមខ្សែក្រវាត់និងផ្លូវ (BRI)។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងលោកជំទាវឯកអគ្គរដ្ឋទូត ក៏បានផ្លាស់ប្តូរយោបល់លើ បញ្ហាតំបន់ និងអន្តរជាតិដែលជាផលប្រយោជន៍ និងក្តីបារម្ភរួម រួមទាំងកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ផងដែរ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

spot_img
×