Saturday, November 9, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

៣ទស្សវត្សចុងក្រោយនេះ វិស័យធនាគារនៅកម្ពុជា បានផ្លាស់ប្តូរ និងអភិវឌ្ឍន៍គួរឱ្យកត់សម្គាល់

ភ្នំពេញ៖ លោក រ័ត្ន សោភ័ណ ប្រធានសមាគមធនាគារនៅកម្ពុជា បានលើកឡើងថា ក្នុងរយៈពេល ៣ទស្សវត្សចុងក្រោយនេះ វិស័យធនាគារនៅកម្ពុជាបានផ្លាស់ប្តូរ និងអភិវឌ្ឍន៍គួរឱ្យកត់សម្គាល់ ឈានទៅរករបត់នៃកំណើនមួយប្រកដោយភាពរឹងមាំ ភាពធន់ និងនិរន្តរភាព។ សក្ខីភាពនេះ បានបញ្ជាក់ឱ្យឃើញថា វិស័យធនាគារ និងហិរញ្ញវត្ថុ បាននឹងកំពុងចូលរួមចំណែកក្នុងការសម្រេចបាននូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ក្នុងការប្រែក្លាយប្រទេសកម្ពុជាទៅជាប្រទេសអភិវឌ្ឍន៍នៅឆ្នាំ២០៥០។ វិស័យធនាគារ គឺជាវិស័យមួយដែលអនុលោមយ៉ាងខ្ជាប់ខ្ជួន តាមច្បាប់ និងបទប្បញ្ញត្តិជាធរមាននៅក្នុងព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាក្រិតក្រមរបាយការណ៍ហិរញ្ញវត្ថុ កំរិតថ្នាក់ជាតិ និងអន្តរជាតិ និងជាវិស័យដ៏ចម្បងមួយដែលបានចូលរួមចំណែកបង់ពន្ធជូនរដ្ឋយ៉ាងខ្ជាប់ខ្ជួន។

លោក រ័ត្ន សោភ័ណ បន្តថា គិតត្រឹមឆ្នាំ២០២៣ ទ្រព្យសកម្មក្នុងប្រព័ន្ធធនាគារមានទំហំ ៨៤,៣ប៊ីលានដុល្លារអាមេរិក ឬជាង ២៦៥% នៃផលិតផលក្នុងស្រុកសរុប (GDP) ខណៈឥណទានអតិថិជនកើនដល់ ៥៧,៦ប៊ីលានដុល្លារអាម៉េរិក ឬជាង ១៨០% នៃផលិតផលិតផលក្នុងស្រុកសរុប ដែលមានប្រជាជនប្រើប្រាស់ប្រមាណជា ៣,៨លានគណនី។ រីឯប្រាក់បញ្ញើបានកើនឡើងដល់ ៤៧,៩ ប៊ីលានដុល្លារអាម៉េរិក ដែលមានប្រមាណជា ១៨,៦លានគណនី។ 

លោក បានគូសបញ្ជាក់ថា នៅឆ្នាំ១៩៩៤ សមាគមធនាគារនៅកម្ពុជា ត្រូវបានបង្កើតឡើង ដោយមានការគាំទ្រពីធនាគារជាតិនៃកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជា និងគ្រឹះស្ថានធនាគារជាង១០ ក្នុងគោលបំណងចម្បង គឺរួមកម្លាំងដោះស្រាយបញ្ហារួម ការអភិវឌ្ឍ ការការពារផលប្រយោជន៍រួម សម្រាប់វិស័យធនាគារទាំងមូល។ នៅក្នុងចន្លោះឆ្នាំ១៩៩៤-២០០៤ យើងបានជួបកត្តាប្រឈមជាច្រើនទាំងក្នុងស្រុក និងនៅក្នុងតំបន់ដូចជា វិបត្តិសេដ្ឋកិច្ចនៅអាស៊ី ក្នុងឆ្នាំ១៩៩៧។ បញ្ហាប្រឈមក្នុងស្រុក គឺប្រជាជនភាគច្រើននៅមិនទាន់ស្គាល់ មិនទាន់ទុកចិត្ត និងមិនទាន់ ប្រើប្រាស់សេវាធនាគារនៅឡើយ។ ធនាគារនីមួយៗនៅតូច និងខ្វះធនធានបុគ្គលិក។ នៅក្នុងឆ្នាំ១៩៩៤ មានគ្រឹះស្ថានធនាគារប្រមាណ ១០ប៉ុណ្ណោះ និងបានកើនឡើងប្រមាណ ១៨គ្រឹះស្ថានគិតត្រឹមឆ្នាំ ២០០៤។

ចាប់ពីឆ្នាំ២០០៤-២០១៤ មុខព្រួញចម្បងរបស់ប្រព័ន្ធហិរញ្ញវត្ថុ គឺធ្វើឱ្យប្រសើរឡើងនូវការប្រើប្រាស់សេវាហិរញ្ញវត្ថុជនបទ ការជំរុញការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម និងដំណើរឆ្ពោះទៅរកសេវាហិរញ្ញវត្ថុផ្លូវការ។ ប្រកាសស្តីពីការចែករំលែកព័ត៌មានឥណទានត្រូវបានរៀបចំឡើង និងប្រកាសដាក់ឱ្យប្រើប្រាស់។

គួរបញ្ជាក់ថា មុខងាររបស់សមាគមធនាគារ ក៏នៅមានកម្រិត ទាំងនោះជាបញ្ហាប្រឈមក្នុងការជួយគាំទ្រសមាជិកធនាគារ និងចូលរួមពង្រឹងប្រព័ន្ធធនាគារឲ្យបានរឹងមាំ។ ជាងនេះទៅទៀត ប្រតិបត្តិការប្រព័ន្ធធនាគារនាពេលនោះ ធ្វើឡើងតែក្នុងរង្វង់គ្រឹះស្ថានខ្លួនឯង និងមិនមានប្រព័ន្ធចែករំលែកព័ត៌មានឥណទានក្នុងវិស័យទាំងមូល ដោយមានការខ្វះខាតនូវព័ត៌មានជាច្រើន ដែលជាហេតុនាំឱ្យមានការលំបាក ក្នុងការវាយតម្លៃពីសុខមាលភាពនៃវិស័យ ធនាគារ និងហិរញ្ញវត្ថុ៕

×