ខេត្តកំពង់ចាម: ក្នុងឱកាសមុនបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរសម្ដេចបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានផ្ដល់អំពូលសូឡាចំនួន១០០០ដើមស្មើនឹង ៦ម៉ឺនដុល្លារ សម្រាប់បំពាក់តាមដងផ្លូវនានាទាំង១៥ភូមិ នៅក្នុងឃុំកោះសូទិនស្រុកកោះសូទិន តាមរយៈក្រុមការងារគណបក្សប្រជាជនកម្ពុជា ហើយពិធីប្រគល់ទទួលនេះបានធ្វើឡើងនាព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៤ ដោយធ្វើឡើងនៅក្នុងបរិវេណវត្តត្នោត ក្នុងឃុំកោះសូទិន មួយនោះក៏មានការចូលរួមធ្វើជាសាក្សីពីសំណាក់ប្រជាពលរដ្ឋប្រមាណ៥០០នាក់ផងដែរ។
ឯកឧត្តមហែម សុវត្ថិ ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានកោះសូទិនមានប្រសាសន៍ដែលលើកឡើងថា
ភ្លើងអគ្គិសនីគឺជាអាទិភាពនៃពន្លឺមួយក្នុងអាទិភាពទាំង៥ ដែលក្នុងនោះរួមមានផ្លូវ មនុស្ស ទឹក ភ្លើងនិងបច្ចេកវិទ្យា ដើម្បីអភិវឌ្ឍន៍ជូនដល់ប្រជាជន។ដោយមើលឃើញពីការលំបាកនាពេលយប់ ដងផ្លូវនានាក្នុងឃុំកោះសូទិនគឺក្រុមការងារគណបក្សប្រជាជនកម្ពុជា បានសម្រេចឧបត្ថម្ភបំពាក់អំពូលសូឡា ដើម្បីងាយស្រួលក្នុងការធ្វើដំណើរ។ កត្តានេះបានរួមចំណែកកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍តាមដងផ្លូវ និងចោរកម្មផ្សេងៗទៀតផង។ ការបំពាក់អំពូលសូឡាជូនដល់បងប្អូនប្រជាពលរដ្ឋ គឺមានអត្ថប្រយោជន៍ជាច្រើនសម្រាប់ធ្វើដំណើរពេលរាត្រីនិងពេលយប់ទៀបភ្លឺជាដើម។
ចំពោះអំពូលសូឡាដែលត្រូវឧបត្ថម្ភទាំងអស់សរុបមានចំនួន១០០០ដើម ដែលមានទឹកប្រាក់ស្មើនឹង៦ម៉ឺនដុល្លារគឺជាអំណោយដ៏ថ្លៃថ្លា របស់សម្ដេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
ប្រធានក្រុមការងារចុះជួយមូលដ្ឋានឃុំកោះសូទិន បានលើកឡើងបន្តថា
នេះជាលើកទីពីរហើយដែលរូបលោកមានវត្តមានចុះជួបជាមួយ នឹងបងប្អូនប្រជាពលរដ្ឋ។ ជាមួយនោះរូបលោកក៏បានចាប់ឱ្យសហការីក្រុមការងារចុះជួបមេភូមិទាំង១៥ភូមិ ក្នុងឃុំកោះសូទិនដើម្បីឲ្យដឹងពីតម្រូវការរបស់បងប្អូនប្រជាពលរដ្ឋនិងកត្តាជីវភាពផងដែរ។ តាមការសង្កេតដោយផ្ទាល់ផ្លូវបេតុងនៅក្នុងឃុំកោះសូទិន។ មើលទៅរាងតូចដូច្នេះពេលដែលបានអំពូលសូឡាបំភ្លឺ នៅពេលយប់ដូច្នេះធ្វើឲ្យបងប្អូនងាយស្រួលក្នុងការធ្វើដំណើរ ហ្នឹងបានរួមចំណែកកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ បានមួយកម្រិតធំបន្ថែមទៀត។
ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខាងមុខ។ សូមបងប្អូនមេត្តាពិសាសុរាដោយការគិតពិចារណាធ្វើយ៉ាងណាអាចគ្រប់គ្រងអារម្មណ៍បាន កុំស្រវឹងពេលបើកបរហើយនឹងត្រូវប្រុងប្រយ័ត្នកុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍ ឬអគ្គីភ័យកើតឡើងក្នុងរដូវប្រាំង។
ឯកឧត្តមអ៊ុន ចាន់ដា អភិបាលខេត្តមមានប្រសាសន៍ឲ្យដឹងដែរថា ការផ្ដល់អំណោយដ៏ថ្លៃថ្លាពីសំណាក់សម្ដេចបវរអធិបតី បានធ្វើឲ្យបងប្អូនលោកតាលោកយាយនៅក្នុងឃុំកោះសូទិនមិនថាក្មេងឬចាស់ គឺមានភាពសប្បាយរីករាយគ្រប់ៗគ្នា អំពូលសូឡាទាំងនេះគឺត្រូវបានផ្ដល់ឱ្យស្មើភាពគ្នាទាំង១៥ភូមិតែម្ដង។ ដើម្បីបង្កភាពងាយស្រួលក្នុងការធ្វើដំណើរ។ មិនថាយប់ឬថ្ងៃក្នុងនោះក៏មានអំពូលសម្រាប់បម្រុងដាក់នៅតំបន់ណាដែលខ្វះខាតផងដែរ។
ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់លើជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ ដូចជាតំបន់នេះដែលខ្វះខាតភ្លើងអគ្គិសនីបំភ្លឺតាមដងផ្លូវ គឺក្រុមការងារបានសម្រេចផ្ដល់អំពូលសូឡាសម្រាប់ដាក់បំភ្លឺតាមដងផ្លូវ ឲ្យបានកាន់តែច្រើនឡើងបន្ថែមទៀត។ ក្នុងរយៈពេល៥០០០ឆ្នាំមកហើយដែលប្រទេសកម្ពុជា បានឆ្លងកាត់នៅភ្លើងសង្គ្រាមពីសម័យកាលមួយទៅសម័យកាលមួយធ្វើឲ្យប្រជាពលរដ្ឋមានការលំបាក។ទើបតែមកដល់សព្វថ្ងៃក្រោមការដឹកនាំសម្ដេចតេជោ អតីតនាយករដ្ឋមន្ត្រី បានដឹកនាំប្រទេសប្រកបដោយភាពឈ្លាសវៃក្រោមនយោបាយឈ្នះឈ្នះ! បាននាំមកនូវសុខសន្តិភាពពាសពេញប្រទេស។ ដូច្នេះយើងទាំងអស់គ្នាត្រូវតែបន្តថែរក្សាមូលដ្ឋានគ្រឹះនៃសុខសន្តិភាពនេះឲ្យបានយូរអង្វែងទៅអនាគត។ ហើយសូមសរសើរអាជ្ញាធរឃុំកោះសូទិនដែលបានប្រឹងប្រែងអភិវឌ្ឍន៍ផ្លូវដី ទៅជាផ្លូវបេតុងខ្វាត់ខ្វែងតាមបណ្ដាភូមិនានាដែលមានប្រវែងជាង៤៣គីឡូម៉ែត្រ ធ្វើឲ្យបងប្អូនងាយស្រួលដឹកកសិផលមកកាន់ទីផ្សារកាន់តែរហ័សទាន់ចិត្តនិងចំណេញពេលវេលា។ ជាមួយនោះសូមក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលប្រព្រឹត្តទៅនៅស្អែកនេះសូមមេត្តាកុំនាំគ្នាលេងបៀរ បញ្ចូលមាន់ដោយខុសច្បាប់បើពុំនោះទេ សមត្ថកិច្ចចាប់បាននិងអនុវត្តតាមនីតិវិធីច្បាប់។
សូមកោតសរសើរដល់តំបន់រមណីយដ្ឋានឆ្នេរខ្សាច់កោះប៉ែន នៅថ្ងៃទី១១ មេសាឆ្នាំ២០២៤ មានមនុស្សម្នាមកលេងកម្សាន្តច្រើនកុះកររហូតដល់ស្ទះចរាចរណ៍ តែត្រូវបានកម្លាំងសមត្ថកិច្ចជួយសម្រួល តាមការកត់សម្គាល់អ្នកដែលមកលេងច្រើនជាបងប្អូនខ្មែរស្លាមក្នុងបុណ្យរ៉ាម៉ាដន។ ចប់ពីនេះទៅឈានចូលដល់ឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលបន្សល់ទុកពីដូនតាមកដល់សព្វថ្ងៃដូច្នេះ យើងត្រូវតែរួមគ្នាថែរក្សានិងអភិរក្សវប្បធម៌នេះ ឲ្យនៅបានគង់វង្សយូរអង្វែងតទៅមុខទៀត៕ រក្សាសិទ្ធដោយ ៖ ភ្នំប្រុសភ្នំស្រី